ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​ ១៩ ខែមិថុនា បាន​ច្រានចោល​ព័ត៌មាន​ដែល​ចុះផ្សាយ​ខ្លឹមសារ​នៃ​ជំនួប​ជាមួយ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ដែល​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​ និង​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​នៃ​ជំនួប​រវាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ស្ថានទូត​វៀតណាម​កាលពី​ថ្ងៃ​ទី​ ១៧ ខែមិថុនា​កន្លងទៅ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បញ្ជាក់ថា ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ និង​សាធារណៈមតិ​មួយចំនួន​បាន​ធ្វើការ​ចុះផ្សាយ​ព័ត៌មាន​ដែលមាន​ចំណងជើង​ថា​ «​អាជ្ញាធរ​ខ្មែរ​ស្នើ​វៀតណាម​​ពន្លឿន​នីតិវិធី​ ដើម្បី​ទទួលយក​ជនជាតិ​របស់​ខ្លួន​ទៅ​វៀតណាម​វិញ​ឱ្យបាន​ឆាប់​» ​ដែល​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​ និង​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ និង​ស្ថានទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា ឆ្នាំ​ ២០២១​។

អ្នកនាំពាក្យ​បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​សំណើ​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ខាងលើ គឺ​សំដៅ​ដល់​ការស្នើសុំ​ទៅ​ភាគី​វៀតណាម​ផ្តល់​កិច្ចសហការ​ក្នុង​ការផ្តល់​ឯកសារ​ធ្វើ​ដំណើរ​សម្រាប់ធ្វើ​ការបណ្ដេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​គ្មាន​លិខិតឆ្លងដែន​ដែល​ត្រូវបាន​ឃាត់ខ្លួន​ និង​កំពុង​រក្សាទុក​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ឱ្យបាន​ឆាប់​ស្របតាម​ច្បាប់​ស្តីពី​អន្តោប្រវេសន៍​ហើយ​នីតិវិធី​នេះ​ត្រូវ​បាន​អនុវត្ត​ជាទូទៅ​ក្នុង​កិច្ចការងារ​អន្តោប្រវេសន៍​សម្រាប់​ធ្វើការ​បញ្ជូន​ជនបរទេស​ខុសច្បាប់​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​»​។

លោក កែវ វណ្ណថន អគ្គនាយករង​ និង​ជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ថ្លែងប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ​នៅ​ថ្ងៃទី​ ២០ ខែមិថុនា​ថា ​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់ ដែល​បាន​ឃាត់ខ្លួន​មក​រក្សាទុក នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ គឺ​បាន​រក្សាទុក​នៅ​កន្លែង ត្រៀម​បណ្ដេញចេញ​របស់​អគ្គនាយកដ្ឋាន​អន្តប្រវេសន៍​។

លោក​ថ្លែងថា​៖ «​ជនបរទេស​ខុសច្បាប់​ដែល​យើង​ចាប់​ឃាត់​មក អ្នកខ្លះ​មាន​លិខិត​ឆ្លងដែន អ្នកខ្លះ​អត់​មាន​។ ដូច្នេះ​យើង​ស្នើសុំ​ឱ្យ​គាត់ (​ស្ថានទូត​វៀតណាម​) ចេញ​ឯកសារ​ធ្វើ​ដំណើរ​ឬ​លិខិត​បើកផ្លូវ​ ដើម្បី​អាចឱ្យ​យើង​បញ្ជូន​ពួកគាត់​ទៅ​​ប្រទេស​ដើម​វិញ​»​។

បើតាម​លោក វណ្ណថន ជនបរទេស​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់ ដែល​មាន​លិខិត​ឆ្លងដែន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​អាច​បណ្ដេញចេញ​បាន ប៉ុន្ដែ​ចំពោះ​ជនបរទេស​គ្មាន​លិខិតឆ្លងដែន គឺ​ត្រូវ​ស្នើ​ទៅ​ស្ថានទូត​ក្នុង​ការសហការ ចេញ​លិខិត​ធ្វើដំណើរ​ ឬ​លិខិត​បើកផ្លូវ​សម្រាប់​ឱ្យ​ជនបរទេស​នោះ​ចេញទៅ​ប្រទេស​ដើម​វិញ​។

លោក​បាន​ថ្លែងថា​៖ «​ប្រសិនបើ​ជនជាតិ​វៀតណាម​រស់នៅ​ខុសច្បាប់​ដែល​យើង​ឃាត់ខ្លួន​បាន​ហើយ មាន​លិខិត​ឆ្លងដែន​យើង​អាច​ដេញចេញ​តាមផ្លូវ​គោក បើសិន​គ្មាន​លិខិត​ឆ្លងដែន យើង​ស្នើ​ទៅ​ស្ថានទូត​វៀតណាម​ក្នុង​ការសហការ​ធ្វើលិខិត​ ដើម្បី​ជំនួស លិខិតឆ្លងដែន សម្រាប់​បំពេញបែបបទ​ក្នុងការ​បណ្ដេញចេញ​»​។

លោក វណ្ណថន បានឱ្យដឹងថា បច្ចុប្បន្ន​មាន​ជនជាតិ​វៀតណាម​ខុសច្បាប់​ត្រៀម​បណ្ដេញចេញ​មាន​ចំនួន ៣​ នាក់​ដែល​ពួកគេ​គ្មាន​លិខិត​ឆ្លងដែន​សម្រាប់​ធ្វើដំណើរ​ទៅ​ប្រទេស​វៀតណាម​វិញ ដែល​ត្រូវមាន​កិច្ចសហការ​ពី​ស្ថានទូត​វៀតណាម​ក្នុង​ការធ្វើលិខិត​ជំនួស​លិខិត​ឆ្លងដែន​។

លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កាលពី​ថ្ងៃទី​ ១៧ ខែមិថុនា បានទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយនឹង​លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​។

តាមរយៈ​ជំនួប​នេះ លោក គៀត ច័ន្ទថារិទ្ធ បានស្នើ​ទៅកាន់​ឯកអគ្គរដ្ឋទូត​វៀតណាម​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ធ្វើ​យ៉ាងណា​បំពេញ​បែបបទ​ ដើម្បី​បញ្ជូន​ជនជាតិ​​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម​វិញ​ឱ្យបាន​ឆាប់​។

លោក Vu Quang Minh បាន​លើកឡើង​ក្នុងជំនួប​នេះដែរ លើ​ការងារ​គ្រប់គ្រង​ជនបរទេស ជាពិសេស​ប្រជាជន​វៀតណាម ដែល​កំពុង​ស្នាក់នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​។ ក្នុងនោះ​រួមមាន​​ដូចជា ការងារ​ជំរឿន​ស្ថិតិជន​បរទេស ការទទួល​ពាក្យស្នើសុំ និង​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្រៃ្តយ៍​ជនបរទេស និង​ការអនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ជាដើម​។

លោក ច័ន្ទថារិទ្ធ ថ្លែងថា ចំពោះ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា លោក​ក៏បាន​ស្នើឱ្យ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សង្គម-និយម​វៀតណាម បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ធ្វើ​យ៉ាងណា​បំពេញ​បែបបទ ដើម្បី​បញ្ជូន​អ្នក​ទាំងនោះ​ទៅ​ប្រទេស​វៀតណាម​វិញ​ឱ្យ​បាន​ឆាប់​៕

វីដេអូ៖