ភ្នំពេញៈ គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)​ ប្រកាសថា ​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​កម្ពុជា​បានកើន​ឡើង​ ០.៦៥​ម៉ែត្រ​ចាប់​ពី​ខេត្ត​ស្ទឹង​ត្រែង​ដល់​អ្នកលឿង​ខេត្ត​ព្រៃវែង​ក្នុង​រយៈ​ពេល​៧ថ្ងៃ​ចុង​ក្រោយ​ហើយ​បាន​ព្យាករ​ថា​នឹង​កើនឡើង ​០.៦០ ម៉ែត្រ​ទៀត​ក្នុង​រយៈ​ពេល​៥ថ្ងៃ​ខាងមុខ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

លេខាធិការដ្ឋាន ​MRC ​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ កាល​ពី​ថ្ងៃទី១៨ ​ខែមិថុនា​ថា ​កម្ពស់​ទឹក​ក្នុង​អាង​ទន្លេ​មេគង្គ​ក្រោម​បានកើន​ឡើង​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ ៧ថ្ងៃ​ចុងក្រោយ​នេះ ​ប៉ុន្តែ​ផ្នែក​ខ្លះ​នឹង​ធ្លាក់​ចុះ​បន្តិច​ក្នុង​រយៈពេល​ ៥ថ្ងៃ​ខាង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«នៅ​ក្នុង​ប្រទេស​កម្ពុជា ​កម្ពស់​ទឹក​ ដែល​លាត​សន្ធឹង​ ពី​ខេត្ត​ស្ទឹងត្រែង ​ដល់​អ្នកលឿង​ក្នុង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​រាយការណ៍​ថា​បានកើន​ឡើង ​០,៦៥ម៉ែត្រ​ក្នុង​រយៈពេល​ដូច​គ្នា។ ក្នុង​រយៈពេល ​៥ថ្ងៃ​ខាង​មុខ​ទៀត​ កម្ពស់​ទឹក​ត្រូវបាន​ព្យាករថា​នឹងកើន​ឡើង​០,៦០ម៉ែត្រ​ទៀត»។

MRC បាន​បញ្ជាក់ថា ​ភ្លៀង​ធ្លាក់ខ្លាំង​ពាសពេញ​តំបន់​ទន្លេ​មេគង្គ ​ដែលបាន​ចាប់ផ្តើម​នៅ​ដើមខែ​មិថុនា​នេះ​បាន​រួមចំណែក​ដល់​ការកើន​ឡើង​ទឹក​ភ្លៀង​នេះ​ រួម​ជាមួយ​នឹង​កម្រិត​ទឹក​ទន្លេ​នៅ​តាម​ស្ថានីយ​ជលសាស្ត្រ​ដែល​បាន​កត់ត្រា​ទុក។

លោក ​Lam Hong Son ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះ​ទឹកជំនន់​និង​គ្រោះ​រាំងស្ងួត​ប្រចាំ​តំបន់​នៃ​លេខាធិការដ្ឋាន​ MRC ​បានថ្លែង​ថា​៖«តំបន់​មេគង្គ​នេះ​ទទួល​បាន​ទឹកភ្លៀង​ប្រមាណ​៦០ភាគរយ​ច្រើន​ជាង​មធ្យម​ក្នុង​ខែនេះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ​និង​ឆ្នាំ ២០២០។ ទឹក​ភ្លៀង​នឹង​ទាប​ជាង​មធ្យម​ក្នុង​ខែកក្កដា​និង​ប្រហែល​កម្រិត​មធ្យម​នៅ​ខែ​សីហា​ និង​កញ្ញា»។

MRC ​បញ្ជាក់ថា​ MRC ​នឹង​បន្ត​តាមដាន​កម្រិត​ទឹក​នៅ​ទូទាំង​តំបន់​ទន្លេ​មេគង្គ​ស្រប​ពេល​ស្ថានភាព​អាកាសធាតុ​ខុស​ប្រក្រតី​។

លោក​សូ សុភ័ទ្ទ ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​និង​លោក​ ចាន់ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧត្តុនិយម​ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់​បាន​ទេ​កាល​ពី​ថ្ងៃទី២០ ​ខែ​មិថុនា។

​សេចក្តី​ប្រកាស​របស់​ក្រសួង​ធនធានទឹក​ឱ្យដឹងថា​ កម្ពស់​ទឹក​ពិនិត្យ​ឃើញ​នៅ​ត្រឹម​ម៉ោង​ ៧ ព្រឹក​ថ្ងៃទី ២០​ មិថុនា ​នៅ​ស្ថានីយ​ជលសាស្ត្រ​ទន្លេ​មេគង្គ​-ស្ទឹងត្រែង​មាន​កម្ពស់​៥.១៣ម៉ែត្រ ​ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​គឺ​ ១០.៧០ ​ម៉ែត្រ។ ក្រសួង​បាន​ព្យាករថា ​នៅ​ថ្ងៃទី២១​ ខែមិថុនា ​នេះ​កម្ពស់​ទឹក​នៅ​ស្ថានីយ​នេះ​នឹង​ធ្លាក់ចុះ​មក​នៅ​ ៥ម៉ែត្រ ​នៅ​ថ្ងៃទី២២ ​ខែមិថុនា ​នឹង​ចុះ​មក​៤.៨៤ម៉ែត្រ ​ហើយ​នៅ​ថ្ងៃទី២៣ ​ខែមិថុនា ​នឹង​ធ្លាក់ចុះ​មក​នៅ​ ៤.៧២ ម៉ែត្រ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល ​កម្ពស់​ទឹក​ពិនិត្យ​ឃើញ​នៅ​ត្រឹម​ម៉ោង​៧ព្រឹក​ថ្ងៃទី២០​ ខែមិថុនា ​នៅ​ស្ថានីយ​ជលសាស្ត្រ​ទន្លេ​មេគង្គ​-អ្នកលឿង​មាន​កម្ពស់​២.៤៤ម៉ែត្រ​ ខណៈ​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​គឺ​៧.៥០ម៉ែត្រ។ ក្រសួង​បាន​ព្យាករ​ថា​ នៅ​ថ្ងៃ​ទី២១ ​ខែ​មិថុនា​នេះ​កម្ពស់​ទឹក​នៅ​ស្ថានីយ​នេះ​នឹង​ឡើង​ដល់​២.៥១ម៉ែត្រ ​នៅ​ថ្ងៃទី២២ ​ខែមិថុនា ​នឹង​ឡើង​ដល់​២.៥៤​ម៉ែត្រ ​ហើយ​នៅ​ថ្ងៃទី២៣​ ខែមិថុនា ​នឹង​ធ្លាក់ចុះ​មក​នៅ​២.៤៧ម៉ែត្រ។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក ​ចាប់ពី​ថ្ងៃទី​១៦ ​ដល់ ​ថ្ងៃទី២២​ ខែមិថុនា ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​ខ្យល់​មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​គួបផ្សំ​នឹង​ប្រព័ន្ធ​សម្ពាធ​ទាប​នៅ​ភាគ​ខាងលើ ​ដែល​ធ្វើឱ្យ​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាល​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្កួរ ​ហើយ​ផ្គរ រន្ទះ ​និង​ខ្យល់​កន្ទ្រាក់ ​(thunderstorm) ក៏កើត​មាន​ផងដែរ។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា ​ការទទួល​ឥទ្ធិពល​នេះ​ក៏​ធ្វើ​ឱ្យ​ខេត្ត​ដែល​នៅ​ជាប់នឹង​ជួរភ្នំ​ដងរែក ​និង​ខ្ពង់រាប​ឦសាន​នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ពិសេស​នៅ​ភាគឦសាន​ ភាគ​ខាង​ជើង​នៃ​ជួរភ្នំ​ដងរែក។ បាតុភូត​ផ្គរ ​រន្ទះ​ និង​ខ្យល់​កន្ត្រាក់​(Thunderstorm)​ក៏កើត​មាន​ដែរ៕

វីដេអូ៖