ភ្នំពេញៈ បុរស-​នារី​២នាក់ ដែលជា​គូ​ដណ្ដឹង​នឹង​គ្នា ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ ប្រទះឃើញ​ស្លាប់ ក្នុង​សភាព​អាក្រាតកាយ​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ដោយក្រុម​គ្រួសារ​​សង្ស័យ​ជា​ករណី​ពុល​ស្រា ព្រោះ​មុនពេល​ស្លាប់​ពួកគេ​បាន​ទូរស័ព្ទ​ប្រាប់ថា ពួកគេ​បាននាំគ្នា​ទទួលទាន​ស្រា​ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះអាងថា បណ្ដាលមកពី​គាំងបេះដូង។

ខណៈ​កំពុង​រៀបចំ​ពិធី​បុណ្យសព​កូនស្រី នៅឯ​ស្រុកកំណើត ក្នុង​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២១ អ្នកស្រី ឡុ​ក ពិសី អាយុ៤៥ឆ្នាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ល្ងាច​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១កូនស្រី​​អ្នក​ស្រី ​ឈ្មោះ ភន បុរី អាយុ២០ឆ្នាំ​និង​បុរស​ជា​គូ​ដណ្ដឹង​របស់​នាង​ឈ្មោះ ភោគ ជីវ៉ា អាយុ២៥ឆ្នាំ បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ពួកគេ​បាននាំគ្នា​ទៅ​ផឹកស្រា​នៅ​ខាងក្រៅ​ផ្ទះ ហើយ​ពេល​ត្រឡប់មកវិញ​ស្រាប់តែ ឈឺក្បាល វិលមុខ និង ក្អួតចង្អោរ​មិន​បាត់​សោះ។

អ្នកស្រី​បានបញ្ជាក់​ថា៖«ខ្ញុំ​បាន​ប្រាប់​ពួកគេ​ឲ្យ​នាំគ្នា​ឆុងតែ​ក្រូចឆ្មា​លាយ​ទឹកឃ្មុំ​ផឹក ដើម្បី​បន្សាប​ជាតិ​ស្រា ហើយ​បើ​នៅតែ​មិន​ធូ​ស្រាល ប្រញាប់​នាំគ្នា​ទៅ​ពេទ្យ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ព្យាបាល»។

បើតាម​អ្នកស្រី ពិសី នៅ​ព្រឹក​ថ្ងៃទី១៩ ខែមិថុនា កូនស្រី​របស់អ្នក​ស្រី​ បាន​ទូរស័ព្ទ​ប្រាប់​ថា​ ស្ថានភាព​របស់​ពួកគេ កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ផឹក​អី​ចូល​ក៏​ក្អួត​វិញ​អស់​ដែរ ហើយ​មាន​អារម្មណ៍​ថា ហត់​និង​អស់កម្លាំង​ខ្លាំងណាស់។

នៅពេលនោះ អ្នក​ស្រី​​ក៏បាន​សម្រេចចិត្ត​ទៅ​ភ្នំពេញ ដើម្បី​មើលថែ​សុខភាព​របស់​ពួកគេ ប៉ុន្តែ​ពេលទៅដល់​បន្ទប់​ជួល​របស់​ពួកគេ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ នៅ​វេលា​ម៉ោង៣រសៀល អ្នក​ស្រី​​ក៏បាន​ប្រទះឃើញ​ពួកគេ​ទាំង២បាន«ស្លាប់​ក្នុង​សភាព​អាក្រាតកាយ»​បាត់ទៅ​ហើយ​។

ស្រដៀង​គ្នា​នេះ លោក ភោគ រាវី អាយុ៣៥ឆ្នាំ ដែល​ត្រូវជា​បងប្រុស​បង្កើត​រប​ស់ជន​រងគ្រោះ​ឈ្មោះ ភោគ ជីវ៉ា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ល្ងាច​ថ្ងៃទី១៨ ខែមិថុនា ជនរងគ្រោះ បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ពួកគេ​ទាំង២ [ជីវ៉ា និង បុរី] ទំនងជា​ពុល​ស្រា​ហើយ ​ព្រោះ​ផឹក​រួច​មិនបាន​ប៉ុន្មាន​ផង​ក៏​ឈឺក្បាល និង​ក្អួត​មិន​បាត់​សោះ។

លោក​រ៉ាវី បាន​ថ្ងែ​ង​ថា៖«ប្អូនប្រុស​ខ្ញុំ​បាន​ទូរស័ព្ទ​ប្រាប់​ខ្ញុំ​ថា ក្រោយ​ពួកគេ​នាំគ្នា​ចេញ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ​ផ្ទះ និង​បាន​​ផឹកស្រា​អស់​ម្នាក់១ដប បាន​ឆារ​សាច់គោ​ជាមួយ​សណ្ដែក​គួរ ផឹកស្រា​ថ្នាំ​អស់១ដប ឥឡូវ​មក​ផ្ទះ​វិញ ឈឺក្បាល និង​ក្អួតចង្អោរ​មិន​បាត់​សោះ អស់កម្លាំង​ខ្លាំងណាស់។ នៅពេលនោះ​ខ្ញុំ​បាន​ប្រាប់​ឲ្យ​ពួកគេ​នាំគ្នា​ទៅ​ពេទ្យ ប៉ុន្តែ​ពួកគេ​ទំនងជា​មិនបាន​ទៅ​ពេទ្យ​នោះទេ បើ​ពុំនោះ​ពួកគេ​មិន​ស្លាប់​ឡើយ»។

ជី​វ៉ា និង បុរី បាន​ភ្ជាប់ពាក្យ​នឹង​គ្នា​តាំងពី​ចុងឆ្នាំ ២០១៩ ហើយ​ពួកគេ​គ្រោង​រៀបចំ​មង្គលការ​នៅ​ខែសីហា ឆ្នាំ ២០២០ ប៉ុន្តែ​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វិដ១៩ គម្រោង​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ត្រូវបាន​ពន្យា​ពេល។

លោក រាវី និយាយ​ថា៖«ទោះជា​បែបណាក៏ដោយ ពួកគេ​បានរស់នៅ​ជាមួយគ្នា ជា​លក្ខណៈ​ប្ដី​ប្រពន្ធ​ក្នុង​បន្ទប់​ជួល​តែមួយ ដោយមាន​ការទទួលស្គាល់​ពី​ចាស់ទុំ​ នៃ​គ្រួសារ​ទាំង២»។

ជុំវិញ​ករណី​ស្លាប់​របស់ ជីវ៉ា និង បុរី ក្រុមគ្រូពេទ្យ​ជំនាញ​បានធ្វើ​តេ​ស្តិ៍​រក​មេរោគ​កូ​វីដ១៩ តាមរយៈ​ឧក​បរ​តេ​ស្ត​រហ័ស តែ​លទ្ធផល​អវិជ្ជមាន។ នេះ​បើតាម លោក​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន អ្នកឯកទេស​ផ្នែក​កោសល្យ​វិ​ច្ច័​យ​សាកសព​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព​របស់​ពួកគេ​ទាំងពីរ​។

លោក​បាន​បញ្ជាក់ថា៖«យោងតាម​​កំអួត​របស់​ជនរងគ្រោះ​ នៅ​កន្លែងកើតហេតុ និង ការរៀបរាប់​របស់​ជ​ន​រងគ្រោះ​ប្រាប់​សាច់ញាតិ​មុនពេល​ស្លាប់ បាន​បង្ហាញថា​ ការស្លាប់​របស់​ពួកគេ មិន​ពាក់ព័ន្ធ​និង​ករណី​ពុល​ស្រា ឬ អាហារ​នោះទេ តែ​បណ្ដាលមកពីក្អួតខ្លាំងពេកធ្វើឱ្យ​បាត់បង់​សារធាតុ​អី​យ៉ុង​ប៉ូ​តា​ស្យូ​ម និង កាល់ស្យូម​ពី​ក្នុង​រាងកាយ​ច្រើនពេក​ ដែលបណ្ដាល​ឲ្យ​គាំងបេះដូង»។

លោក​បាន​បន្ថែមថា៖«សព​បុរសរងគ្រោះ​អាក្រាតកាយ​ទាំងស្រុង​ក្នុងស្ថានភាព​ដេក​ផ្កាប់ ចំណែក​សព​ស្ត្រី​រងគ្រោះ អាក្រាត​ផ្នែក​ខាងលើ ក្នុង​សភាព​ដេក​ផ្ងា ដែល​បង្ហាញ​ពី​សកម្មភាព​នៃ​ការរួមរស់​ជា​លក្ខណៈ​ប្ដី​ប្រពន្ធ»៕