ភ្នំពេញៈ ក្នុង​ថ្ងៃ​ខួប​គម្រប់​ ៤៤ ​ឆ្នាំ​នៃ​ដំណើរ​តស៊ូ​ឆ្ពោះ​ទៅ​រក​ការរំដោះ​ជាតិ និង​ប្រជាជន​កម្ពុជា​ចេញពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម​ (​ថ្ងៃទី​ ២០ មិថុនា ១៩៧៧-ថ្ងៃទី​ ២០ មិថុនា ២០២១) ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្រៅពី​រៀបរាប់​ពី​ប្រវត្តិ​ដ៏ឈឺចាប់​ចំពោះ​ការតស៊ូ​នេះ​ក៏​បាន​លើកឡើង​នូវ​ចម្ងល់​ក្នុង​ចិត្ត​តាំង​ជា​សំណួរ​ជូន​ជន​រួមជាតិ​ ដើម្បី​ជួយ​បកស្រាយ​។

លោក​នាយក​រដ្ឋមន្ដ្រី​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា ថ្ងៃទី​ ២០ ខែមិថុនា គឺជា​ខួប​លើក​ទី​ ៤៤ ​ឆ្នាំ​នៃ​ថ្ងៃ​ដែល​លោក​បាន​សម្រេចចិត្ត​ដោយ​ការឈឺចាប់​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​តស៊ូ​រំដោះប្រជាជន​កម្ពុជា​ចេញពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​។

សំណួរ​ដែល​លោក​ ហ៊ុន សែន ដាក់ជូន​ជនរួមជាតិ​ជួយផ្តល់​ចម្លើយ​នោះ​មានដូចជា បើ​លោក​មិន​ដឹកនាំ​ការតស៊ូ ចាប់ពី​ថ្ងៃទី​ ២០ មិថុនា ១៩៧៧ នោះទេ ថា តើ​ពួក​ប៉ុលពត សម្លាប់​លោក​នៅឯណា ដោយ​វិធី​ណា មាន​អ្នកណា​ផ្សេង​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​សង្គ្រោះ​ជាតិ​ជំនួស​លោក​ឬទេ តើ​មាន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឬទេ​...?​។

លោក​សរសេរ​ថា​៖ «​ទោះបី​ពេលនេះ​ខ្លួន​ខ្ញុំ និង​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិនដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន រាប់សែន​តំណក់ នៅពេល​ដែល​ខ្ញុំ​ឈានជើង​ចេញពី​មាតុភូមិ ចោល​ប្រជាជន​កម្ពុជា ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏កម្សត់​ដែល​កំពុងមាន​ផ្ទៃពោះ​»​។

លោក​ ហ៊ុន សែន បន្តថា​៖ «​ខ្ញុំ​អត់​មាន​ជម្រើស​ឱ្យ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិនអាច​សុំ​ការអាណិត​ពី​ពួក​ ប៉ុល ពត បានឡើយ​។ ជម្រើស​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ទឹកភ្នែក​នោះ​ហើយ ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីកចម្រើន​រហូត​សព្វថ្ងៃនេះ​»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​លើកឡើង​ថា លោក​ធ្លាប់បាន​រៀបរាប់​ពី​ប្រវត្តិ​ដ៏ឈឺចាប់​នេះ​ច្រើនដង​ហើយ ប៉ុន្តែ​មិនទាន់បាន​បញ្ចេញ​នូវ​ចម្ងល់​ក្នុង​ចិត្ត​ទាក់ទង​ជាមួយ​ប្រវត្តិ​នេះ​។ លោក​ ហ៊ុន សែន តាំង​ជា​សំណួរ​ថា​៖ «​ប្រសិនបើ​ខ្ញុំ​មិន​សម្រេចចិត្ត​ដឹកនាំ​ការតស៊ូ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ ២០ មិថុនា ១៩៧៧ ​ទេ តើ​ពេលនោះ​ពួក ប៉ុល ពត សម្លាប់​ខ្ញុំ​នៅឯណា​? ដោយ​វិធី​ណា​?»​។

សំណួរ​បន្ទាប់​លោក​ថា​៖ «​តើ​មាន​អ្នកស្នេហាជាតិ​ណា​ផ្សេងទៀត​បង្កើតឡើង​នូវ​កងកម្លាំង​ប្រដាប់អាវុធ សាមគ្គី​សង្គ្រោះ​ជាតិ​ជំនួស​ខ្ញុំ​ដែរឬទេ​? តើ​ដំណើរ​ឆ្ពោះ​មក​រំដោះប្រទេស​ពី​របប​ ប៉ុល ពត កើតមានឡើង​បាន​ដោយ​របៀប​ណា​? តើ​មាន​ដំណោះស្រាយ តាមរយៈ​ការចរចា និង​កិច្ចព្រមព្រៀង​ប៉ារីស​ឬទេ​? ​និង​ចុងក្រោយ តើ​មាន​នយោបាយ ឈ្នះ ឈ្នះ ដើម្បី​បញ្ចប់សង្គ្រាម​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​ឬទេ​?»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​សំណួរ​សង្ខេប​ទាំងនេះ តែង​បង្កប់​ក្នុង​ខួរក្បាល​ខ្ញុំ​ជានិច្ច ហើយ​ខ្ញុំ​ក៏​មិនអាច​ឆ្លើយ​ជាមួយ​សំណួរ​នេះ​ដោយ​ខ្លួនឯង​បានដែរ ខ្ញុំ​ទុក​ជូន​បងប្អូន​ជនរួមជាតិ​មេត្តាជួយ​រក​ចម្លើយ​»​។

តាមរយៈ​វីដេអូ​ឯកសារ ក្រោម​ចំណងជើង​ថា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការសង្គ្រោះ​ជាតិ​ថ្ងៃ​ ២០ មិថុនា​នេះ កាលពី​ឆ្នាំ​ ១៩៧៧ គឺ​ពេលនោះ ជា​ពេល​លោក​ ហ៊ុន សែន មាន​វ័យ​ ២៥ ​ឆ្នាំ​រួម​នឹង​យុទ្ធ​មិត្ត​ដ៏ស្ម័គ្រស្មោះ​ ៤ ​រូប​ផ្សេងទៀត​សម្រេចចិត្ត​ក្នុង​ស្ថានភាព​ដ៏តានតឹង​បំផុត​លាចាក​ទឹកដី លាចាក​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ជាទី​ស្រឡាញ់ ធ្វើដំណើរ​ទាំងយប់ ឆ្លងកាត់​ព្រំដែន​ទាំង​គ្រោះថ្នាក់​បំផុត​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ស្វែងរក​ការគាំទ្រ​ក្នុងការ​រំដោះជាតិ និង​ប្រជាជន​កម្ពុជា ចេញពី​ក្រ​ញ៉ាំ​បិសាច​ដ៏សែន​ឃោរឃៅ​ ប៉ុល ពត​។

វីដេអូ​ឯកសារ​ដដែល​បាន​ឱ្យដឹងថា លោក​ ហ៊ុន សែន និង​យុទ្ធមិត្ត​ទុកចិត្ត​ចំនួន​ ៤ ​នាក់​ទៀត​នោះ គឺ​ឈ្មោះ​ នុច ថន ឈ្មោះ​ ញឹក ហួន ឈ្មោះ​ សាន សាញ់ និង វ៉ា ប៉ោអៀន បានចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការគាំទ្រ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។

នៅ​ថ្ងៃទី​ ២០ មិថុនា​នេះដែរ លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា និង​លោក​ ហ្វាន ​វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួង​ការពារប្រទេស​របស់​វៀតណាម​បាន​ធ្វើជា​អធិបតីភាព​រួមគ្នា​ប្រារព្ធ​ពិធី​រំឭក​ខួប​នៃ​ដំណើរ​ការតស៊ូ​នេះ​ព្រមទាំង​បាន​បញ្ចុះបឋមសិលា​សាង​សង់​អគារ​មិត្តភាព​កម្ពុជា-វៀតណាម​។ ក្រៅពីនេះ​ក៏​បាន​សម្ពោធ​សមិទ្ធផល​មួយចំនួន ដែល​បាន​សាងសង់​នៅលើ​តំបន់​ X១៦ ​ស្ថិតនៅ​ភូមិ​ទន្លូង ឃុំ​កោះថ្ម ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដែលជា​ទីតាំង​ស្លាកស្នាម​នៃ​តម្រាយ​ផ្លូវលោក​ ហ៊ុន សែន និង​យុទ្ធមិត្ត​បាន​ភៀសខ្លួន​ទាំងយប់​ទៅកាន់​វៀតណាម​កាលពី​ ៤៤ ​ឆ្នាំមុន​។

លោក​ ទៀ បាញ់ និង​លោក​ ហ្វាន វ៉ាន់ហ្សាង រួមគ្នា​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​មិត្តភាព​កម្ពុជា-វៀតណាម នៅលើ​តំបន់​ X១៦ ​និង ដាំ​ឈើ​ចំនួន​ ៧៧ ​ដើម​តំណាងឱ្យ​ឆ្នាំ ដែល​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បានចេញ​ដំណើរ​តស៊ូ​រំដោះប្រទេស និង​ប្រជាជន​។

បើ​តាម​ក្រសួង​ការពារជាតិ​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ​មក ក្រសួង​ការពារជាតិ​បាន​ទទួល​ភារកិច្ច​រៀបចំ​ប្រារព្ធ​ខួប​រំដោះជាតិ​នេះ​ជា​រៀងរាល់ឆ្នាំ​។ ក្រសួង​ការពារជាតិ​ក៏​បាន​រៀបចំ​សាងសង់​សំណង់​នានា​នៅលើ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ផងដែរ​ ដើម្បី​ទុកជា​មរតក​ដល់​មនុស្ស​ជំនាន់​ក្រោយ​។

បើតាម​ក្រសួង​ការពារ​ជាតិ​បច្ចុប្បន្ន​នៅ​តំបន់​ X១៦ ​នេះ​មាន​ការសាងសង់​នូវ​សំណង់​មួយចំនួន​រួចរាល់​ហើយ ដូចជា​សាលា​ដំណាក់ វេទិកា​ប្រារព្ធ​ពិធី ស្រះ​ទឹក បន្ទប់​អនាម័យ ទីលាន​បាល់ទាត់ ប្រព័ន្ធ​រំដោះ​ទឹក​ចាក់ដី​បំពេញ បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជាដើម​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា សំណួរ​ដែល​លោកនាយក​រដ្ឋមន្ដ្រី​លើកឡើង​ពាក់ព័ន្ធ​នឹង​ការចាកចេញ​ទៅ​បង្កើត​ចលនា​តស៊ូ ដើម្បី​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម​អាច​និយាយបានថា ក្រុម​របស់​លោក​ ហ៊ុន សែន គឺជា​ក្រុម​ចលនា​តស៊ូ​ទី​ ១ ​ដែល​ហ៊ាន​ងើប​ប្រឆាំងនឹង​ពួក​ខ្មែរក្រហម​។

លោក​ថ្លែងថា​៖ «​ពេលនោះ​យើង​ឃើញ​ហើយ គឺ​អត់​មាន​ចលនា​តស៊ូ​ខ្មែរ​ណា​ទៀត​ទេ ដែល​ហ៊ាន​ងើបឡើង​ដើម្បី​តតាំង​ជាមួយ​ពួក​ខ្មែរក្រហម ហើយ​ការចេញ​ទៅ​បង្កើត​ចលនា​តស៊ូ​របស់​សម្ដេច​ [​ហ៊ុន សែន​] ​នេះ គឺជា​ការប្រថុយ​ប្រថាន ជា​ការបូជា​នូវ​អាយុជីវិត​សម្រាប់​បុព្វហេតុ​រំដោះប្រទេស​ជាតិ​មកវិញ ព្រោះ​ពេល​នោះ​កម្លាំង​របស់គាត់​មិនមាន​ច្រើន​ទេ ហើយ​ក្រុមខ្មែរក្រហម​មាន​លក្ខណៈ​សាហាវ​ព្រៃផ្សៃ​ណាស់​»​។

លោក​ គិន ភា ចាត់ទុក​ចលនា​តស៊ូ​របស់​លោកនាយក​រដ្ឋមន្ដ្រី​នាពេលនោះ គឺជា​ការលះបង់​មួយ​យ៉ាង​ធំធេង ដែល​បានធ្វើ​ដើម្បី​ប្រទេសជាតិ និង​ប្រជាជន ដោយ​យកអាយុ​ជីវិត​របស់ខ្លួន​ទៅ​ប្ដូរ​ជាមួយ​នឹង​ការរស់រាន​ឡើងវិញ​នៃ​ប្រជាជាតិ​កម្ពុជា​៕