ភ្នំពេញៈ ​រដ្ឋមន្ត្រីការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស លោក ដូ​មី​និក រ៉ា​អាប់ (Dominic Raab)​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា ដើម្បី​ជំរុញ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង ២​។​

សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​បញ្ជាក់​កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​លោក រ៉ា​អាប់ នឹងមាន​កិច្ចប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍​និង​កង្វល់​រួម​។​

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម ដូ​មី​និក រ៉ា​អាប់ នៅ​កម្ពុជា នឹង​ជួយ​រួមចំណែក​ជំរុញ និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ និង​ជាការ​បោះជំហាន​ទៅមុខ​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​»​។​

លោក រ៉ា​អាប់ នឹងមាន​ជំនួប​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ហើយក៏​នឹង​ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាផងដែរ​។

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ២១ ខែមិថុនាថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង ២ ​កន្លងមក​មាន​ភាពល្អប្រសើរ និង​មានការ​រីកចម្រើន ដោយសារតែ​ប្រទេស​ទាំងពីរ​មាន​ក្របខណ្ឌ​ទំនាក់ទំនង​ក្នុង​យន្តការ​ពហុភាគី និង​ទ្វេភាគី​។ ទំនាក់ទំនង​ទ្វេភាគី​កន្លងមកនេះ​មាន​ជំហរ​វិជ្ជមាន​គួរឱ្យកត់សម្គាល់​នៅត្រង់ថា អង់គ្លេស​រក្សា​ភាពអនុគ្រោះ​សម្រាប់ EBA ដល់​កម្ពុជា​ដដែល បន្ទាប់ពី​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

លោក​ថ្លែងថា ក្នុង​ក្របខណ្ឌ​ពហុភាគី អង់គ្លេស​ត្រូវ​ស្នើសុំ​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ហើយ​នេះ​ជា​យន្តការ​ពហុភាគី​បន្ថែ​ម​សម្រាប់​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ហើយ​ឆ្នាំ​ក្រោយនេះ​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​អាស៊ាន​។

លោក ភា ថ្លែងថា​៖ «​ដូច្នេះ ចង់​ឬ​មិន​ចង់ ការជជែក​គ្នា​មុន​រវាង​អង់គ្លេស​និង​កម្ពុជា​ជុំវិញ​ភាពជា​ដៃគូ​អង់គ្លេស​-​អាស៊ាន​ គឺជា​រឿង​មួយ​ចាំបាច់​ ហើយ​គោលបំណង​ដែល​គាត់​មកនេះ​ក៏​ប្រហែលជា​ត្រូវតែ​ជជែក​រឿង​ហ្នឹង​ផងដែរ​»​។​

លោក​បន្តថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​អង់គ្លេស​មាន​ទំហំ​ធំជាងគេ​ក្នុង​បណ្តា​ប្រទេស​ដែល​កម្ពុជា ​ត្រូវ​នាំ​ចេញទៅ​សហភាព​អឺរ៉ុប​។

​លោក ភា ថ្លែងថា​៖ «​យើង​សង្ឃឹមថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ពាណិជ្ជកម្ម​ហ្នឹង​កាន់​តែមាន​ទំហំ​ធំ​ឡើង​ថែមទៀត ជាពិសេស​បើសិនជា​លោក​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​មក​អះអាង​ជាថ្មី​ម្តងទៀត ​អំពី​ការរក្សា​នូវ​ភាពអនុគ្រោះ​ខាង​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា អាហ្នឹង​វា​ជា​ទម្ងន់​មួយ​បន្ថែមទៀត​ដែល​ធ្វើឱ្យ​យើង​មាន​ឧត្តមភាព​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប ជាពិសេស​គឺ​អង់គ្លេស​ហ្នឹងឯង​»​៕