ភ្នំពេញៈ ក្នុង​រយៈពេល​ ២១ ​ថ្ងៃ​ គិតចាប់ពីថ្ងៃ​ទី​ ១ ដល់ថ្ងៃទី​ ២១​ មិថុនា​ ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ យាន​យន្ត​ចូល​គោលដៅ​មាន​ចំនួន​ ១២៥ ១២២​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន ​១៣ ៨៨០​ គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ១០ ៧៥៩​ គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​។​

​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈនៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី ២១​ ខែ មិថុនា​ ឆ្នាំ​ ២០២១ ​ឲ្យដឹងថា​ បើ​ធៀប​នឹង​ខែឧសភា ​គិតពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃទី ២៦ ​ឧសភា ការឃាត់ឲ្យ​យាន​យន្ត​ចូល​គោលដៅ​មាន​ចំនួន ​១៥០ ៥៤០ ​គ្រឿង។​ ក្នុង​នោះ​រក​ឃើញ​យាន​យន្ត​ល្មើស​សរុប​ចំនួន​ ៨ ៦២៩​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៥ ៧០៣ គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស។​

​របាយ​ការណ៍នេះ​បញ្ជាក់ថា​ ក្នុង​រយៈពេល​ ២១​ ថ្ងៃ​ នៃ​ខែមិថុនា​នេះ​ ឃើញ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាក​ពិន័យ​យានយន្ត​ល្មើស​ បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ ទទួល​បានការ​គាំទ្រ។​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ។

ដោយ​ឡែក ​នៅ​ថ្ងៃ​ទី ​២១​ ខែ មិថុនា​ ឆ្នាំ​ ២០២១​ នេះ​ កម្លាំង​សមត្ថកិច្ច ​បានដាក់​គោលដៅ​សរុប​ ១៤៣​ គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៤ ៤៧៩​ គ្រឿង​ ម៉ូតូ​ចំនួន ​៣ ២១៦​ គ្រឿង។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៨២០ ​គ្រឿង​ មាន​ម៉ូតូ​ចំនួន​ ៦៦៧​ គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ .​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស។​

ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ទាក់ទង​ទៅ​លោក​ ហ៊ឹម យ៉ាន ​អគ្គស្នងការ​រង​នគរបាល​ជាតិ ​ដើម្បី​អត្ថាធិប្បាយ​បន្ថែម​បានទេ​ នៅថ្ងៃនេះ។ ប៉ុន្តែ​លោក​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ចុងខែ​ឧសភា​ថា​ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឹ​កូវីដ ១៩ ​ក៏​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅតែ​បន្ត​អនុវត្ត​ច្បាប់ និង​ផ្សព្វផ្សាយ​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ។

លោក ​ហ៊ឹម យ៉ាន ​ថ្លែងថា​៖«យើង​នៅតែ​ឃើញ​ការស្លាប់ ​និង​របួស​ដែល​បង្កឡើង​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន ​ជារាល់​ថ្ងៃ ​ជាពិសេស​ក្នុង​ពេល​បើក​ឱ្យ​មាន​ចរាចរណ៍​ឡើង​វិញ​ បន្ទាប់ពី​បិទខ្ទប់​ មាន​អ្នក​ស្លាប់​ពី​ ៦​ ទៅ ​៨ នាក់»៕