ព្រៃវែងៈ សមត្ថ​កិច្ច​ស្រុក​ពារាំង​ខេត្ដ​ព្រៃវែង​ កំពុង​ស្រាវ​ជ្រាវលើ​ករណី​សង្ស័យ​ពុល​ស្រាស​ស្រាថ្នាំ ដែល​បណ្តាលឱ្យ​មនុស្ស​ចំនួន ៤​ នាក់បាន​ស្លាប់ជា​បន្ត​បន្ទាប់​​ កាលពី​ថ្ងៃទី ​១៩​ខែមិថុនា​ នៅ​ភូមិ​យោត ឃុំ​មេសរ​ប្រច​ណ្ឌ ស្រុក​ពារាំង។ នេះ​បើតាម​លោក ឡុង ប៊ុនធឿន អធិការ​ស្រុក​ពារាំង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នា​ព្រឹក​នេះ។

បើតាម​របាយ​ការណ៍មន្ទីរ​ព័ត៌មាន​ខេត្ដ​ព្រៃវែង​កាលពី​ថ្ងៃទី ១៩ មិថុនា ជនរង​គ្រោះ​ទី១- ឈ្មោះ ឆួ​ន ពៅ ភេទ​ប្រុស អាយុ ៥៣ ឆ្នាំ ទី២- ឈ្មោះ សឺ​ន ផន ភេទ​ប្រុស ​អាយុ ៣១ ឆ្នាំ ទី៣- ​ឈ្មោះ ច​យ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ និង​ទី៤- ឈ្មោះ ហ៊ាន ណេ​ន ភេទ​ប្រុស អាយុ​ ៤៧ ឆ្នាំ។

លោក ឡុង ​ប៊ុនធឿន បាន​ឱ្យដឹង​ថា ក្នុងចំណោម​ជនរង​គ្រោះ​ទាំងអស់​គឺមាន​​ម្នាក់​បាន​ស្លាប់​ពេល​ក្រុម​គ្រួសារ​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ ចំណែក​ជន​រងគ្រោះ​៣​នាក់​ផ្សេង​ទៀតគឺ​បាន​ស្លាប់​នៅ​ផ្ទះ​របស់​ពួក​គេ​។

លោក​ថ្លែង​ថា៖ «ចំពោះ​មូល​ហេតុ​នៃ​ការស្លាប់​របស់​ជនរង​គ្រោះ​ទាំង ៤ ​នាក់​ខាងលើ​នេះ ទាំង​សមត្ថ​កិច្ច​និង​មន្ត្រី​ជំនាញ​សុខាភិ​បាល​កំពុង​តែ​ចុះ​ស្រាវ​ជ្រាវ​ ប៉ុន្តែ​រហូតមក​ទល់​ពេល​នេះគេ​នៅ​មិនទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេគឺ​គ្រាន់តែ​សង្ស័យ​ថា ជា​ករណី​ពុល​ស្រា ដោយ​សារ​មុនពេល​ស្លាប់​ជន​រងគ្រោះ​ទាំង​អស់​សុទ្ធតែ​បាន​ផឹក​ស្រាស​ស្រា​ថ្នាំ​ដូច​គ្នា»​៕