
នគរបាលបង្ហាញខ្លួនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀន ៣០ គីឡូក្រាម។ រូបថត នគរបាល
បន្ទាយមានជ័យៈ ចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ប៉ុក សុវណ្ណមុន្នី សម្រេចឃុំខ្លួនមនុស្សប្រុស ៥ នាក់ និងស្រី ៣ នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៣០ គីឡូក្រាម បន្ទាប់ពីព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនបទចោទទៅលើពួកគេ។ លោក សំរិទ្ធ សុខុន អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនានេះ។
លោក សំរិទ្ធ សុខុន ដែលជាព្រះរាជអាជ្ញារងផងដែរនោះបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈទូរស័ព្ទកាលពីម្សិលមិញថា ជនសង្ស័យប្រុសស្រីទាំង៨នាក់ដែលសមត្ថកិច្ចនគរបាលខេត្ត បន្ទាយមានជ័យ ចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃទី១៨ ខែមិថុនា ពាក់ព័ន្ធករណីគ្រឿងញៀនជាង ៣០ គីឡូនោះ ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ ជាច្រើនបទចោទ ហើយត្រូវបានចៅក្រមសម្រេចឃុំខ្លួនទាំង ៨ នាក់។
លោកថ្លែងថា៖ «ខ្ញុំ…អាចបញ្ជាក់ជូនថា បទចោទជាច្រើននោះមានដូចជា បទដឹកជញ្ជូនដោយខុសច្បាប់ រក្សាទុកដោយខុសច្បាប់ ជួញដូរដោយខុសច្បាប់ សម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់ ប្រើប្រាស់ដោយខុសច្បាប់ និងបទកាន់កាប់អាវុធជាតិផ្ទុះដោយគ្មានការអនុញ្ញាត»។
លោក ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ ថ្លែងថា កម្លាំងជំនាញនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន បញ្ជូនពួកគេទាំង៨នាក់ ទៅតុលាការ នៅរសៀល ថ្ងៃទី១៨ ខែមិថុនា បន្ទាប់ពីឃាត់ខ្លួនបាន ជាបន្តបន្ទាប់ តាំងពីថ្ងៃទី១៦ ខែមិថុនា។
លោក ស៊ិនដេត បានឲ្យដឹងថា ជនសង្ស័យ៨នាក់ត្រូវបាននរបាល ខេត្តបន្ទាយមានជ័យ និងនគរបាលខេត្តបាត់ដំបង សហការ គ្នាឆ្មក់បង្ក្រាបឃាត់ខ្លួនបានជាបន្តបន្ទាប់ និង ដកហូតបានថ្នាំញៀនជាង30គីឡូក្រាម ខណះពួកគេកំពុងធ្វើ សកម្មភាពជួញ ដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅក្រុងប៉ោយប៉ែត-ស្រុកម៉ាឡៃ ជាតំបន់ ជាប់ព្រំដែនកម្ពុជាថៃ។
លោកថ្លែងថា «ប្រតិបត្តិការនេះ មុនដំបូងសមត្ថកិច្ចយើងបានចុះបង្ក្រាបជនសង្ស័យបាន៤នាក់ និងដកហូតបាន ថ្នាំញៀន៣៣ គីឡូក្រាម នៅក្នុងផ្ទះល្វែងមួយកន្លែង ផ្លូវទៅវត្តគោកស្បែង ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត» ។
បើតាមលោក ស៊ិនដេត ក្រៅពីនេះសមត្ថកិច្ចដកហូតបាន ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង និងសម្ភារ:កែឆ្នៃសម្រាប់ ប្រើប្រាស់ គ្រឿងញៀនមួយចំនួន និងរថយន្ត១គ្រឿងម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-3186 ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ជំហ៊ានដំបូងសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ រ៉ុង យ៉ីហាក់ ភេទប្រុសអាយុ ៣៦ ឆ្នាំ និងឈ្មោះ រ៉ុង គីមហ៊ាង ភេទប្រុសអាយុ៣៩ឆ្នាំជនសង្ស័យទាំង ២ នាក់រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់-ក្រុងប៉ោយប៉ែត។ រីឯ២នាក់ទៀត ម្នាក់ ឈ្មោះ សុខ សេថា ភេទប្រុសអាយុ២៣ឆ្នាំ និងឈ្មោះ វ៉ាន់ ឈីដា ភេទស្រី អាយុ ២៨ ឆ្នាំ (ជនជាតិថៃ)។
លោកបន្តថា យោងចម្លើយសារភាពជនសង្ស័យទាំង៤ បានឲ្យដឹងថាថ្នាំញៀនទាំងនេះ ពួកគេទិញពីឈ្មោះ ឡេង គឹមឡាយ មានផ្ទះនៅស្រុកម៉ាឡៃ ហើយភ្លាមៗនោះលោកក៏បាន ដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធផ្ទះជនសង្ស័យ ហើយក៏ឃាត់ខ្លួនបាន មនុស្សប្រុសស្រី៤នាក់បន្ថែមទៀត។
ជនសង្ស័យ៤នាក់ទៀតនោះទី១គឺ ឈ្មោះ គួន ស្រីឡាន់ ភេទស្រីអាយុ៣៣ឆ្នាំ ទី២ឈ្មោះ សេង ស្រីនិ ភេទស្រីអាយុ២៣ឆ្នាំ ទី៣ឈ្មោះ ឡុង សំរិទ្ធ ភេទប្រុសអាយុ ៣០ ឆ្នាំ និងទី៤ឈ្មោះ ហែម វ៉ាន់លី ភេទប្រុសដោយដកហូតបានថ្នាំញៀនរួមជាមួយវត្ថុតាងមួយចំនួន ដោយឡែក ជនសង្ស័យ ឡេង គឹមឡាយ បានរត់គេចខ្លួនបាត់៕