ភ្នំពេញៈ មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​នៅ​ថ្ងៃទី​ ២០ ​ខែ​មិថុនា​បាន​បញ្ជូន​ជនសង្ស័យ ៤ នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ពួកគេ​បាន​ក្លែងខ្លួន​ធ្វើជា​កងកម្លាំង​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ប្រជាពលរដ្ឋ ជំរិត​យកប្រាក់​។

លោក អ៊ិន សុង អ្នកនាំពាក្យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២០ មិថុនា ឆ្នាំ​ ២០២១ ​ថា ជនសង្ស័យ​ទាំង ៤ នេះ​ត្រូវបាន​បញ្ជូនទៅ​ដល់ដៃ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយ ។ ពួកគេ​អាច​ប្រឈម​ពីបទ​ចោទ បង្ខាំង​មនុស្ស​ខុសច្បាប់ ឬ​ចាប់​ជំរិត​ទារប្រាក់​។ លោក​បន្តថា ជនសង្ស័យ​ទាំង ៤ ​នាក់​នេះ​បានធ្វើ​សកម្មភាព​ចាប់​អ្នកញៀន​គ្រឿងញៀន និង​ប្រជាពលរដ្ឋ​ស្លូតត្រង់​រស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មិន​ពាក់ព័ន្ធ​នឹង​បទល្មើស​ហើយ​ជំរិត​ទារប្រាក់​។ ដោយឡែក ចំពោះ​ការក្លែងបន្លំ ឬ​ក្លែងខ្លួន​ជា​សមត្ថកិច្ច​នគរបាល ក៏​ត្រូវ​តែ​ចោទ​ដែរ ប៉ុន្តែ បញ្ហា​នេះ អាស្រ័យ​ទៅលើ​ព្រះរាជអាជ្ញា​ជា​អ្នកសម្រេច បើ​ពិនិត្យ​មើលឃើញ​ករណី​នេះ​វា​ពាក់ព័ន្ធ​នឹង​បទល្មើស​។

តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១៧ ​ខែ​មិថុនា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ ២៤ ​និង​ ០០ ​នាទី​នៅ​ចំណុច ភូមិ​កំរៀង សង្កាត់​ព្រៃវែង​ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក៤) ​បាន​សហការ​ស្រាវជ្រាវ​ឈាន​ទៅ​បង្ក្រាប​ជាក់ស្តែង​ក្រុម​ក្លែងខ្លួន​ជា​សមត្ថកិច្ច​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើ​សកម្មភាព​ចាប់​ប្រជាពលរដ្ឋ​សម្លុត​យកប្រាក់​ជាច្រើន​លើក​នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នាពេល​កន្លងមក​។

ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​ ៤ ​នាក់​ក្នុង​នោះ​មាន​ឈ្មោះ កេត វីរីយ៉ា ភេទ​ប្រុស​អាយុ ៣៥ ​ឆ្នាំ ជា​មេខ្លោង​ឈ្មោះ សយ តុលា ភេទ​ប្រុស អាយុ​ ៣២ ​ឆ្នាំ ផាន់ វីរ:ភក្តី ភេទ​ ប្រុស អាយុ​ ៣១ ​ឆ្នាំ និង សល់ ភារៈ ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ពួកគេ​ទាំង​ ៣ ​ជា​អ្នក​សមគំនិត​។

ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ចាប់​ឃាត់​វត្ថុតាង​មួយចំនួន​រួមមាន រថយន្ត ១ ​គ្រឿង ម៉ូតូ ២ ​គ្រឿង អាវុធខ្លី​ (​ជ័រ​) ១ ​ដើម វិទ្យុទាក់ទង​ម៉ាក​ម៉ូតូ​រ៉ូឡា ១ ​គ្រឿង ឯកសណ្ឋាន​នគរបាល ២ ​កំប្លេ និង អាវ ១ មួក​នគរបាល​ ១ ខ្សែក្រវាត់​នគរបាល ១ អាវ​ក្រោះ ១ មាន​ស្លាក​សញ្ញា​នគរបាល​គ្រឿងញៀន អាវកាក់ ១ មាន​ស្លាកសញ្ញា​នគរបាល​គ្រឿងញៀន កាបូបដៃ​មាន​សញ្ញា​នគរបាល​គ្រឿងញៀន ១ កាត​នគរបាល​ក្លែងក្លាយ ចំនួន ៣ ​សន្លឹក កាត​សារព័ត៌មាន​កំពង់សោម​ប៉ុស្តិ៍ ១ ​សន្លឹក ឧបករណ៍​តេស្ត​រក​សារធាតុ​ញៀន ១ កាត​កម្លាំង​នគរបាល​មូលដ្ឋាន​សម្ងាត់​ក្លែងក្លាយ ២ ​សន្លឹក​ (​ក​ ៧ ក​ ៥) កាត​សម្គាល់​អាវុធខ្លី ១ ​សន្លឹក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១ ​សន្លឹក និង​កាត​ចាក់​វ៉ាក់សាំង កូវីដ​ចំនួន​ ១ ​សន្លឹក​៕