ភ្នំពេញៈ រដ្ឋបាល​រាជធានីភ្នំពេញ​នៅ​ថ្ងៃទី​ ១៩ មិថុនា បាន​ចេញ​សេចក្ដី សម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​ងាយ​ឆ្លង​រាលដាល ជំងឺ​កូវីដ​ ១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ក្នុង​ភូមិសាស្ដ្រ​រាជធានី​រយៈពេល​ ១៤ ​ថ្ងៃ​ចាប់ពី​ម៉ោង​សូន្យ​ថ្ងៃទី​ ២០ មិថុនា រហូតដល់​ថ្ងៃទី​ ៣ កក្កដា ឆ្នាំ​ ២០២១​។

សេចក្ដី​សម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្ដីពី​ការដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​រយៈពេល​ ១៤ ​ថ្ងៃនេះ​បាន​ឱ្យដឹងថា ការដាក់ចេញ​វិធានការ​នេះ គឺ​យោងតាម​តម្រូវការ​ចាំបាច់​ចំពោះមុខ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​សម្រេច​បញ្ជាក់ថា ក្នុង​អំឡុងពេល​នៃ​ការដាក់ចេញ​វិធានការ​រដ្ឋបាល បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដូចជា​សាលារៀន រួមទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ​ និង​ឯកជន លើកលែង​តែ​សាលារៀន​ដែល​ធ្វើការ​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ​។ អាជីវកម្ម​ក្លិប​កម្សាន្ដ​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ដ​នានា​អាជីវកម្ម​ម៉ាស្សា រោងភាពយន្ដ រោង​សម្ដែង​សិល្បៈ ក្លិប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។

ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដូច​បាន​កំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្ដែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​សេចក្ដី​សម្រេច​ដដែល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​មិន​អនុញ្ញាត​ឱ្យមាន​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ដែលមាន​ភាពកុះករ​លើសពី​ ១៥ ​នាក់​ដែរ​។ លើកលែង​តែ​ករណី​មួយចំនួន ដូច​ការជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ និង​រង្វង់​សាច់ញាតិ​ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា ក្នុង​កម្មវិធី​ប្រពៃណី និង​ពិធី​សាសនា​ផ្សេងៗ​។ ការរៀបចំ​ពិធី​បុណ្យសព​ត្រូវគោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ក្រោយ​ពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ទទួលបាន​លទ្ធផល​អវិជ្ជមាន​។

ការលើកលែង​ខ្លះទៀត ដូចជា ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​ និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត​វិធាន​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូវីដ​ ១៩ ​និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះបន្ទាន់​៕