
អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យការទន្ទ្រានដីព្រៃ នៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច កាលពីថ្ងៃទី១៩ មិថុនា។ រូបថត ប៉ូលិស
មណ្ឌលគិរីៈ សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី និងមន្ត្រីជំនាញបរិស្ថានកំពុងស្រាវជ្រាវរកអ្នកលួចត្រាយដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច លួចធ្វើផ្លូវកាត់ព្រៃនៅចំណុចព្រំប្រទល់អូរពងទូ ជាប់ព្រំប្រទល់ភូមិពូត្រុំ សង្កាត់រមនា និងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
លោកសូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរីទទួលការងារផែនព្រហ្មទណ្ឌ ថ្លែងនៅរសៀលថ្ងៃទី២០ ខែមិថុនាថា កាលពីព្រឹកថ្ងៃទី១៩ មិថុនា លោកអភិបាលខេត្តមណ្ឌលគិរី បានបញ្ជាឲ្យកម្លាំងនគរបាលចុះត្រួតពិនិត្យស្រាវជ្រាវរកមុខអ្នកពាក់ព័ន្ឋដែលត្រាយព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំពេ្រចដោយគ្មានការអនុញ្ញាត។
លោកថ្លែងថា៖«នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៩ មិថុនា បន្ទាប់ពីបានទទួលបញ្ជា ខ្ញុំបានដឹកនាំកម្លាំងឲ្យចុះទៅជាបន្ទាន់ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវជុំវិញករណីជនមិនស្គាល់មុខលួចធ្វើផ្លូវកាត់ព្រៃហ្នឹង។ នៅពេលដែលកម្លាំងចុះទៅដល់ទីតាំងនោះ បានឃើញថាមានការឈូសឆាយផ្លូវក្នុងព្រៃមានចម្ងាយ៣ ៧០០ម៉ែត្រ ហើយមកដល់ថ្ងៃនេះយើង កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធ មិនទាន់មានលទ្ធផលអ្វីទេ»។
លោកព្រហ្ម វិបុលរតនៈ នាយកដែនជម្រកសត្វព្រៃភ្នំព្រេចថ្លែងថា តាមការពិនិត្យជាក់ស្តែងនោះមិនមែនជាការឈូសឆាយដីព្រៃទេ។ វាគឺជាការធ្វើផ្លូវ ប៉ុន្តែលោកមិនដឹងថាក្រុមណាជាអ្នកលួចធ្វើនោះទេ ព្រោះពេលកម្លាំងសមត្ថកិច្ចចុះទៅដល់មិនបានឃើញជនល្មើសឡើយ។
លោកថ្លែងថា៖«វាមិនមែនជាទីតាំងឈូសឆាយព្រៃអីទេ គ្រាន់តែជាការត្រួសត្រាយព្រៃនៅលើផ្លូវចាស់ដែលពីមុនជាផ្លូវរទេះផ្លូវអី អ្នកស្រុកគេចេញចូលជិះម៉ូតូបាន។ យើងអត់ដឹងថា តើអ្នកណាលួចគូសប្លង់លក់ ឬយ៉ាងម៉េចនោះ អត់ដឹងទេ។ អ៊ីចឹងពេលនេះ យើងកំពុងដាក់កម្លាំងឃ្លាំមើល»។
លោកគ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ថ្លែងថា សកម្មភាពកាប់រុករានយកដីរដ្ឋមិនមែនជារឿងថ្មីទេ។ តាមការកត់សម្គាល់របស់លោក ការដែលសមត្ថកិច្ចលើកឡើងថា កំពុងស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធនោះ ភាគច្រើនគ្រាន់តែជាវិធីពន្យារពេលរបស់មន្ត្រីជំនាញដើម្បីបានប្រយោជន៍ពីជនល្មើសប៉ុណ្ណោះ។
លោកនិយាយថា៖«តាមដែលខ្ញុំទទួលបានព័ត៌មានមក គឺ ដីទីនោះក្រុមខិលខូចប្រុងរុករានព័ទ្ធលក់ទៅឲ្យអ្នកទិញដែលនៅភ្នំពេញ។ ការដែលមន្ត្រីជំនាញ ឬសមត្ថកិច្ចថា កំពុងស្រាវជ្រាវរកនោះ ការពិតមិនមែនគេមិនដឹងទេ គ្រាន់តែគេយោគយល់ច្រើន ជាលេសដើម្បីទទួលប្រយោជន៍ចូលហោប៉ៅរបស់គេប៉ុណ្ណោះ»។
ជាការឆ្លើយតប លោកព្រហ្ម វិបុលរតនៈ ថ្លែងថា ការចោទប្រកាន់ទៅលើមន្ត្រីបរិស្ថានដោយគ្មានភស្តុតាង បង្ហាញថា អ្នកនោះមិនបានយល់ដឹងអំពីកិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ឡើយ។ ក្នុងចំណោមនោះអ្នកខ្លះមិនដែលចុះធ្វើកិច្ចការងារជាក់ស្តែងនៅក្នុងព្រៃផង។
លោកបញ្ជាក់ថា៖«យើងជានគរបាលយុត្តិធម៌មិនមែនចេះតែធ្វើអីដោយគ្មានការស្រាវជ្រាវឯណា។ យើងធ្វើអីសុទ្ធតែមាននីតិវិធីមានជំហានត្រឹមត្រូវរបស់យើង។ ឥឡូវបើគាត់ថាយើងធ្វើអ៊ីចឹងជាលេសគាត់មានភ័ស្តុតាងច្បាស់គាត់បង្ហាញមក ចូលរួមជាមួយយើងទៅមានអី សមត្ថកិច្ចមួយគំនរបើគាត់ទុកចិត្តស្ថាប័នណារុញទៅស្ថាប័នហ្នឹងទៅ កុំឲ្យតែគាត់ចេះតែថា»៕