The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នៅ​តម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​ក្រៅ​ទាំង​ខ្មែរ​ និង​បរទេស




កម្ពុជា​នៅ​តម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​ក្រៅ​ទាំង​ខ្មែរ​ និង​បរទេស

Content image - Phnom Penh Post
អ្នកដំណើរ​ពី​ក្រៅប្រទេស​ពេល​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ខែ​មិថុនា ឆ្នាំ​ ២០២០​។ ហេង ជីវ័ន

កម្ពុជា​នៅ​តម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ សម្រាប់​អ្នកដំណើរ​មកពី​ប្រទេស​ក្រៅ​ទាំង​ខ្មែរ​ និង​បរទេស

ចាប់តាំងពី​ដើមខែ​ឧសភា​មក​ជា​មធ្យម​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ពី​ ៥ ទៅ​ជាង​ ១០ ​នាក់​បាន​ស្លាប់​ក្នុង​ ១ ​ថ្ងៃ​ ដោយសារ​តែ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ខណៈ​ដែល​ពលរដ្ឋ​ជាច្រើន​រយ​នាក់​ផ្សេងទៀត​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​ដ៏កាចសាហាវ​នេះ​ជា​បន្តបន្ទាប់​គិត​ចាប់តាំងពី​ការផ្ទុះឡើង​ការឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​។ ទោះបី​យ៉ាងណា​អត្រា​នៃ​ការព្យាបាល​ជាសះស្បើយ​ក៏មាន​រាប់រយ​នាក់​ផងដែរ​ក្នុង​ ១ ​ថ្ងៃ​។

ជំងឺ​សកល​កូវីដ​ ១៩ ​ត្រូវ​បាន​រកឃើញ​ដំបូង​ក្នុងប្រទេស​កម្ពុជា​លើ​អ្នកដំណើរ​ជា​ជនបរទេស​ ១ ​រូប​ កាលពី​ខែមករា និង​បានទទួល​ការព្យាបាល​ជា​សះស្បើយ​វិញ និង​បាន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​កាលពី​ខែកុម្ភៈ​ឆ្នាំ​ ២០២០ ​ផងដែរ​។ ​ហេតុការណ៍​នេះ​ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​មួយ​ដែលមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​​សំខាន់ៗ​ជាច្រើន​ ដើម្បី​ពិនិត្យ​គ្រប់គ្រង និង​ពង្រឹង​យន្ដការ​នៃ​ការឆ្លើយតប​ការស្រាវជ្រាវ​ និង​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​នេះ​នៅ​កម្ពុជា​។

ជាមួយ​នឹង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្រុមការងារ​នេះ​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ការគ្រប់គ្រង​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មុន​ និង​ក្រោយ​ការឆ្លង​ចូល​សហគមន៍​លើក​ទី​ ១ និង​លើក​ទី​ ២ ​នៅ​ចុងឆ្នាំ​ ២០២០ ដោយបាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់ និង​ម៉ឺងម៉ាត់​ជាច្រើន​។ ទោះយ៉ាងណា​ការឆ្លង​ចូល​សហគមន៍​លើក​ទី​ ៣ ឬ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​នោះបាន​ក្លាយជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្ពុជា​ឈានដល់​ការបិទ​ខ្ទប់​រាជធានី-ភ្នំពេញ​ និង​ខេត្ត​មួយចំនួន​ធ្វើឱ្យ​រំហូរ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នៅជាប់​ទ្រឹង​មួយរយៈ​ខ្លី​។

ប៉ុន្តែ​ក្រោយ​ការខិតខំ​ប្រឹងប្រែង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​កម្ពុជា​ក៏​អាច​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​បន្តិច​វិញ​ជាថ្មី​ និង​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​បំផ្លាស់ទី និង​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​តាម​ធម្មតា​ បើទោះបី​ជា​អត្រា​នៃ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​នៅតែ​បន្ត​កើតមាន​ក្តី​។

វិធានការ​មុនពេល​មាន​ការឆ្លង​វីរុស​កូវីដ​ ១៩ ក្នុង​សហគមន៍

​​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដើមខែ​មីនា ឆ្នាំ​ ២០២០ បានសម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​អមដោយ​អនុប្រធាន​ ៥ ​រូប និង​សមាជិក​ជាច្រើន​រូប​ទៀត​។ ​មន្ត្រី​ទាំងនេះ​មកពី​បណ្តា​ក្រសួង​ស្ថាប័ន​ផ្សេងៗ និង​សមាជិក​ដទៃទៀត​ជា​អភិបាល​រាជធានី-ខេត្ត​ទាំងអស់​នៅ​កម្ពុជា​។

គណៈកម្មាធិការ​នេះ​មាន​ភារកិច្ច​កំណត់​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាតិ​ពាក់ព័ន្ធ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។ ​អនុវត្ត​ផែនការ​បង្ការ ការពារ ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ និង​គ្រប់គ្រង​ផលប៉ះពាល់​លើ​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ពេល​ថ្មីៗ​នេះ និស្សិត​ខ្មែរ​ ១ ​រូប​ដែល​បាន​ប្រឡង​ជាប់​អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ថៃ លោក ជីវ សុខហួរ បានឱ្យដឹងថា លោក​បាន​វិល​ត្រឡប់មក​ប្រទេស​កំណើត​កាលពី​ខែមីនា ឆ្នាំ​ ២០២០ ក្នុងអំឡុង​ពេលដែល​កម្ពុជា​មិនទាន់​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ខ្លាំង​នៅឡើយ​។

លោក​ថា ពេល​មកដល់ លោក​មិន​តម្រូវ​ឱ្យ​មាន​ការធ្វើ​ចត្តាឡីស័ក​តឹងតែង​នោះទេ​។ ​លោក​និយាយថា​៖ «​ការដាក់​ឱ្យនៅ​ដាច់​ឆ្ងាយ​ពី​គេ​ ឬ​ការធ្វើ​ចត្តាឡីស័ក​មិនមែន​ជា​ការចាំបាច់​នោះទេ​អំឡុង​ពេលនោះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្នុង​នាម​ខ្ញុំ​ជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ញុំ​បាន​ជ្រើសរើស​នៅផ្ទះ​ដាច់​ដោយឡែក​ដោយ​ខ្លួន​ខ្ញុំ​អស់​រយៈពេល ២ ​សប្តាហ៍​»​។

លោក ជីវ សុខហួរ បន្ថែមថា នៅពេល​ដែល​លោក​មកដល់​ព្រលានយន្តហោះ ដំណើរការ​ទាំងមូល​នៅ​​អាកាសយានដ្ឋាន​ បន្ទាប់ពី​ចុះចត​បាន​ដំណើរការ​យ៉ាង​លឿន​។ ​ក្រុមការងារ​សុខាភិបាល​បានប្រគល់​សំណុំ​បែបបទ​ប្រកាស​សុខភាព​មួយ​ចំនួន​ដល់​លោក​ និង​អ្នកដំណើរ​ផ្សេងទៀត​ ដើម្បី​បំពេញ ហើយ​ក៏​មិនបាន​សួរ​សំណួរ​អ្វី​បន្ថែម​ទាក់ទង​នឹង​សុខភាព​លោក​ដែរ​។

លោក​ប្រាប់ថា​៖ «​កុំថាឡើយ​សួរ​ទាក់ទង​សុខភាព សូម្បីតែ​សួរ​ទាក់ទង​នឹង​ការដាក់​ធ្វើ​ចត្តាឡីស័ក ឬ​នៅ​ដាច់​ពី​គេ​ ឬ​អ្វី​នោះ​ក៏​មិនមាន​ដែរ​។ ដូច្នេះ ខ្ញុំ​អាច​និយាយ​ឱ្យ​ខ្លី​ថា សម្រាប់​អ្នកដំណើរ​មកពី​ក្រៅ​ក្នុងអំឡុង​ដើមឆ្នាំ​ ២០២០ ​គឺ​មិន​មាន​ការតឹងតែង​ ឬ​រឹតត្បិត​លើ​ការធ្វើ​ចត្តាឡីស័ក​ទេ​»​។

និស្សិត​រូបនេះ​បញ្ជាក់ថា នៅពេល​នោះ​ទាំង​ជនជាតិខ្មែរ និង​បរទេស មិន​តម្រូវ​ឱ្យ​មាន​ឯកសារ​អ្វី​ដូច​ពេលនេះ​ដែល​ត្រូវមាន​លិខិតបញ្ជាក់​សុខភាព​ ឬ​ការធ្វើ​តេស្ត​ជាដើម​។ ​លោក​ សុខហួរ ​ថា​៖ «​ខ្ញុំ​គិតថា ការធ្វើដំណើរ​កាលពី​ដើម​ឆ្នាំ​ ២០២០ គឺ​ងាយស្រួល​ជាង​សព្វថ្ងៃនេះ​»​។

ចំណែក​អ្នកនាង ភួង ម៉ាលី ផេង (PhoungMaliePheng) ដែល​បាន​មកលេង​កម្សាន្ត​ប្រទេស​កម្ពុជា ​កាលពី​ខែតុលា ឆ្នាំ​ ២០២០ បាន​ធ្វើការ​ចែករំលែក​នូវ​បទពិសោធ​របស់​នាង​តាមរយៈ​វីដេអូ​ Youtube ​ចំពោះ​ការធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ និង​ការមកដល់​ប្រទេស​កម្ពុជា​។

នាង​និយាយថា បើ​អ្នកដំណើរ​ណា​មិនបាន​ធ្វើតេស្ត​ក្នុង​រយៈពេល​ ៧២ ​ម៉ោង​ ឬ​ធ្វើ​លើស​ម៉ោង​នេះ​មុន​ឡើង​យន្តហោះ ក្រុមហ៊ុន​ហោះហើរ​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទេ ហើយ​អ្វីដែល​សំខាន់​នៅលើ​លទ្ធផល​តេស្ត​ក៏ត្រូវ​មាន​ចុះហត្ថលេខា​របស់​វេជ្ជបណ្ឌិត​ផងដែរ ដើម្បី​បញ្ជាក់ថា​លទ្ធផល​ហ្នឹង​ពិតប្រាកដ​មែន​។

អ្នកនាង​បន្ថែមថា​៖ «​នៅពេល​យើង​មកដល់​ស្រុក​ខ្មែរ គឺ​យើង​ចាំបាច់​ត្រូវមាន​អាសយដ្ឋាន​ និង​លេខ​ទំនាក់ទំនង​របស់​អ្នក​នៅ​ស្រុក​ខ្មែរ​ដែល​យើង​ត្រូវ​មក​ស្នាក់នៅ​ជាមួយ ដោយសារ​ក្រសួង​សុខាភិបាល​ត្រូវការ​ក្នុង​ការទំនាក់ទំនង​ក្នុង​ករណី​មាន​ហេតុ​អ្វីមួយ​កើតឡើង​»​។

មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អ្នកដំណើរ​ត្រូវធ្វើ​តេស្ត​រក​កូវីដ-១៩​ម្តងទៀត​។ សម្រាប់​ការធ្វើ​ចត្តាឡីស័ក​វិញ មាន​ជម្រើស​ ២ ​គឺ​ធ្វើ​ចត្តាឡីស័ក​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ដោយ​មិន​គិតថ្លៃ និង​ជម្រើស​មួយទៀត​គឺ​នៅ​សណ្ឋាគារ ប៉ុន្តែ​ត្រូវ​ចំណាយលុយ​ដោយ​ខ្លួនឯង​។

អ្នកនាង​ ភួង ម៉ាលីផេង និយាយថា​៖ «​ខ្ញុំ​អាច​និយាយ​បាន​ថា ខ្ញុំ​សំណាង​ដែល​ក្នុងអំឡុង​ពេល​ដែល​ខ្ញុំ​មកលេង​ស្រុក​ខ្មែរ​នោះ មិន​មាន​ការរឹតត្បិត​តឹងតែង ហើយ​ការធ្វើ​ចត្តាឡីស័ក​តែ​ ២ ​ថ្ងៃ​ប៉ុណ្ណោះ បើ​អ្នកជិះ​នៅលើ​យន្តហោះ​នោះ​មិនមាន​អ្នក​មាន​វិជ្ជមាន​កូវីដ​ ១៩​។ ប៉ុន្តែ​នៅពេល​ក្រោយមក​បន្តិច​មាន​ការផ្លាស់ប្តូរ​ពី​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ចត្តាឡីស័ក​រហូតដល់​ ១៤ ​ថ្ងៃ​ ទោះបី​ជា​អ្នកធ្វើ​ដំណើរ​ក្នុង​យន្តហោះ​មាន​អ្នកមាន​វិជ្ជមាន ឬ​មិនមាន​ក៏ដោយ​»​។

ប្រទេស​កម្ពុជា​ឆ្លងកាត់​ព្រឹត្តិការណ៍​សហគមន៍​ចំនួន​ ៣ ​លើក

នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២០ មានការ​ភ្ញាក់ផ្អើល​ ក្រោយពេល​ដែល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ហុងគ្រី លោក PéterSzijjártó ​មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ ក្រោយពេល​ចាកចេញ​ពី​កម្ពុជា ទៅ​ដល់​ប្រទេស​ថៃ​។

«​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​» ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដាក់ឈ្មោះ​ឱ្យ​ដើម្បី​ងាយស្រួល​ចងចាំ​។ ក្នុង​ព្រឹត្តិការណ៍​នេះ មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ចំនួន ១ ៨០២ ​នាក់ ហើយ​ក្នុងនោះ​មនុស្ស​ ៤ ​នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ និង​មានការ​ពាក់ព័ន្ធ​ដល់​​ ១១ ​ខេត្ត នៅក្នុង​ប្រទេស​កម្ពុជា​។ ​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី​ ១ ​នេះ​ត្រូវបាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ និង​ដោយ​ជោគជ័យ​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ក្រសួង​ពាក់ព័ន្ធ រួម​នឹង​ស្ថាប័ន​ជាច្រើន​ទៀត​នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា ឆ្នាំ​ ២០២០​។

នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា មាន​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​កើតឡើង​ ឬ​អាច​ហៅ​បាន​ថា​ព្រឹត្តិការណ៍​ទី​ ២ ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ប្រទេស​កម្ពុជា​។ ​«​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ ២៨ ​វិច្ឆិកា​» ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ លើ​ភរិយា​លោក​អគ្គនាយក​ពន្ធនាគារ ឆែម សាវុធ ដែល​មិន​បានដឹង​ប្រភព​ច្បាស់​ថា គាត់​ឆ្លង​ពី​អ្នកណា​នោះទេ ខណៈ​ដែល​ពួកគាត់​មិនបាន​ពាក់ព័ន្ធ​ទាល់តែសោះ ជាមួយ​នឹង​ព្រឹត្តិការណ៍​ ៣ ​វិច្ឆិកា​។

ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​មាន​អ្នក​ឆ្លង​ចំនួន​ ៤១ ​នាក់ ប៉ុន្តែ​យ៉ាងណាក្តី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​យ៉ាង​ល្អ​ និង​ជោគជ័យ ដែល​ធ្វើឱ្យ​ព្រឹត្តិការណ៍​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២០ បន្ទាប់ពី​លែងមាន​អ្នក​ឆ្លង​បន្តទៀត​រយៈពេល​ ២ ​សប្តាហ៍​។

ក្នុង​ឆ្នាំ​ ២០២០ ​កន្លង​មកនេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​ ១៩ ​សរុប​ចំនួន ៣៧៨ ​នាក់ និង​មិនមាន​អ្នកស្លាប់​ទេ​។

បន្ទាប់ពី​ព្រឹត្តិការណ៍​ទី​ ២ ​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កូវីដ​ ១៩ ​កន្លង​ផុត​ទៅ ព្រឹត្តិការណ៍​ទី​ ៣ ​បាន​កើតឡើង​ម្តងទៀត​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល​លោក​ ហ៊ុន សែន ដាក់ឈ្មោះ​ថា «​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» ដែល​បាន​កើតឡើង​រីករាលដាល​នៅ​ទូទាំង​ប្រទេស​កម្ពុជា​រហូត​មកដល់​ពេល​នេះ​។

ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​ ៤០ ០០០ ​នាក់​ឆ្លង​ជំងឺ​នេះ និង​មាន​អ្នកស្លាប់​ជាង​ ៤០០ ​នាក់​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​មិនទាន់​អាច​កំណត់ថា​តើ​នឹង​បញ្ចប់​នៅពេលណា​ទេ​។

ការអនុវត្ត​ការធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកធ្វើ​ដំណើរ​មក​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ការអនុវត្ត​វិធានការ​សុខាភិបាល និង​ការធ្វើ​ចត្តាឡីស័ក​​ចំពោះ​អ្នកធ្វើដំណើរ​ទាំងអស់​ចូលមក​ប្រទេស​កម្ពុជា​។ ​ការអនុវត្ត​នេះ​គឺ​ចាប់ពី​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២០ មក ដោយមាន​ការឯកភាព​ពី​លោក​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា​៖ «​អ្នកដំណើរ​ទាំងអស់​ចូលមក​​ប្រទេស​កម្ពុជា ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​ពេញលេញ​ ក្រោយពី​បាន​ធ្វើ​តេស្ត​ពេល​មកដល់​កម្ពុជា ហើយ​អ្នកដំណើរ​ទាំងអស់​ត្រូវ​តែមាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ (Health Certificate) ​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល​ទទួលស្គាល់​ ដោយ​ប្រទេស​សាមី បញ្ជាក់ថា គ្មាន​កូវីដ​ ១៩ មាន​សុពលភាព​រយៈពេល​ ៧២ ​ម៉ោង​មុនពេល​ចេញដំណើរ​»​។

ជាមួយ​គ្នា​នេះ យោងតាម​អនុក្រឹត្យ​ស្តីពី «​វិធានការ​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​និង​ជំងឺឆ្លង​កាចសាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​» ដែល​ត្រូវបាន​ចុះហត្ថលេខា​ដាក់​ឱ្យ​អនុវត្ត​ ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់ពី​ថ្ងៃទី​ ១២ ខែមីនា ឆ្នាំ​ ២០២១ បាន​បញ្ជាក់​ដែរថា ប្រជាពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​ដែល​ធ្វើ​ដំណើរ​ពី​បរទេស​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​ និង​បុគ្គល​ដែល​ប៉ះពាល់​ដោយផ្ទាល់​ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩ ឬ​ជាមួយ​អ្នក​ដែល​សង្ស័យ​មាន​ផ្ទុក​កូវីដ ត្រូវ​ធ្វើ​សេចក្តីប្រកាស​សុខភាព​។

ពួកគេ​ត្រូវបំពេញ​ទម្រង់​ប្រកាស​សុខភាព​ដែល​កំណត់ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​តាមរយៈ​ការផ្តល់​ព័ត៌មាន​ចាំបាច់​ផ្សេងទៀត តាម​ការសាកសួរ​របស់​មន្ត្រី​សុខាភិបាល​ ឬ​មន្ត្រី​ជំនាញ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​។

ពលរដ្ឋ ​និង​ជនបរទេស​ដែល​ធ្វើ​ដំណើរ​ពី​បរទេស​ចូល​មកក្នុង​ប្រទេស​កម្ពុជា ត្រូវ​ផ្តល់​លិខិតបញ្ជាក់​សុខភាព​ដែល​បញ្ជាក់ថា គ្មាន​មេរោគ​កូវីដ​ ១៩ មាន​សុពលភាព​រយៈពេល​ ៧២ ​ម៉ោង​មុនពេល​ធ្វើដំណើរ​។ លិខិត​សុខភាព​នេះ ចេញ​ដោយ​អាជ្ញាធរ​ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ខ្លួន​ស្ថិតនៅ​មុនពេល​ធ្វើដំណើរ ឬ​លិខិតបញ្ជាក់​ផ្សេងទៀត​តាម​ការកំណត់​របស់​ក្រសួង​សុខាភិបាល​។

តើ​អ្នកដំណើរ​ជាតិ​ និង​អន្តរជាតិ​ត្រូវធ្វើ​ដូចម្តេច​ក្នុងអំឡុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​?

អ្នកនាង ងិន លីដា ប្រធាន​ភ្នាក់ងារ​លក់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​កម្ពុជា​ដែល​បានធ្វើ​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក​កាលពី​ខែឧសភា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកនាង​ត្រូវបាន​ធ្វើតេស្ត​កូវីដ​ចំនួន​ ៣​ ដង​។ លើក​ទី​ ១ ​មុន​ឡើង​យន្តហោះ​តម្រូវ​ឱ្យ​ធ្វើតេស្ត​ក្នុងអំឡុងពេល​ ៧២ ​ម៉ោង​មុន​ឡើង​យន្តហោះ​។ លើក​ទី​ ២ ​ពេល​ដូរ​ជើង​ហោះ និង​លើក​ទី​ ៣ ​ពេល​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។

អ្នកនាង​ លីដា ​ប្រាប់​ថា​៖ «​លទ្ធផល​តេស្ត​ទាំង​ ៣ ​ដង​របស់ខ្ញុំ​គឺ​អវិជ្ជមាន ហើយ​ខ្ញុំ​ក៏បាន​ចាក់​វ៉ាក់សាំង​ ២ ​ដង​រួចរាល់​ហើយ​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ទៀត​ដែរ​នៅពេល​មកដល់​ប្រទេស​យើង​»​។

នៅពេល​ដែល​បានមក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម អ្នកនាង​ លីដា ​បាន​រៀបរាប់​ពី​បទពិសោធ​ដែល​នាង​បាន​ជួបប្រទះ​។ បើតាម​អ្នកនាង​ លីដា មន្ត្រីពេទ្យ​នៅក្នុង​ព្រលានយន្តហោះ​បាន​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩​លើ​នាង​លើក​ទី​ ១ មុនពេល​ត្រូវ​ដឹក​យកមក​ដាក់​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​តាម​ការសម្រេច​របស់ខ្លួន​។

គួរ​បញ្ជាក់ថា ការធ្វើ​ចត្តាឡីស័ក​មាន​ ២ ​ជម្រើស ទី​ ១ ​ស្នាក់នៅ​សណ្ឋាគារ​ដែល​តម្រូវ​ឱ្យ​អ្នកស្នាក់នៅ​បង់ថ្លៃ​ស្នាក់នៅ​ និង​ថ្លៃ​អាហារ​ដោយ​ខ្លួនឯង និង​ជម្រើស​ទី​ ២ គឺ​ការធ្វើ​ចត្តាឡីស័ក​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​គឺ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​ដែល​មិន​តម្រូវ​ឱ្យ​មាន​ការបង់លុយ​ថ្លៃ​ស្នាក់នៅ​ និង​អាហារ​ទេ​។

អ្នកនាង​ លីដា ប្រាប់ថា​៖ «​ខ្ញុំ​បានសម្រេច​ចិត្ត​ធ្វើ​ចត្តាឡីស័ក​នៅ​សណ្ឋាគារ ដែល​ក្នុង​រយៈពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ចត្តាឡីស័ក​នេះ ខ្ញុំ​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​ជាង​ ១ ០០០ ​ដុល្លារ​សម្រាប់​ថ្លៃ​ស្នាក់នៅ​ និង​អាហារ​។ សម្រាប់​តម្លៃ​បន្ទប់​គឺ​ ១ ​យប់​ ៦០ ​ដុល្លារ និង​តម្លៃ​អាហារ​មួយពេល​ ១០ ​ដុល្លារ​។ ដូចនេះ​ក្នុង​ ១ ​ថ្ងៃ ខ្ញុំ​ត្រូវ​ចំណាយ​អស់​ ៩០ ​ដុល្លារ​សម្រាប់​សេវា​ស្នាក់នៅ​ និង​អាហារ ហើយ​ជា​សំណាងល្អ​កន្លែង​ស្នាក់នៅ ភ្ញៀវ​អាច​កុម្ម៉ង់​អាហារ​ក្រៅ​បាន​»​។

«​ខ្ញុំ​ត្រូវ​នៅក្នុង​បន្ទប់​តែម្នាក់ឯង មិន​ឱ្យ​ចេញ​ក្រៅ ហើយ​ក៏​មិនឱ្យ​មាន​អ្នកណា​ចូលក្នុង​បន្ទប់​នេះដែរ សូម្បីតែ​អ្នក​សម្អាត​បន្ទប់​។ ខ្ញុំ​ត្រូវបាន​គេ​ធ្វើតេស្ត​លើក​ទី​ ២ ​ក្នុង​អំឡុង​ពេលធ្វើ​ចត្តាឡីស័ក ដោយ​មិន​ធ្វើតេស្ត​រហ័ស​ទេ គឺ​ត្រូវយក​សំណាក​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​ត្រូវការ​ចំណាយពេល​ពី​ ២៤ ​ទៅ​ ៤៦ ​ម៉ោង​ ដោយសារ​មាន​អ្នក​ធ្វើតេស្ត​ច្រើន​»​។ ​នេះ​ជា​ការរៀបរាប់​របស់​អ្នកនាង​ លីដា​។

ទាក់ទង​នឹង​ការរឹតត្បិត​ធ្វើ​ចត្តាឡីស័ក​រហូតដល់​ ១៤ ​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា​សម្រាប់​អ្នកដំណើរ​មកពី​ក្រៅប្រទេស លីដា ​យល់ឃើញ​ថា ជា​ការយកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ប៉ុន្តែ​អ្វី​ដែលជា​ចំណុច​ខ្វះខាត​ដែល​ លីដា ​បាន​មើលឃើញ និង​ជួបប្រទះ​ផ្ទាល់ គឺ​ការខ្វះខាត​ការផលិត​នូវ​ព័ត៌មាន​ និង​ការផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​ប្រទេស​ថា តើ​ពួកគាត់​ត្រូវ​ឆ្លងកាត់​អ្វីខ្លះ​ពេល​ចូលក្នុង​ប្រទេស​ទាក់ទង​នឹង​ការស្នាក់នៅ និង​តម្រូវការ​មួយចំនួន​ដែល​ពួកគាត់​ត្រូវធ្វើ​។

អ្នកនាង ងិន លីដា និយាយ​ថា​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​សព្វថ្ងៃនេះ​គឺ​គាត់​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ហើយ​។ ប៉ុន្តែ​ក៏​នៅមាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​គាត់​ត្រូវធ្វើ​បន្ថែម ជាពិសេស​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅដល់​ប្រជាជន​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ក្នុង​ការជូន​ដំណឹង​ឱ្យមាន​ការដឹង​ជាមុន​ពី​ការស្នាក់នៅ​ និង​ការចំណាយ​ផ្សេងៗ​ ដើម្បី​ឱ្យ​គាត់​បានដឹង​ និង​ត្រៀម​ជា​ថវិកា​ហើយ​គួរតែមាន​អ្នក​ដែល​អាចឆ្លើយតប​នឹង​សំណួរ​របស់​អ្នកធ្វើ​ដំណើរ​ដែរ​។

បើ​ផ្អែកលើ​ចំណុច​មួយ​នៃ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​ទាក់ទង​នឹង​លក្ខខណ្ឌ​ធ្វើដំណើរ​របស់ «​ជនបរទេស​ដែលជា​វិនិយោគិន​ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ កម្មករ​ជំនាញ អ្នកបច្ចេកទេស និង​ក្រុមគ្រួសារ​ដែល​មិនមាន​ការធានា ប៉ុន្តែ​ទទួល​បាន​ការអញ្ជើញ​» ​គឺ​ពេល​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា អ្នកដំណើរ​បរទេស​ត្រូវ​បង្ហាញ​ទិដ្ឋាការ​មាន​សុពលភាព និង​ចេញ​ដោយ​ស្ថានទូត​កម្ពុជា ឬ​ស្ថាន​កុងស៊ុល​កម្ពុជា​នៃ​ប្រទេស​សាមី​។

បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ប្រទេស​សាមី​បញ្ជាក់ថា​គ្មាន​ជំងឺ​កូវីដ-១៩ ក្នុង​រយៈពេល​ ៧២ ​ម៉ោង មុនពេល​ចេញដំណើរ​។ បង្ហាញ​លិខិត​អញ្ជើញ លិខិតបញ្ជាក់​ការទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព និង​លិខិត​ ឬ​ឯកសារ​កក់​សណ្ឋាគារ​។

ក្រសួង​បញ្ជាក់ថា​៖ «​អ្នកដំណើរ​បរទេស​ត្រូវដាក់​ប្រាក់​តម្កល់​ចំនួន ​២ ០០០ ​ដុល្លារ សម្រាប់​ចំណាយ​លើ​ការស្នាក់​នៅក្នុង​អំឡុងពេល​រង់ចាំ​លទ្ធផល​តេស្ត​រក​មេរោគ​កូវីដ​ ១៩​។ ថ្លៃ​ធ្វើតេស្ត ថ្លៃ​ដឹកជញ្ជូន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ទៅ​សណ្ឋាគារ​ដែល​បាន​កក់ និង​ចំណាយ​អំឡុងពេល​ធ្វើ​ចត្តាឡីស័ក ក្នុង​ករណី​ដែល​អ្នករួមដំណើរ​ណា​ម្នាក់​មាន​វិជ្ជមាន​កូវីដ​ ១៩»​។

ការតម្កល់​ប្រាក់​នេះ មិន​តម្រូវ​ឱ្យ​អ្នកដំណើរ​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើការ​ដាក់​ប្រាក់​តម្កល់​ឡើយ​។ ​ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​អ្នកដំណើរ​បរទេស​ដែលជា​វិនិយោគិន-ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ កម្មករ​ជំនាញ អ្នកបច្ចេកទេស និង​ក្រុមគ្រួសារ​ដែល​មិនមាន​ការធានា ប៉ុន្តែ​មិន​ទទួលបាន​ការអញ្ជើញ ក៏​តម្រូវ​ឱ្យ​មាន​ការដាក់​ប្រាក់​កក់​តម្កល់​ចំនួន​ ២ ០០០ ​ដុល្លារ​ដូចគ្នា​។ ប៉ុន្តែ​ត្រូវ​ទិញ​សេវា​ធានា​រ៉ាប់រង​សុខភាព សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ក្នុងតម្លៃ​ ៩០ ​ដុល្លារ និង​មាន​រយៈពេល​ធានា​ ២០ ​ថ្ងៃ​។

អ្នកជំនួញ​ជនជាតិ​ម៉ាឡេស៊ី​ ១ ​រូប​ដែល​បានធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ ១០ ​ដង ក្នុង​រយៈពេល​ជាង ១០ ​ឆ្នាំ​កន្លងមកនេះ និង​ការមកដល់​ប្រទេស​កម្ពុជា​ចុងក្រោយ​នៅ​ថ្ងៃទី​ ១៩ កុម្ភៈ ឆ្នាំ​ ២០២១ និង​បាន​វិលត្រឡប់​ទៅវិញ​កាលពីដើម​ខែមេសា បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា នៅពេល​ដែល​លោក​មកដល់​ភ្លាម​បាន​ធ្វើ​ដំណើរ​ត្រង់​ពី​អាកាសយានដ្ឋាន​ទៅ​សណ្ឋាគារ​ សម្រាប់​ធ្វើ​ចត្តាឡីស័ក​រយៈពេល​ ១៤ ​ថ្ងៃ​។

លោក​មក​កម្ពុជា​គឺ​ក្នុង​គោលបំណង​ទស្សនកិច្ច​អាជីវកម្ម​មួយ​ នៅពេល​ដែល​លោក​មាន​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ដែល​បាន​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​គម្រោង​កំពុងដំណើរការ​បូករួម​នឹង​ការងារ​មួយចំនួនទៀត​ដែល​លោក​ត្រូវធ្វើ​ជាមួយ​ធនាគារ​ ABA​។ ​លោក​បញ្ជាក់ថា ជារួម​លោក​បាន​ស្នាក់នៅ​ប្រទេស​កម្ពុជា​ចំនួន​ ៤៤ ​ថ្ងៃ​ដោយ​ក្នុងនោះ​ ១៤ ​ថ្ងៃ​គឺ​លោក​ចំណាយពេល​ទាំងអស់​ក្នុង​ការធ្វើ​ចត្តាឡីស័ក​។

ជនបរទេស​រូបនេះ​បន្តថា​៖ «​ខ្ញុំ​តម្រូវឱ្យ​តម្កល់​ប្រាក់​សរុប​ចំនួន ២ ០០០ ​ដុល្លារ​នៅពេល​ដែល​ខ្ញុំ​មកដល់​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ពេល​ចប់​ចត្តាឡីស័ក ខ្ញុំ​មិនបាន​ទទួល​លុយ​គ្រប់​ចំនួន​មកវិញ​ទេ ដោយសារ​លុយ​ទាំងនេះ​ត្រូវ​កាត់​សម្រាប់​ការចំណាយ​លើ​សណ្ឋាគារ​ និង​អាហារ​ដែរ​»​។

លោក​បាន​លើក​ពី​ចំណុច​មួយចំនួន​ទៀតថា អ្នកដំណើរ​គួរតែមាន​សាច់​ប្រាក់សុទ្ធ​នៅ​ជាប់​ខ្លួន​មួយចំនួន​។ ព្រោះ​ពេលខ្លះ​បណ្ណ​ឥណទាន​ផ្សេងៗ​មិនមែន​សុទ្ធតែ​អាច​ដំណើរការ​បាន​ទាំងអស់​ទេ​ ដោយ​លោក​មាន​បទពិសោធ​នូវ​ការដក​ប្រាក់​មិន​គ្រប់ ព្រោះ​នៅតាម​ទូអេធីអឹម អាច​ដក​ប្រាក់​បាន​មាន​កំណត់​អតិបរមា​។

លោក​បន្ថែមថា​៖ «​យើង​មិនអាច​ជ្រើសរើស​សណ្ឋាគារ​ដោយ​ខ្លួនឯង​បានទេ​។ ការដឹកជញ្ជូន ពួកយើង​ទាំងអស់​គ្នា​ត្រូវបាន​គេ​បញ្ជូន​ចូលក្នុង​ឡានក្រុង​ ១ ​ហើយ​ដឹក​ទៅ​សណ្ឋាគារ​។ បើទោះជា​ត្រូវគោរព​នូវ​បង្ការ​សុវត្ថិភាព «​រក្សា​គម្លាត​សង្គម​» តែ​ដឹក​បែបនេះ​វា​មាន​ហានិភ័យ​ឆ្លង​ខ្លាំងណាស់​»​។

ដំណើរការ​ចុះឈ្មោះ​ស្នាក់នៅ​មាន​ការយឺតយ៉ាវ ខណៈ​រថយន្តក្រុង​ដែល​ដឹក​អ្នកដំណើរ​ចូល​កន្លែង​ទទួលភ្ញៀវ​មាន​ទំហំ​តូច ដោយ​រាប់ទាំង​ចំនួន​បុគ្គលិក​សណ្ឋាគារ​ទៀត​នោះ គឺ​កាន់តែ​បង្កើន​ការឆ្លង​ថែម​មួយ​ជាន់​ទៀត​។ នេះ​ជា​ការលើកឡើង​របស់​បុរស​ជនជាតិ​ម៉ាឡេស៊ី​រូបនេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​នៅពេល​ដែល​មកដល់​ក្នុង​បន្ទប់​របស់ខ្ញុំ​ប៉ុណ្ណោះ​។ បន្ទប់​ទូលាយ ហើយ​អាច​ងាយស្រួល​ក្នុង​ការធ្វើការងារ​ និង​សម្រាក​។ ចំណែក អាហារ​ ៣ ​ពេល ខ្លះ​អាច​ទទួល​យក​បាន និង​ពេលខ្លះ​អត់​សោះតែ​ម្តង ដែល​ភាគច្រើន​គឺ​មិនដឹង​ជា​អាហារ​អ្វី​ទេ និង​គ្មាន​ជាតិ​សោះ​»​។

លោក​ថា អាហារ​មានតម្លៃ​ ៣០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ថ្ងៃ​ ៣ ​ពេល ឯ​ថ្លៃ​បន្ទប់​តម្លៃ​ ៥៥ ​ដុល្លារ​ក្នុង​ ១ ​យប់​។ សម្រាប់​ ៣០ ​ដុល្លារ អ្នក​អាច​រក​​បាន​អាហារ​ដែល​សមរម្យ​នៅតាម​ភោជនីយដ្ឋាន​ណាមួយ​ក្នុង​រាជធានី-ភ្នំពេញ​បាន​យ៉ាង​ឆ្ងាញ់​។ ​លោក​ថា លោក​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​យក​អាហារ ភេសជ្ជៈ និង​សម្ភារ​ស្ងួត​ (​សៀវភៅ​។​ល​។​) ពី​អ្នក​ខាងក្រៅ​សូម្បីតែ​ពួកគេ​ទុក​វា​នៅ​បន្ទប់​រង់ចាំ​នៅ​ជាន់​ក្រោម​ក៏ដោយ​។ លោក​ត្រូវបាន​បង្ខំ​ឱ្យ​ទិញ​តែ​អាហារ​ និង​ភេសជ្ជៈ​ពី​សណ្ឋាគារ ដែល​មាន​តម្លៃ​ថ្លៃ​ខ្លាំងណាស់ ដូចជា​ស្រាបៀរ​នៅ​សណ្ឋាគារ​គឺ​ ១ ​ដប​តូច ៣,៥០​ ដុល្លារ​។

លោក​បន្តថា នៅ​រៀងរាល់​ម៉ោង​ ៣ ​រសៀល ពួកលោក​ត្រូវ​ឡើង​ទៅ​ជាន់​ខាងលើ​បំផុត​ ដើម្បី​វាស់​កម្ដៅ រហូត​គ្រប់​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ចត្តាឡីស័ក និង​ធ្វើតេស្ត​ចុងក្រោយ​បញ្ជាក់ថា មិនមាន​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ទើប​លោក​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​សណ្ឋាគារ​។

កន្លែង​ធ្វើ​ចត្តាឡីស័ក

មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ផ្សារលិច សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ ត្រូវបាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​ ៦ មករា ឆ្នាំ ​២០២១​។ មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៤ ​អគារ ដែល​ក្នុង​ ១ ​អគារ​ដាក់​មនុស្ស​បាន​ចំនួន ១២៦ ​នាក់​។ ដូច្នេះ​ ៤ ​អគារ​ស្មើនឹង​ ៥០៤ ​នាក់ ចែកចេញ​ជា​ ៥០៤ ​បន្ទប់ ស្មើនឹង​ ៥០៤ ​គ្រែ ដោយ​មាន​ការបំពាក់​កង្ហារ បន្ទប់ទឹក បង្គន់​អនាម័យ និង​ការរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដែល​បាន​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​បងប្អូន​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក​មាន​ភាពងាយស្រួល​។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង លើកឡើង​ថា មណ្ឌល​ចត្តាឡីស័ក​នេះ​ធ្វើឡើង​ ដើម្បី​ដាក់​អ្នកដំណើរ​ដែល​ចូលមក​កម្ពុជា តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ អ្នកដំណើរ​ទាំងអស់​នោះ​ត្រូវ​បាន​ចែកជា​ ២ ​ប្រភេទ​ពោល​គឺ បើ​អ្នកដំណើរ​មាន​លទ្ធភាព​គ្រប់គ្រាន់ ពួកគាត់​អាចធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​។

លោក​ថា​៖ «​បើ​អ្នកដំណើរ​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ទេ ពួកគាត់​អាចធ្វើ​ចត្តាឡីស័ក​នៅ​មជ្ឈមណ្ឌល​ចត្តាឡីស័ក​រាជធានី​បាន​ដោយ​មណ្ឌល​នេះ​មិន​តម្រូវ​ឱ្យ​មាន​ការបង់ថ្លៃ​សេវា​នោះទេ ព្រមទាំង​ផ្ដល់នូវ​អាហារ​ ១ ​ថ្ងៃ​ ៣ ​ពេល ជាមួយ​នឹង​ការធ្វើ​តេស្ត​សំណាក​ដោយ​មិន​អស់ប្រាក់​ថែមទៀត​»​។

បុគ្គលិក​ ១ ​រូប​នៃ​សណ្ឋាគារ​សុខា ដែល​ជា​សណ្ឋាគារ​មួយ​ទទួល​អ្នកដំណើរ​សម្រាប់​ធ្វើ​ចត្តាឡីស័ក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ចំនួន​អ្នក​មក​ស្នាក់​ធ្វើ​ចត្តាឡីស័ក​មិនមាន​ច្រើន​ដូចពេលមុន​ទេ ដោយសារ​មិនសូវ​មាន​អ្នកដំណើរ​មកពី​ក្រៅប្រទេស​ក្នុង​អំឡុង​ពេល​ផ្ទុះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​ប្រាប់ថា​៖ «​សម្រាប់​ភ្ញៀវ​ទាំងអស់ គឺ​តម្លៃ​នៃ​ការស្នាក់នៅ​ និង​អាហារ​ដូចៗ​គ្នា គឺ​ម្នាក់​បង់​តម្លៃ​ ៧៥ ​ដុល្លារ និង​អាហារ​ ១ ​មុខ​ ១០ ​ដុល្លារ ហើយ​មាន​ភ្ញៀវ​ខ្លះ​ ១ ​ពេល​ពិសា​ ២ ​ទៅ​ ៣ ​មុខម្ហូប​។ អ៊ីចឹង គាត់​ត្រូវ​ចំណាយ​ច្រើន​»​។ ​បុគ្គលិក​រូបនេះ​ថា លោក​មិនដឹងថា តើ​ភ្ញៀវ​ណា​ជា​អ្នកជំនួញ ធុរជន វិនិយោគិន ឬ​អ្នកធ្វើ​ការងារ​អ្វី​នោះទេ​។

លោក​បន្តថា​៖ «​មិនមាន​ភ្ញៀវ​ណាមួយ​ទាមទារ​ចេញ​មុនពេល​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​ទេ ដោយសារ​ពួកគាត់​ដឹង​មុន​ពី​ចំនួន​នៃ​ការធ្វើ​ចត្តាឡីស័ក ហើយ​មួយវិញទៀត យើង​មិនបាន​បង្ខំ​ភ្ញៀវ​ទាំងនេះ​មក​ស្នាក់នៅ​កន្លែង​យើង​ទេ ជាការ​ជ្រើសរើស​របស់​ពួកគាត់​»​។

បើតាម​បុគ្គលិក​ដដែល​សម្រាប់​ភ្ញៀវ​ដែល​ចូលមក​ធ្វើ​ចត្តាឡីស័ក គឺ​សណ្ឋាគារ​មិន​តម្រូវ​ឱ្យ​ពួកគាត់​ចុះឈ្មោះ​លាយឡំ​ជាមួយ​ភ្ញៀវ​ផ្សេង​ទេ​ ដើម្បី​កុំឱ្យ​មាន​ការប៉ះពាល់​អ្នកផ្សេង ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅ​បន្ទប់​ដើរ​នៅក្នុង​បរិវេណ​សណ្ឋាគារ​ដែរ​។

លោក​និយាយថា​៖ «​ពួកគាត់​ត្រូវ​នៅក្នុង​បន្ទប់​រហូត​គ្រប់​ ១៤ ​ថ្ងៃ បើ​គាត់​ចេញ​គឺ​ពួកគាត់​ត្រូវ​ផាកពិន័យ​ចំនួន​ ៥០០ ​ដុល្លារ​។ ពួកគាត់​អាច​ចេញ​បាន​លុះត្រាតែ​មាន​ការអនុញ្ញាត​។ យើង​មាន​ការរឹតបន្តឹង និង​មានការ​យាម​ពី​សន្តិសុខ​មិន​ឱ្យ​មាន​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នេះ​ចេញ​ទៅណា​បានឡើយ​»​។

ដោយឡែក​នៅតាម​ខេត្ត​នៃ​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ គ្រប់​ពលករ​ ឬ​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ដែល​ចូលមកក្នុង​ប្រទេស​កម្ពុជា​ត្រូវតែ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅក្នុង​ខេត្ត​ជាប់​ព្រំដែន​នោះ​ក្នុងអំឡុង​ពេលដែល​ប្រទេស​ថៃ​មាន​ការផ្ទុះ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​សហគមន៍​ដែល​ធ្វើឱ្យ​ពលករ​ខ្មែរ​រាប់រយ​នាក់​បាននាំគ្នា​សម្រុក​ចេញពី​ប្រទេស​ថៃ​មកកាន់​ប្រទេស​របស់ខ្លួន​។

បន្ទាប់ពី​ចំនួន​ពលករ​ខ្មែរ​ចូល​មក​ក្នុង​ប្រទេស​ហាក់​មាន​ការធូរស្បើយ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​សម្រេច​ឱ្យ​អាជ្ញាធរ​បញ្ជូន​ពលករ​ដែលមាន​ស្រុក​កំណើត​នៅ​ខេត្ត​ណា ត្រូវ​ដឹកជញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅក្នុង​ទីតាំង​ដែល​នៅ​ជិត​ផ្ទះ​របស់​ពួកគេ​តែម្តង​។

ពលករ​ ១ ​រូប​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ លោក រុន សារិទ្ធ បាន​ប្រាប់​ឱ្យដឹងថា ក្នុង​អំឡុងពេល​ស្នាក់នៅ​ ១៤ ​ថ្ងៃ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​មួយ​ក្នុង​ខេត្ត​បាត់ដំបង លោក​មាន​អារម្មណ៍​ធុញទ្រាន់​យ៉ាងខ្លាំង ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​ដែល​លោក​ត្រូវតែ​ធ្វើ​។

លោក​បាន​លើកឡើង​ថា​៖ «​ធុញ​គឺ​ធុញ​ហើយ ហើយ​យើង​ត្រូវតែ​ធ្វើតាម​គេ បើ​មិន​ធ្វើ​ទេ នៅពេល​ដែល​ខ្ញុំ​ទៅដល់​ភូមិ​ក៏​អាជ្ញាធរ​ភូមិ និង​អ្នកស្រុក​នៅតែ​ចាត់វិធានការ​ឱ្យ​ពួក​ខ្ញុំ​ធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ដដែល​ហ្នឹង ដោយសារ​ពួកគាត់​ខ្លាច​ឆ្លង​រោគ​នេះ​ពី​ខ្ញុំ​ដែរ​»​។

លោក រុន សារិទ្ធ បានបញ្ជាក់​ទៀតថា នៅពេល​សម្រាក​ធ្វើ​ចត្តាឡីស័ក​នេះ លោក​តែងតែ​ពន្យល់​ប្រាប់​ប្អូនៗ​ដែល​ជា​យុវជន កុំឱ្យ​រត់​ចេញពី​ទីនេះ ដោយសារ​ទោះជា​រត់​ទៅ​ដល់ផ្ទះ ក៏​មិនអាច​រួចខ្លួន​ដែរ​។

ជាមួយ​គ្នា​នេះដែរ លោក​ក៏បាន​បញ្ជាក់ដែរថា លោក​ស្នាក់នៅ​ជាមួយ​នឹង​ប្រពន្ធ និង​ពលករ​ផ្សេងទៀត​ដែល​បាន​ធ្វើ​ដំណើរ​មក​ជាមួយ​គ្នា​ក្នុង​បន្ទប់​រួមគ្នា​របស់​សាលា​ដែល​ត្រូវ​បានរៀបចំ​ជា​បន្ទប់​ស្នាក់នៅ​បណ្តោះអាសន្ន​។

លោក​ថា​៖ «​ការស្នាក់នៅ​រួមគ្នា​នេះ ខ្ញុំ​ក៏​បារម្ភ​ខ្លាច​មាន​អ្នកណាម្នាក់​មាន​ជំងឺ​នេះ​អាច​ឆ្លង​មក​យើង​ដែរ ប៉ុន្តែ​ភាគច្រើន យើង​ជា​គ្រួសារ និង​ស្គាល់គ្នា និង​បានធ្វើ​ដំណើរ​មក​ឡាន​រួមគ្នា​ដែរ ទើប​គេ​ដាក់​នៅ​បន្ទប់​ស្នាក់នៅ​រួម​»​។

ពលករ​ដដែល​រូបនេះ​បានលើក​ឡើង​ទៀតថា ពលករ​ទាំងអស់​ដែល​ស្នាក់នៅ​រួមគ្នា​គឺ​ពួកគាត់​បាន​អនុវត្ត​ជានិច្ច​នូវ​ការការពារ ដោយ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ​ទោះបីជា​ពេលដេក​ក៏ដោយ​។

លោក​ថា​៖ «​ពិបាក​គឺ​ពិបាក​ហើយ តែបើ​យើង​មិន​ធ្វើ​អ៊ីចឹង គឺ​ខ្ញុំ​អាច​ឆ្លង​ជំងឺ​នេះ​ពី​អ្នកផ្សេង ឬ​បើ​ខ្ញុំ​មាន​ជំងឺ​នេះ ខ្ញុំ​អាច​ការពារ​មិនឱ្យ​ឆ្លងទៅ​អ្នកផ្សេង​ដែរ​។ បើ​ប្រៀបធៀប​នឹង​ការងារ​ខ្ញុំ​ធ្វើ​នៅ​ប្រទេស​ថៃ​ជា​កម្មករសំណង់ គឺ​គ្រាន់តែ​ស្នាក់នៅ​ធ្វើ​ចត្តាឡីស័ក​វា​មិន​ពិបាក​ខ្លាំង​ទេ គ្រាន់តែ​អផ្សុក​ដោយសារ​យើង​នៅ​មួយ​កន្លែង​មិនអាច​ចេញ​ដើរទៅ​កន្លែង​ផ្សេងៗ​បាន​»​។

ការការពារ និង​ការរឹតបន្តឹង​របស់​ក្រសួង និង​អាជ្ញាធរ

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បញ្ហា​សុខភាព​សាធារណៈ​គឺ​ស្ថិតក្រោម​ការដឹកនាំ​របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​ដឹកនាំ​ផ្ទាល់​។ ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ជា​សមាជិក​រង់ចាំ​ការអនុវត្ត​នូវ​គោលការណ៍​ ឬ​សេចក្តី​ណែនាំ ឬ​វិធានការ​ផ្សេងៗ​។

ការធ្វើ​ចត្តាឡីស័ក​នេះ គឺ​ធ្វើតាម​សេចក្តី​ប្រកាស​រួម​ និង​វិធានការ​ផ្សេងៗ​ដែល​ដាក់ចេញ​ដោយ​ក្រសួង​សុខាភិបាល​។ វា​ជា​ការទទួល​ខុសត្រូវ​ និង​ការពារ​ជំងឺ​កូវីដ​ ១៩ ​នេះ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប​។

លោក​បាន​ថ្លែងថា​៖ «​តើ​យើង​មើលថែ​ពួកគាត់​យ៉ាងណា​?​ ពួកគាត់​ត្រូវ​បំពេញ​នូវ​តម្រូវ​លក្ខខណ្ឌ​របស់​ពួកយើង​ដូចជា​លិខិតបញ្ជាក់​ពី​សុខភាព​។ ប្រាក់​ធានា​នៅពេល​ចប់​ចត្តាឡីស័ក​ត្រូវមាន​លុយ​បង់ថ្លៃ​ស្នាក់នៅ​ និង​សេវា​ផ្សេងៗ​ដែល​មិនមាន​ការលើកលែង​ឡើយ​»​។

លោក ស៊ិន ចាន់សេរីវត្ថា បញ្ជាក់ថា អ្នកដំណើរ​អាច​កក់​កន្លែង​ស្នាក់​នៅតាម​សណ្ឋាគារ​ ដែល​ជា​ដៃគូ​របស់​ក្រសួង​សុខាភិបាល​ដែល​អាចមាន​តម្លៃ​ចន្លោះ​ពី​ ៣០ ​ដុល្លារ​ដល់​ជាង​ ១០០ ​ដុល្លារ​។ ប៉ុន្តែ​បើសិនជា​អ្នកដំណើរ​មិនបាន​កក់​មុន​ទេ ពួកគាត់​មក​ដល់​នឹង​មាន​មន្ត្រី​ចាត់ចែង​ស្នាក់នៅ​ឱ្យបំពេញ​បែបបទ​សម្រាប់​ស្នាក់នៅ​។

លោក​ថា​៖ «​ប្រសិនបើ​អ្នកនោះ​មាន​ធនធាន​គ្រាន់បើ គេ​នឹង​ដឹក​ទៅ​កន្លែង​ស្នាក់នៅ​ល្អ​។ បើ​មិនសូវមាន​ធនធាន​ទេ គេ​នឹង​ដឹក​ទៅ​ស្នាក់នៅ​កន្លែង​ល្មម​។ ប៉ុន្តែ​អាស្រ័យ​លើ​កន្លែង​ផងដែរ បើសិន​ជា​កន្លែង​ស្នាក់នៅ​តម្លៃ​ល្មម​នោះ​អស់ គេ​នឹង​ដឹក​ទៅ​កន្លែង​ដែល​គ្រាន់បើ​ដែរ អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​»​។

បើតាម​មន្ត្រី​រូបនេះ​សម្រាប់​អ្នក​ដែល​មិនមាន​ធនធាន​ដូចជា​និស្សិត ឬ​អ្នកក្រីក្រ អាច​ប្រាប់​គណៈកម្មការ​ទទួល​​ខុសត្រូវ​ផ្នែក​ចត្តាឡីស័ក នោះគេ​អាច​នឹង​យកទៅដាក់​នៅ​កន្លែង​ដែល​មិន​តម្រូវឱ្យ​បង់ប្រាក់​។

ទាក់ទង​នឹង​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ ឬ​ស្ថាប័ន​ពាក់ព័ន្ធ លោក​ថ្លែង​​ថា​៖ «​យើង​ទទួលស្គាល់ថា ការដាក់ចេញ​វិធានការ​នានា ក៏ដូចជា​ការបិទខ្ទប់ គឺ​អាស្រ័យ​លើ​ហានិភ័យ​ដែល​កើតឡើង​ក្នុង​តំបន់​នោះ​ ឬ​ប្រទេស​នោះ​។ យើង​ធ្លាប់​ឆ្លងកាត់​ការបិទខ្ទប់​ពី​ខណ្ឌ​ទៅ​ខណ្ឌ ពី​ខេត្ត​ទៅ​ខេត្ត និង​ការបិទខ្ទប់​ទូទាំង​ប្រទេស ដោយសារ​ការរីករាល​ដាល​ឆ្លង​គួរឱ្យ​បារម្ភ ដែល​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ ដើម្បី​ការពារ​សុខភាព​សាធារណៈ​។ ប្រទេស​ណា​ក៏​គេ​ធ្វើ​ដូចនេះ​ដែរ ទៅ​​តាម​ហានិភ័យ​ដែល​កើតមានឡើង​តាម​កម្រិត​មធ្យម ខ្ពស់ និង​ខ្ពស់​ខ្លាំង​»​។

លោក ស៊ិន ចាន់សេរីវត្ថា បាន​បន្ថែមថា ការធ្វើ​ចត្តាឡីស័ក​គឺមាន​ការផ្លាស់ប្តូរ​ទៅតាម​ភាពជាក់ស្តែង ដែល​ពីដំបូង កម្ពុជា​មិនមាន​ការតម្រូវ​ឱ្យធ្វើ​ចត្តាឡីស័ក​រហូតដល់​ ១៤ ​ថ្ងៃ​ទេ គឺមាន​តែ​ ២ ​ថ្ងៃ​ទេ​។ ប៉ុន្តែ​ក្រោយ​មាន​ការផ្ទុះ​ច្រើន ការធ្វើ​ចត្តាឡីស័ក​តម្រូវ​ឱ្យ​ធ្វើ​ ១៤ ​ថ្ងៃ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​ការសម្រេច​របស់​រដ្ឋាភិបាល​គឺ​ដើម្បី​ទប់ស្កាត់​ និង​រក្សា​ការពារ​នូវ​សុខភាព​សាធារណៈ​។ អ៊ីចឹង វា​ជា​វិធានការ​ដែល​យើង​ត្រូវតែ​គោរព​ទាំងអស់​គ្នា​។ អ្វីដែល​យើង​បារម្ភ​គឺ​ការបិទខ្ទប់​ដែល​ធ្វើឱ្យមាន​ការប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​យើង​»​។

លោក​ ចាន់ សេរីវត្ថា បន្ថែមថា​៖ «​ដូចនេះ​ការធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ ជា​រឿង​ធម្មតា​ទេ ជា​វិធានការ​ដែល​យើង​អាច​ទទួល​យក​បាន​សមរម្យ និង​មាន​ភាពប្រាកដប្រជា​ដែល​អាច​ជឿជាក់​បាន​ដែល​ធ្វើឱ្យ​យើង​អាច​ទប់ស្កាត់​ការរីករាលដាល​ជំងឺឆ្លង​។ តែ​យើង​មិនអាច​ដឹងថា​ទៅ​ពេលខាងមុខ​នឹងមាន​អ្វី​ផ្លាស់ប្តូរ​ទៀត​ទេ ដោយសារ​អាស្រ័យ​លើ​ហានិភ័យ និង​ចំនួន​នៃ​ការឆ្លង​»​។

ចំណែក អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេសក្រៅ ទោះបីជា​ជនជាតិ​កម្ពុជា​ ឬ​បរទេស​ក៏ដោយ ហើយ​ទោះបីជា​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ចំនួន​ ២ ​ដង​រួចហើយ​ក្តី គឺ​នៅតែ​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ផងដែរ​។

លោកស្រី​មានប្រសាសន៍​ថា​៖ «​យើង​មិនទាន់​មាន​ការផ្លាស់​នីតិវិធី​នៃ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នកដំណើរ​ចូលមក​កម្ពុជា​នោះទេ​។ ដូច្នេះ​ត្រូវអនុវត្ត​ការធ្វើ​តេស្ត​ និង​ធ្វើ​ចត្តាឡីស័ក​ដូច​គេ​ដូច​ឯង​ដែរ​»៕

អត្ថបទគួរចាប់អារម្មណ៍