The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោកស្រី​ ឱ វណ្ណឌីន៖ ​ការចេះ​ខ្លាច​ និង​មិន​មើល​ស្រាល​ជំងឺ​កូវីដ​ ១៩ ​គឺ​ដើម្បី​​ការពារ​អាយុជីវិត​ខ្លួនឯង




លោកស្រី​ ឱ វណ្ណឌីន៖ ​ការចេះ​ខ្លាច​ និង​មិន​មើល​ស្រាល​ជំងឺ​កូវីដ​ ១៩ ​គឺ​ដើម្បី​​ការពារ​អាយុជីវិត​ខ្លួនឯង

Content image - Phnom Penh Post
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។ ហុង មិនា

លោកស្រី​ ឱ វណ្ណឌីន៖ ​ការចេះ​ខ្លាច​ និង​មិន​មើល​ស្រាល​ជំងឺ​កូវីដ​ ១៩ ​គឺ​ដើម្បី​​ការពារ​អាយុជីវិត​ខ្លួនឯង

ភ្នំពេញៈ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៩ ​មិថុនា​ បាន​សរសេរ​អត្ថបទ​មួយ​បង្ហាញ​ពី​ការបារម្ភ​នៃ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ពិសេស​ពួក​វីរុស​បំប្លែង​ថ្មី​ប្រភេទ Alpha និង Delta ដែល​កំពុង​វាយលុក​លើ​សកលលោក និង​បាន​រកឃើញ​មាន​ឆ្លង​នៅ​កម្ពុជា ខណៈ​លោកស្រី​សង្កេតឃើញ​ការអនុវត្ត​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​របស់​បុគ្គល និង​ម្ចាស់​ទីតាំង​ប្រមូលផ្ដុំ គឺ​នៅ​ខ្វះចន្លោះ​លើ​ចំណុច​ ៣ កុំ​។

តាមរយៈ​អត្ថបទ​ ១ ​ក្រោម​ចំណងជើង​ថា​៖ «​ការចេះ​ខ្លាច​ជំងឺ​កូវីដ​ ១៩ និង​មិន​មើលស្រាល​វីរុស​កូវីដ​ ១៩ គឺ​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​» ​របស់​លោកស្រី​ ឱ វណ្ណឌីន ​មាន​កម្រាស់​ ២ ​ទំព័រ បាន​សរសេរ បច្ចុប្បន្ននេះ​មនុស្សម្នា​នៅលើ​សកលលោក​កំពុងតែ​វីវក់​ជាមួយ​នឹង​ការវ៉ៃលុក​នៃ​វីរុស​កូវីដ​ ១៩ ដែល​បាន​ធ្វើឱ្យ​មាន​ការប៉ះពាល់​ដល់​សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ព្រមទាំង​ប្រាក់ចំណូល​គ្រួសារ​ផងដែរ​។

ស្ថានភាព​ចម្លងជំងឺ​កូវីដ​ ១៩ នៅតែ​ជា​ក្តី​ព្រួយបារម្ភ​របស់​មនុស្ស​នៅលើ​សកលលោក ជាមួយ​នឹង​ការរាតត្បាត​យ៉ាងខ្លាំងក្លា​ពី​វីរុស​បំប្លែង​ថ្មី​ដែល​កំពុងតែ​ចរាចរ​យ៉ាងសកម្ម​នៅលើ​​ភពផែនដី​យើង​នេះ​ និង​កំពុងតែ​ញាំញី​ការរស់នៅ​របស់​ប្រជាជន​ទូទៅ​។

លោកស្រី​សរសេរថា​៖ «​យើង​សង្កេតឃើញ​ថា ការចម្លង​វីរុស​កូវីដ ១៩ នាពេល​ថ្មីៗ​នេះ​ហាក់​មាន​សភាព​លឿន និង​ខ្លាំង គឺមាន​ពពួក​វីរុស​កូវីដ​ ១៩ ​ដែល​ពិភពលោក​ក៏​កំពុងតែ​បារម្ភ​ពី​ការចម្លង​របស់​វា (Variant of concern) នោះ គឺ​ពពួក B.1.1.7 (Alpha) និង​ពពួក B.1.617 2 (Delta)»​។

នៅ​ប្រទេស​កម្ពុជា វីរុស​កូវីដ- ១៩ ដែល​បំប្លែង​ថ្មី​នេះ​ក៏​បាន​រកឃើញ​ដោយ​ការវិភាគ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​វត្ថុ​សំណាក​អ្នកដំណើរ​ដែល​បាន​ចូលមក​កម្ពុជា​តាម​ច្រក​ផ្លូវគោក និង​ផ្លូវអាកាស ដែល​កន្លងមក​ក្រសួង​សុខាភិបាល​បានចេញ​សេចក្តី​ជូន​ព័ត៌មាន​រួចហើយ​ដែរ​។

នៅ​ថ្ងៃទី​ ១៨ ខែមិថុនា ឆ្នាំ ២០២១ ក៏មាន​ការរកឃើញ​បន្ថែមទៀត ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ពពួក B.1.617-2 (Delta) ចំនួន​ ៧ នាក់ (​ខេត្ត​បន្ទាយមានជ័យ ១ នាក់ ខេត្ត​ឧត្តរមានជ័យ​ ២ នាក់ ខេត្ត​សៀមរាប ​២ នាក់ ខេត្ត​កំពង់ចាម​ ១ នាក់ និង​ខេត្តកំពត​ ១ ​នាក់​) ​ដែល​ក្រសួង​សុខាភិបាល​ទើបតែ​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​ជូន​ដល់​សាធារណជន​នៅថ្ងៃនេះ​រួចហើយ​ដែរ​។

បើតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២០ ​ខែ​មិថុនា មាន​មនុស្ស​ចំនួន​ ១៧ ​នាក់​បន្ថែមទៀត​បាន​ទទួល​មរណភាព​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​នៅ​ទូទាំង​ប្រទេស​កើនឡើង​រហូត​ដល់​ជាង​ ៤០០ ​នាក់​ ខណៈ​ដែល​អ្នក​ឆ្លង​ថ្មី​មាន​រហូតដល់ ៦៥៩ ​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ៦២១ ​នាក់​។ គិត​ត្រឹម​ព្រឹក ថ្ងៃទី​ ២០ ខែមិថុនា​ឆ្នាំ​ ២០២១ ​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​សរុប​កើនឡើង​ដល់ ៤២ ៧១១ នាក់​អ្នកជា​សះស្បើយ​សរុប​ ៣៧ ៤៨៩ ​នាក់ និង​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៤៣១ ​នាក់​។

លោកស្រី​ វណ្ណឌីន បញ្ជាក់ថា បើតាម​តួលេខ​ខាងលើ​នេះ គឺជា​ចំនួន​គួរឱ្យ​មាន​ការព្រួយបារម្ភ ហើយ​ដែល​បងប្អូន​មួយចំនួន​ក៏​តែងតែ​ចោទ​សួរថា ហេតុអ្វី​បានជា​ចំនួន​ឆ្លង​ និង​ស្លាប់​នៅតែ​មាន​ច្រើន​បែបនេះ​?

ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​នេះ​បាន បុគ្គល​គ្រប់រូប​ចាំបាច់​ត្រូវតែ​បន្ត​យកចិត្ត​ទុកដាក់​ការពារ​ខ្លួន និង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​មែនទែន​ចូលរួម​កាត់ផ្តាច់​កុំឱ្យ​មាន​ការឆ្លង​បន្ត​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​ទោះជា​នៅក្នុង​គ្រួសារ នៅក្នុង​សហគមន៍ ឬ​នៅ​ទីតាំង​ណាក៏ដោយ​។

បើតាម​លោកស្រី ឱ វណ្ណឌីន វិធានការ​កាត់ផ្ដាច់​ការចម្លង​វីរុស​កូវីដ​ ១៩ នេះ​គឺ​លោក​នាយក​រដ្ឋមន្ត្រី​បានដាក់​ចេញ​ឱ្យ​អនុវត្ត​តាំងពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ​ ២០២០ ​ដែល​មាន​ ៣ការពារ និង​៣កុំ ហើយ​ និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ចាប់តាំងពី​ថ្ងៃទី​ ១០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ មក​ម៉្លេះ​។

«​ការអនុវត្ត​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន គឺ​នៅមាន​ខ្វះចន្លោះ​លើ​ចំណុច ៣ កុំ ដែល​ត្រូវ​យកចិត្ត​ទុកដាក់​បន្ថែមទៀត​លើ​ការកែប្រែ​ឥរិយាបថ​របស់​បុគ្គល និង​ម្ចាស់​ទីតាំង​ប្រមូលផ្តុំ​ទាំងឡាយ​ឱ្យមាន​ការចូលរួម​អនុវត្ត​វិធានការ ៣ កុំ នេះ​ជា​ចាំបាច់​រួមជាមួយ​នឹង​ការអនុវត្ត​ច្បាប់​ជា​ធរមាន​ផងដែរ​»​។

លោកស្រី​បន្ថែមថា ការទទួល​ខុសត្រូវ​របស់​បុគ្គល និង​សហគមន៍ គឺជា​ចំណុច​សំខាន់​មួយ​នៅក្នុង​បរិបទ​បច្ចុប្បន្ននេះ ដែល​ត្រូវតែ​ជំរុញឱ្យមាន​ការអនុវត្ត​ស្របតាម​វិធីសាស្ត្រ​រដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល​ ដើម្បី​បំពេញ​នូវ​ចន្លោះប្រហោង​របស់​បុគ្គល​ និង​សហគមន៍​ ឬ​អាច​និយាយ​ប្រៀបធៀប​បាន​ថា «​បំពេញ​ដី​កន្លែង​ជង្ហុកៗ​» ដើម្បី​ឈាន​ទៅ​រក​ការធ្វើ​ដំណើរ​លើផ្លូវ​បាន​រលូន​សំដៅ​កាត់ផ្តាច់​បាន​នូវ​ការចម្លង​ជំងឺ​បន្ត​គ្នា​ជាពិសេស​ទប់ស្កាត់​ការរាតត្បាត​នៅក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។

លោកស្រី​បន្តថា​៖ «​ភាគច្រើន​យើង​តែង​ឮថា មនុស្ស​ខ្លាច​កូវីដ ១៩ ក៏ប៉ុន្តែ​ការខ្លាច​របស់​យើង​ហាក់ដូចជា​មិនបាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ឆ្លង​នៃ​ជំងឺ​នេះ ដែល​នៅតែមាន​ការឆ្លង​ក្នុង​ចំនួន​​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​»​។

លោកស្រី​ថា​៖ «​បើ​យើង​ខ្លាច​យើង​ត្រូវតែ​ខិតខំ​ធ្វើយ៉ាងណា កុំឱ្យ​មាន​ការឆ្លង​ដោយ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ និង​ការពារ​រៀងៗ​ខ្លួន ជាពិសេស​មិនត្រូវ​បង្កឱ្យមាន​ការជួបជុំ​ណាមួយ​ ឬ​ការចល័ត​របស់​បុគ្គល​ជាច្រើន​ដែល​មិនមាន​ភារកិច្ច​ចាំបាច់ (​រហូត​កន្លែង​ខ្លះ​មាន​ការកកស្ទះ​មនុស្ស​នៅលើ​ដងផ្លូវ​ផង​ក៏មាន​) ​ដែល​បង្ក​ជា​បរិយាកាស​ដ៏ល្អ​សម្រាប់​វីរុស​កូវីដ​ ១៩ ធ្វើការ​ចម្លង​បន្ត ឬ​ធ្វើ​ចរាចរណ៍​បាន​ដោយ​ងាយស្រួល​»៕

អត្ថបទគួរចាប់អារម្មណ៍