
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ រូបថត រដ្ឋបាលខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនដល់ប្រជាពលរដ្ឋនៅគ្រប់រោងចក្រសហគ្រាស និងអ្នកនៅទីប្រជុំជន ចាប់ពីថ្ងៃទី ២២ ខែមិថុនាតទៅ។ នេះបើតាមការអះអាងរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ១៩ ខែមិថុនានេះ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី ១៩ ខែមិថុនានេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង លើកឡើងថា ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងពេលខាងមុខនេះ មានការចូលរួមពីពេទ្យទាហានចំនួន ៤០០ នាក់។ លោកថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងនៅតាមគោលដៅទាំង ៨ ក្រុងស្រុក ប៉ុន្តែក្នុងនោះក៏មានការបែងចែកទីតាំងជាច្រើនកន្លែងបន្ថែមទៀត សម្រាប់ធ្វើការចាក់ផងដែរ។
លោកថ្លែងថា៖ «តាមគោលការណ៍របស់យើងគឺ យើងធ្វើទៅលើអ្នកដែលគាត់ប្រឈមខ្លាំងមុនគេ ហើយនៅថ្ងៃទី ២២ ខែមិថុនានេះ យើងប្រើទ្រង់ទ្រាយធំទៅគ្រប់រោងចក្រសហគ្រាសទាំងអស់ គឺត្រូវចាក់ថ្ងៃ ២២ ហ្នឹង។ យ៉ាងណាយើងក៏បានចាក់បណ្តើរៗហើយដែរ មានតាំងពីមន្ត្រីរាជការ អ្នកជាប់ពន្ធនាគារ រោងចក្រសហគ្រាសខ្លះក៏បានចាក់ដែរ គ្រាន់តែយើងអត់ប្រាប់ ព្រោះវ៉ាក់សាំងមានកំណត់ ហើយយើងចាក់ទីណាដែលប្រឈមមុន»។
បើតាមលោក វ៉ី សំណាង ខេត្តកំពង់ស្ពឺទទួលបានវ៉ាក់សាំងចំនួន ៥៥ ម៉ឺនដូស សម្រាប់ចាក់ជូនអ្នកដែលមានការប្រឈមនឹងជំងឺកូវីដ ១៩។ លោកបញ្ជាក់ថា៖ «ចំនួន ៥៥ ម៉ឺនដូសហ្នឹង យើងកាច់ជា ២ សិន ពាក់កណ្តាលយើងចាក់ជូនទៅកម្មកររោងចក្រ សហគ្រាស ហើយក្រៅពីនោះយើងបុកទៅចាក់នៅទីប្រជុំជនទាំងអស់»។
ចំណែកនៅខេត្តតាកែវវិញ កំពុងធ្វើការចាក់វ៉ាក់សាំងនៅគោលដៅដែលមានការប្រឈមចំនួន ៣ ស្រុក គឺស្រុកបាទី ស្រុកសំរោងទង និងស្រុកត្រាំកក់។ នេះបើតាមការបញ្ជាក់របស់លោក មាស អ៊ុយ នាយករដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី ១៩ ខែមិថុនានេះ។
បើតាមលោក មាស អ៊ុយ នៅស្រុកបាទី និងស្រុកសំរោងទង ពេទ្យទាហានជាអ្នកចាក់ ចំណែកនៅស្រុកត្រាំកក់ គឺមន្ត្រីសុខាភិបាលរបស់ខេត្តជាអ្នកចាក់វ៉ាក់សាំង។
លោកថ្លែងថា៖ «សម្រាប់ខេត្តតាកែវ យើងចាប់ផ្តើមចាក់តាំងពីថ្ងៃអាទិត្យមុន ប៉ុន្តែខ្ញុំមិនបានចាំថ្ងៃច្បាស់ទេ។ ហើយយើងក៏បានចាក់រួចរាល់ហើយដែរ ចំពោះមន្ត្រីរាជការ ខាងពន្ធនាគារអីផ្សេងៗហ្នឹង ចំណែកជំហាននេះ គឺយើងចាក់ជូនពលករ និងប្រជាពលរដ្ឋនៅស្រុកដែលផ្ទុះកូវីដច្រើន»។
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងកំពុងចាក់វ៉ាក់សាំងដូសទី២ ដំណាក់កាលទី២ ខណៈដំណាក់កាលទី១ បានបញ្ចប់ដោយជោគជ័យ។ លោកប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងប្រាប់ថា មាន ៣ ដំណាក់កាល ក្នុងការចាក់វ៉ាក់សាំងនៅខេត្តស្វាយរៀង ក្នុងនោះដំណាក់កាលទី១ គឺចាក់ជូនទៅដល់ មន្ត្រីសុខាភិបាល មន្ត្រីពន្ធដារ និងអ្នកនៅក្រុមជួរមុខដែលប្រឈមនឹងជំងឺកូវីដ ១៩។
ចំណែកដំណាក់កាលទី២ គឺចាក់ជូនក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលក្រុង-ស្រុក និងឃុំ-សង្កាត់។ រីឯដំណាក់កាលទី៣ គឺសម្រាប់ចាក់ជូនដល់ប្រជាពលរដ្ឋនៅទីតាំង ៣ ក្រុង-ស្រុក គឺក្រុងបាវិត ស្រុកកំពង់រោទ៍ និងស្រុករំដួល។
លោកថ្លែងថា៖ «ទីតាំងដែលមានកម្មករ-កម្មការិនីច្រើនជាមុខសញ្ញាប្រឈមត្រូវតែចាក់វ៉ាក់សាំង ដូចជានៅក្រុង-ស្រុកទាំង ៣ ហ្នឹងសុទ្ធតែត្រូវចាក់។ ចំពោះវ៉ាក់សាំងដែលត្រូវចាក់ជូនកម្មកររោងចក្រ សហគ្រាសនេះ ប្រហែលជាអាចទទួលបាននៅដើមខែកក្កដា ឆ្នាំ ២០២១ នេះ ប៉ុន្តែមិនទាន់ដឹងថា ថ្ងៃណាប្រាកដទេ»៕