ភ្នំពេញៈ ក្នុង​ថ្ងៃ​ខួប​គម្រប់​៤៤ឆ្នាំ ​នៃ​ដំណើរ​តស៊ូ​ឆ្ពោះទៅ​រក​ការរំដោះ​ជាតិ​និង​ប្រជាជន​កម្ពុជា ​ចេញពី​ការកាប់​សម្លាប់​របស់​ខ្មែរ​ក្រហម​(២០ មិថុនា ​១៩៧៧-២០ ​មិថុនា ២០២១) ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ ក្រៅ​ពី​រៀបរាប់​ពី​ប្រវត្តិ​ដ៏​ឈឺ​ចាប់​ចំពោះ​ការតស៊ូ​នេះ​ ក៏បាន​លើកឡើង​នូវ​ចម្ងល់​ក្នុង​ចិត្ត​តាំង​ជាសំណួរ​ជូន​ជន​រួម​ជាតិ​ដើម្បី​ជួយ​បក​ស្រាយ។

លោក​នាយកដ្ឋ​មន្រ្ដី​បាន​សរសេរ​នៅលើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ថ្ងៃទី២០ ​ខែមិថុនា ​គឺជា​ខួប​លើក​ទី៤៤ឆ្នាំ​ នៃ​ថ្ងៃ​ដែល​លោក​បាន​សម្រេច​ចិត្ត ​ដោយ​ការឈឺចាប់ ​យក​ជីវិត​ធ្វើ​ដើមទុន​ ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត។

លោក​ថ្លែង​ថា​៖«ទោះបី​ពេលនេះ​ខ្លួន​ខ្ញុំ ​និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ​ តែ​ខ្ញុំ​មិនដែល​ភ្លេច​នូវ​ទឹក​ភ្នែក​រាប់ម៉ឺន ​រាប់សែន​ដំណក់ ​នៅពេល​ដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា ​ដែល​កំពុង​រងគ្រោះ ​ពិ​សេស​ចាក​ចេញ​ចោល​ភរិយា​ដ៏កម្សត់​ដែល​កំពុង​មាន​ផ្ទៃ​ពោះ»។

លោក​បាន​បន្តថា​៖«ខ្ញុំ​អត់​មាន​ជម្រើស​ឲ្យ​ល្អ​ជាង​នេះ​ទេ ​ព្រោះ​យើង​មិនអាច​សុំ​ការអាណិត​ពី​ពួក​ ប៉ុល ពត ​បាន​ឡើយ។ ជម្រើស​ប្រកប​ដោយ​គ្រោះថ្នាក់​និង​ទឹកភ្នែក​នោះ​ហើយ​ដែល​នាំមក​នូវ​សេចក្តី​សុខ ​និង​ការរីក​ចម្រើន​រហូត​សព្វថ្ងៃ​នេះ»។

លោក​ហ៊ុន សែន ​លើកឡើងថា ​លោក​ធ្លាប់បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏​ឈឺចាប់​នេះ​ច្រើន​ដង​ហើយ ​តែ​មិនទាន់​បានបញ្ចេញ​នូវ​ចម្ងល់​ក្នុង​ចិត្ត​ទាក់ទង​ជាមួយ​ប្រវត្តិ​នេះ។ លោក​នាយករដ្ឋ​មន្ដ្រីបាន​តាំង​ជាសំណួរ​ថា​៖«ប្រសិនបើ​ខ្ញុំ​មិន​សម្រេចចិត្ត​ដឹកនាំ​ការតស៊ូ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ២០ ​មិថុនា ​១៩៧៧​ទេ ​តើ​ពេលនោះ​ពួក​ប៉ុល ពត ​សម្លាប់​ខ្ញុំ​នៅ​ឯណា? ​ដោយ​វិធី​ណា?»។

សំណួរ​បន្ទាប់​៖«តើ​មាន​អ្នក​ស្នេហាជាតិ​ណា​ផ្សេង​ទៀត​បង្កើត​ឡើង​នូវ​កង​កម្លាំង​ប្រដាប់​អាវុធ ​សាមគ្គី​សង្រ្គាះ​ជាតិ​ជំនួស​ខ្ញុំ​ដែរ​ឬ​ទេ? ​តើ​ដំណើរ​ឆ្ពោះមក​រំដោះ​ប្រទេស​ពី​របប​ប៉ុល ពត ​កើត​មាន​ឡើង​បាន​ដោយ​របៀប​ណា? ​តើ​មាន​ដំណោះ​ស្រាយ​តាម​រយៈ​ការចរចា ​និង​កិច្ចព្រម​ព្រៀង​ប៉ារីស​ឬ​ទេ? ​និង​ចុង​ក្រោយ​តើ​មាន​នយោបាយ​ ឈ្នះ​ ឈ្នះ ​ដើម្បី​បញ្ចប់​សង្រ្គាម​នាំមក​នូវ​សន្តិភាព ​និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​ឬ​ទេ»?

លោក​ហ៊ុន សែន បញ្ជាក់ថា​៖«សំណួរ​សង្ខេប​ទាំងនេះ ​តែង​បង្កប់​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ជានិច្ច ​ហើយ​ខ្ញុំ​ក៏​មិន​អាច​ឆ្លើយ​ជាមួយ​សំណួរ​នេះ​ដោយ​ខ្លួន​ឯង​បាន​ដែរ​ ខ្ញុំ​ទុក​ជូន​បងប្អូន​ជន​រួមជាតិ​មេត្តា​ជួយ​រក​ចម្លើយ»។

ថ្ងៃ​ទី២០ ​ខែមិថុនា ​ឆ្នាំ២០២១​នេះ ​គឺជា​ខួប​គម្រប់​៤៤ឆ្នាំ ​នៃ​ដំណើរ​តស៊ូ​របស់​លោក​ហ៊ុន សែន​ និង​យុទ្ធមិត្ត​ ដើម្បី​រំដោះ​ជាតិ​និង​ប្រជាជន​កម្ពុជា​ចេញពី​ការកាប់​សម្លាប់​របស់​ខ្មែរ​ក្រហម។

ថ្ងៃ​ទី២០ ​ខែមិថុនា ​ឆ្នាំ២០២១នេះ​ដែរ​ លោក​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​និង​លោក​ហ្វាន វ៉ាន់ហ្សាង ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​វៀតណាម​បាន​ធ្វើ​ជា​អធិបតី​ភាព​រួមគ្នា​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ដំណើរ​ការ​តស៊ូ​នេះ ​ព្រមទាំង​បញ្ចុះ​បឋម​សិលា​សាងសង់​អគារ​មិត្តភាព​កម្ពុជា​-វៀតណាម ​និង​សម្ពោធ​សមិទ្ធផល​មួយចំនួន​ដែលបាន​សាងសង់​នៅ​ភូមិ​ទន្លូង ​ឃុំ​កោះថ្ម ​ស្រុក​មេមត់ ​ខេត្ត​ត្បូងឃ្មុំ​ដែលជា​ទីតាំង​ស្លាកស្នាម​នៃ​តម្រាយ​ផ្លូវ​លោក​ហ៊ុន សែន​និង​យុទ្ធមិត្ត​បានភៀស​ខ្លួន​ទាំងយប់​ទៅ​កាន់​វៀត​ណាម​កាល​ពី៤៤​ឆ្នាំ​មុន៕