ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៩ ខែ​មិថុនា​នេះ បាន​ចេញ​សេចក្ដី​សម្រេច​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​នៅ​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ម៉ោង​សូន្យ ថ្ងៃទី ២០ ខែ​មិថុនា រហូត​ដល់​ថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២១។

យោង​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ដីពី​ការ​ដាក់​ចេញ​នូវ​វិធាន​រដ្ឋបាល​បណ្តោះ​អាសន្ន​នៅ​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ រយៈពេល ១៤ ថ្ងៃ ​បាន​ឱ្យ​ដឹង​ថា ការ​ដាក់​ចេញ​វិធានការ​នេះ គឺ​យោង​តាម​តម្រូវ​ការ​ចាំបាច់​ចំពោះ​មុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

សេចក្ដី​សម្រេច​បាន​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ដូចជា សាលារៀន​រួម​ទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែង​តែ​សាលារៀន​ដែល​ធ្វើ​ការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ។ អាជីវកម្ម​ក្លិប​កម្សាន្ដ​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាលា ឌីស្កូតែក បៀហ្គាឌីន និង​កាស៊ីណូ។ រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ដ​នានា។ អាជីវកម្ម​ម៉ាស្សា រោង​ភាពយន្ដ រោង​សម្ដែង​សិល្បៈ ក្លិបហាត់​ប្រាណ និង​មជ្ឈមណ្ឌល​កីឡា។

ក្រៅ​ពី​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដូច​បាន​កំណត់​ខាង​លើ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត ទៅ​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់​ស្ដែង ដោយ​អនុលោម​តាម​តម្រូវ​ការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ក្នុង​សេចក្ដី​សម្រេច​ដដែល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែល​មាន​ភាព​កុះករ​កកកុញ​លើស​ពី ១៥ នាក់​ដែរ។

លើកលែង​តែ​ករណី​មួយ​ចំនួន ដូច​ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិក​គ្រួសារ និង​រង្វង់​សាច់​ញាតិ​ដែល​រស់នៅ​ក្នុង​លំនៅឋាន ឬ​ទីសំណាក់ ជាមួយ​គ្នា ក្នុង​កម្មវិធី​ប្រពៃណី និង​ពិធី​សាសនា​ផ្សេងៗ។ ការ​រៀបចំ​ពិធី​បុណ្យ​សព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រោយ​ពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូវីដ ១៩ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន។

ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូល​ផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ជាអាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូវីដ ១៩ និង​ការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូវីដ ១៩ និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត៕

វីដេអូ៖