ភ្នំពេញៈ គិត​មក​ដល់​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២១​ ខែ​មិថុនា​នេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​តែ​កំពុង​បន្ត​សាក​សួរ​​ឧ​ត្ត​ម​សេនីយ៍​ទោ​នៃ​ក្រសួងមហាផ្ទៃ​ម្នាក់​នៅ​ឡើយ​ ​ពាក់ព័ន្ធ​​នឹង​ករណី «ឆបោក» ប្រា​ក់ជាង ២ ម៉ឺន​ដុល្លារ រឿង​ធានា​រត់ការ​ច្បាប់​ចូល​បម្រើ​ការងារ​ក្នុង​ក្រប​​ខណ្ឌ​នគរ​បាល​ជាតិ មិនបាន​សម្រេច។

ជុំវិញ​ករណីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ផ្ដល់​អត្ថាធិប្បាយ ដោយ​អះអាងថា ករណី​នោះ​ កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត និង​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ឡើយ​។

ចំណែក​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​ថ្លែង​ថា ករណីនេះ ចៅក្រម​ស៊ើបសួរ​កំពុង​ចំណាត់ការ​តាម​នី​ត​វិធី។

លោក សាន សុខ​សីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​នៅ​ល្ងាច​ថ្ងៃទី ២១ ខែមិថុនា​នេះ​ថា លោក​ហង្ស វណ្ណៈ អាយុ ៤១ ឆ្នាំ បម្រើ​ការងារ​ជា​មន្ត្រី​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ​ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​ត្រូវបាន​កម្លាំង​នគរបាល ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចាប់ខ្លួន​កាលពី​ថ្ងៃទី ​១៧ ខែមិថុនា ឆ្នាំ ២០២១ នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក នៅ​ចំណុច​ភូមិ​ព្រែក​សំរោង៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ​ជនសង្ស័យ ឈ្មោះ ហង្ស វណ្ណៈ ត្រូវបាន​លោក ម៉ៅ ស៊ីណា ចោទប្រកាន់​ពីបទ«ឆបោក» ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូ​គី​ម៉ិច លើ​មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៦ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ មានចែង​ឱ្យ​ផ្តន្ទាទោស​តាម បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក​សុ​សីហា​បាន​ថ្លែងថា៖ «ក្រោយ​ការឃាត់ខ្លួន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចំណាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​ក្រោម​ការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ»។

បើតាម​លោក សុខ​សីហា ជន​សង្ស័យ​ត្រូវបាន​ប្រជា​ពលរដ្ឋ​ម្នាក់ ប្តឹង​ចោទ​ប្រកាន់​ថា បាន​យក​លុយ​របស់គាត់​ចំនួន ២ម៉ឺន២ ពាន់​ដុល្លារ​អាមេរិក ជា​ថ្នូរ​ជួយ​រត់ការ​ឲ្យ​គាត់​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ជា​មន្ត្រី​នគរបាលជាតិ ប៉ុន្តែ​មិនបាន​សម្រេច​តាម​ការសន្យា​ ហើយ​បានគេច​វេស​មិន​ជួប​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ ដែលជា​ដើមបណ្តឹង​ដោយ​សន្តិវិធី៕