រតនគិរីៈ រដ្ឋបាល​ខេត្ដ​រតនគិរី​កំពុង​រឹតបន្តឹង​ការអនុវត្ដ​វិធានការ​សុខាភិបាល​នៅ​ភូមិសាស្ដ្រ​ក្រុង​បានលុង បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ឆ្លង​រីករាលដាល​ទ្រង់ទ្រាយ​ធំ​នៅក្នុង​សហគមន៍​ចាប់​ថ្ងៃទី ១៨-១៩ ខែមិថុនា​ចំនួន ១០៤ ​នាក់​បន្ថែមទៀត​។ នេះ​បើតាម​លោក ញ៉ែម សំអឿន អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​។

លោក ញ៉ែម សំអឿន ប្រាប់ ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ១៩ ​មិថុនា​ថា ចាប់តាំងពី​ផ្ទុះ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ រហូតមក ខេត្ដ​រតនគិរី រកឃើញ​ករណី​ឆ្លង​ចំនួន ១០៤ ​នាក់​សុទ្ធ​ជា​ករណី​នាំចូល​ពី​ខេត្ដ​ផ្សេងៗ និង​ពី​ប្រទេស​ថៃ​។ ទើប​រយៈពេល ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៨-១៩ ខែមិថុនា​នេះ​បាន​ផ្ទុះ​ករណី​ឆ្លង​ចូលដល់​សហគមន៍​ក្នុង​ក្រុង​បាន​លុង​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​ ១០៤ ​ករណី​ហើយ​។

លោក​ថ្លែងថា កន្លងមក​ខេត្ត​បាន​អនុវត្ដ​នូវ​វិធានការ​ការពារ​ទាក់ទង​នឹង​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។ ផ្លូវ​ចូល​ខេត្ដ​សំខាន់ៗ គឺ​យើង​បានដាក់​ប៉ុស្ដិ៍​ពិនិត្យ​សុខភាព​។ «​ចំពោះ​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ពី​ខេត្ដ​ផ្សេង​ចូលមក គឺ​យើង​ពិនិត្យ​សុខភាព វាស់​កម្ដៅ និង​សាកសួរ​ព័ត៌មាន​ពី​ពួកគាត់​។ ប្រសិនបើ​ពួកគាត់​មកពី​តំបន់​ដែល​ប្រឈម​ហានិភ័យ​ឆ្លង​កូវីដ​ ១៩ ខ្លាំង​យើង​យក​សំណាក​ពួកគាត់​ទៅពិនិត្យ​»​។

បើតាម​លោក សំអឿន ដើម្បី​ទប់ស្កាត់​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​នៅ​ថ្ងៃ​ ១៩ មិថុនា​គណៈបញ្ជាការ​ឯកភាព​ខេត្ដ​បាន​ដឹកនាំ​កិច្ចប្រជុំ ដើម្បី​រៀបចំ​ផែនការ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​បន្ត និង​ឈានទៅ​កំណត់​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ផងដែរ​។

លោក​ឱ្យដឹងថា នៅពេល​រាជរដ្ឋាភិបាល​ទទួលបាន​វ៉ាក់សាំង និង​ផ្ដល់​ដល់​រដ្ឋបាល​ខេត្ដ ដើម្បី​ចាក់​ជូន​ដល់​ពលរដ្ឋ​ក្នុងពេល​ឆាប់ៗ​។

រហូតដល់​បច្ចុប្បន្ន ខេត្ដ​រតនគិរី​ទើបបាន​រកឃើញ​ករណី​ឆ្លង​សរុប​ជាង ១០០ ​នាក់ ប៉ុន្តែ​មិនទាន់​មាន​ករណី​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ទេ​៕