សៀមរាបៈ រដ្ឋបាល​ខេត្ត​សៀមរាប​ចាប់​ដំណើរការ​កម្មវិធី​ចុះឈ្មោះ​ ដោយ​ខ្លួន​ឯង​នៅ​ច្រក​ព្រំប្រទល់​ខេត្ត​សៀមរាប​ តាមរយៈ​តំណ​ភ្ជាប់ ​srprovince.com/login ​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល ​និង​ចំណេញ​ពេលវេលា​ដល់​អ្នកដំណើរ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​ភូមិសាស្ត្រ​ខេត្ត​សៀមរាប ​ដើម្បី​ងាយ​ស្រួល​តាមដាន​ និង​ទប់ស្កាត់​ការឆ្លង​ថ្មី​នៃ​ជំងឹ​កូវីដ ១៩។

លោក ​ទៀ សីហា ​អភិបាល​ខេត្ត​សៀមរាប ​នៅ​ថ្ងៃទី ២១ ​ខែមិថុនា ​នេះ ​បានឱ្យ​ដឹងថា ​ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ចុះ​ឈ្មោះ​ដោយ​ខ្លួន​ឯង​ក្នុង​ប្រព័ន្ធ​ចុះ​ឈ្មោះ​ចូល​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​នេះ​ត្រវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ២១ ​មិថុនា ​នេះ​ តទៅ​សម្រាប់​ឱ្យ​អ្នក​ដែល​មាន​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​សៀមរាប​ធ្វើការ​ចុះ​ឈ្មោះ។

លោក​អភិបាល​ខេត្ត ​បញ្ជាក់​ដែរថា ​ម្យ៉ាង​ទៀត​នោះ ​ជាការ​ល្អប្រសើរ ​ប្រសិន​បើ​អ្នកដំណើរ​គ្រប់រូប ​ដែល​មាន​បំណង​ឆ្លង​កាត់​ខេត្ត​សៀមរាប ​បានបំពេញ​ឈ្មោះ​មុន​ពេល​មក​ដល់​គោលដៅ​ព្រំប្រទល់ ​ឬ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ។ ដោយ​ឡែក​ ចំពោះ​អ្នក​មិន​ទាន់​យល់​ច្បាស់​ពី​ការប្រើប្រាស់ ​ឬ​បំពេញ​ទិន្ន័យ ​រដ្ឋបាល​ខេត្ត​សៀមរាប​មាន​មន្ត្រី​នៅចាំ​សម្រប​សម្រួល​ណែនាំ​នៅ​ច្រក​នីមួយៗ​តែ​ម្តង។

ជាមួយ​គ្នានេះ ​សម្រាប់​អ្នកដំណើរ ​មិនមាន​ទូរស័ព្ទ​ដៃ​ទំនើប ​(Smart Phone) ​រដ្ឋបាល​ខេត្ត ​អនុញ្ញាត​ឱ្យមាន​ការចុះ​ឈ្មោះ​តាម​ធម្មតា។

អ្នក​ធ្វើដំណើរ​អាច​ចូល​ទៅ​ក្នុង ​Website ​តាម ​srprovince.com/login ​ឬ​កម្មវិធី ​Scan QR ​ រួច​ចុះឈ្មោះ​តាមរយៈ​ Facebook ​ឬ​ E-mail(Gmail) ​ដោយ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន ​និង​កំណត់​ត្រា​យានយន្ត​ បំពេញ​លេខ​អត្តសញ្ញាណ​ប័ណ្ណ ​ឈ្មោះ ​ភេទ​ អាយុ ​សញ្ជាតិ ​និង​លេខ​ទូរស័ព្ទ។

អ្នក​ធ្វើដំណើរ​ត្រូវ​បង្កើត​កំណត់​ត្រា​ឆ្លងកាត់​ខេត្ត ​ដោយ​បញ្ចូល​ព័ត៌មាន​ផ្ទាល់​ខ្លួន ​និង​អ្នក​រួមដំណើរ​ជាមួយ ​និង​ទាញ​យក​ QR Code ​ភ្ជាប់​ជាមួយ​អត្តសញ្ញាណ​ប័ណ្ណ ​បង្ហាញ​ទៅ​មន្ត្រី​ព្រំ​ប្រទល់៕