ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១៩ ខែ​មិថុនា​នេះ បាន​បង្ហាញ​ការ​សុំ​យោគយល់​ពី​សំណាក់​ដៃគូ​ជំនួប​របស់​លោក​ទាំង​ខ្មែរ និង​បរទេស​ចំពោះ​ការ​ខកខាន​មិន​បាន​ជួប​ដូច​អ្វី​ដែល​បាន​គ្រោង​ទុក ដោយសារ​ក្រុម​គ្រូពេទ្យ​តម្រូវ​ឱ្យ​លោក​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ បន្ទាប់​ពី​លោក​មាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩។

នៅ​ក្នុង​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា៖ «បងប្អូន​ជន​រួម​ជាតិ​ជាទី​គោរព ស្រឡាញ់! ដោយសារ​ខ្ញុំ​បាន​ពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូវីដ ១៩។ ក្រុម​គ្រូពេទ្យ​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​តេស្ត និង​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ល្ងាច​ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ នេះ​រហូត​ដល់​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១»។

ជាមួយ​គ្នា​នេះ លោក​បាន​សុំ​ការ​យោគយល់​ចំពោះ​ការ​លុប​ចោល​នូវ​កម្មវិធី​ជួប​ជុំ​ទាំង​អស់​ដែល​រាប់​ទាំង​ខ្មែរ​ទាំង​បរទេស ជាពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​របស់​អង់គ្លេស។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​សូម​អភ័យ​ទោស​ដែល​តម្រូវ​ឲ្យ​ខ្ញុំ​លុប​ចោល​កម្មវិធី​ជួបជុំ​ទាំង​អស់​ដែល​បាន​គ្រោង​ទុក​ទាំង​ការ​ជួប​ផ្ទាល់​ទាំង​ការ​ជួប​តាម​​វីដេអូ ជា​ពិសេស​សុំ​ការ​យោគ​យល់​ពី​សំណាក់​ឯកឧត្តម​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដែល​គ្រោង​ជួ​បគ្នា​នៅ​ម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាង​មុខ​នេះ​នៅ​វិមាន​សន្តិភាព។ ទោះ​ត្រូវ​លុប​ចោល​ការ​ជួប​ទាំង​ខ្មែរ​ទាំង​បរទេស តែ​ខ្ញុំ​នៅ​តែ​ធ្វើ​ការ​ដូច​ពេល​មុន​ជាមួយ​គ្រប់​ស្ថាប័ន​ទាំង​ស៊ីវិល​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ រាប់​ទាំង​ការ​ប្រជុំ​តាម ZOOM ផង ដោយសារ​បច្ចេក​ទេស​នេះ​មិន​តម្រូវ​ឲ្យ​មាន​មនុស្ស​ចូល​មក​ជិត​ខ្ញុំ​ទេ»៕