ភ្នំពេញៈ ​អ្នកនាំ​ពាក្យ​អគ្គនា​យកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​ នៅ​ថ្ងៃទី​១៩ ​ខែមិថុនា​នេះ ​បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ​«​អាជ្ញាធរ​ខ្មែរ​ ស្នើ​វៀតណាម​ព​ន្លឿ​ន​នីតិ​វិធី​ ដើម្បី​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​ទៅ​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​» ដែល​ការផ្សាយ​នេះ​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​និង​ ផ្ទុយ​ពី​ខ្លឹម​សារ​ដើម​នៃ​ជុំនួប​រវាង​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​ ​និង​ស្ថាន​ទូត​វៀតណាម​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​​។​​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំពាក្យ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បញ្ជាក់​ថា​៖ «​ពាក់ព័ន្ធ​នឹង​សំណើ​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​(នោះ) គឺ​សំដៅ​ដល់​ការ​ស្នើសុំ​ទៅ​ភាគី​វៀតណាម​ផ្តល់​កិច្ច​ស​ហ​ការ​ក្នុងការ​ផ្តល់​ឯកសារ​ធ្វើ​ដំណើរ​ ​សម្រាប់ធ្វើ​ការ​បណ្ដេញ​ជ​ន​ជាតិ​វៀត​ណាម​ខុស​ច្បាប់​ គ្មាន​លិខិ​ត​ឆ្លង​ដែន​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ ​និង​កំពុង​រក្សាទុក​នៅ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ឲ្យ​បាន​ឆាប់​ ស្រប​តាម​ច្បាប់​ស្តីពី​អន្តោ​ប្រវេសន៍​ ហើយ​នីតិវិធី​នេះ ត្រូវ​បាន​អនុវត្ត​ជាទូទៅ​ក្នុង​កិច្ចការ​ងារ​អន្តោ​ប្រវេសន៍​ ​សម្រាប់​ធ្វើ​ការ​បញ្ជូន​ជន​បរទេស​ខុស​ច្បាប់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​»​។​

លោក​ ​គៀត​ ​ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​កាល​ពី​ថ្ងៃទី​១៧ ​ខែមិថុនា​ ​បាន​ទទួល​ជួប​សម្តែង​ការគួរ​សម​ និង​ពិភាក្សា​ការងារ​ជា​មួយ​​លោក ​Vu Quang Minh ​ឯក​អគ្គ​រដ្ឋ​ទូត​សាធារ​ណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ប្រចាំ​កម្ពុជា ​នៅ​អគ្គនា​យក​ដ្ឋាន​អន្តោ​ប្រវេសន៍​កម្ពុជា​។​ តាម​យ​រៈ​ជំនួប​នេះ​ លោក​ បាន​ស្នើ​ទៅកាន់​ឯកអគ្គ​ទូត​វៀតណាម ​បន្ត​ជំរុញ​កិច្ចស​ហប្រតិ​បត្តិការ ​ធ្វើ​យ៉ាង​ណា​បំពេញ​បែបបទ​ដើម្បី​បញ្ជូន​ជនជាតិ​វៀត​ណាម​​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា​ ​ទៅ​ប្រទេស​វៀត​ណាម​វិញ​ឲ្យ​បាន​ឆាប់​។​

លោក ​Vu Quang ​Minh ​បាន​លើក​ឡើង​ក្នុង​ជំនួប​នេះ​ដែរ​ ​ដោយ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​កិច្ចខិត​ខំ​ប្រឹងប្រែង​រប​ស់អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ លើ​ការងារ​គ្រប់គ្រង​ជន​បរទេស ​ជាពិ​សេស​ប្រជាជន​វៀតណាម ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​ ​ដូចជា ​ការងារ​ជំរឿន​ស្ថិតិ​ជន​បរទេស ការ​ទទួល​ពាក្យ​ស្នើ​សុំ ​និង​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិ​ន្ត្រៃយ៍​ដល់​ជន​បរទេស ​និង​ការ​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ជា​ដើម​។​

លោក ​គៀត ​ច័ន្ទ​ថា​រិ​ទ្ធ ក៏បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ និង​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើប្រាស់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​វៀត​ណាម​នៅ​រាជធានី​ ​ភ្នំ​ពេញ​និង​តាម​បណ្តា​ខេត្ត​។​

ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ ក្នុង​ប្រទេស​កម្ពុជា​លោក ​គៀត​ ច័ន្ទ​ថា​រិ​ទ្ធ​ក៏បាន​ស្នើ​ឲ្យ ​ឯក​អគ្គ​រដ្ឋ​ទូត​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​បន្ត​ជំរុញ កិច្ច​សហ​ប្រតិបត្តិ​ការ​ ​ធ្វើ​យ៉ាង​ណា​បំពេញ​បែប​ប​ទ​ ដើម្បី​បញ្ជូន​អ្នក​ទាំង​នោះ​ទៅ​ប្រទេស​វៀត​ណាម​វិញ​ឲ្យ​បាន​ឆាប់​៕