The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ចុះ​ពិនិត្យ​ទីតាំង​ភ្នំ ​ដែលជា​គម្រប​ព្រៃឈើ​រងការ​ឈូសឆាយ​ពី​ក្រុម​ហ៊ុន ​១




មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ចុះ​ពិនិត្យ​ទីតាំង​ភ្នំ ​ដែលជា​គម្រប​ព្រៃឈើ​រងការ​ឈូសឆាយ​ពី​ក្រុម​ហ៊ុន ​១

Content image - Phnom Penh Post
សកម្មភាពគ្រឿងចក្រនិងរថយន្តកំពុងគាស់កាយ​និងដឹកដីភ្នំដែលគេហៅថា ភ្នំបាក់កង នៅខេត្តព្រះសីហនុ នាពេលកន្លងមក។ រូបថត CNRO

មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ​ចុះ​ពិនិត្យ​ទីតាំង​ភ្នំ ​ដែលជា​គម្រប​ព្រៃឈើ​រងការ​ឈូសឆាយ​ពី​ក្រុម​ហ៊ុន ​១

ព្រះសីហនុៈ ក្រុម​ការងារ​ចម្រុះ​រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ​ កំពុង​ចុះ​ពិនិត្យ​ទីតាំង​ភ្នំបាក់​កង​ដែលជា​សម្បត្ដិ​សាធា​រណៈរបស់​រដ្ឋ​ក្នុង​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២​ ដែល​រង​ការ​ឈូស គាស់កាយ​​ពីក្រុម​ហ៊ុន​ឯកជន។ ​ការ​ឈូសឆាយ​នេះអង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​អះអាង​ថា ​គ្មាន​ច្បាប់​អនុញ្ញាត ​និង​ស្នើ​អាជ្ញាធរ​ខេត្ដ​អនុវត្ដ​វិធានការ​ច្បាប់​ឱ្យបាន​តឹង​រ៉ឹងចំពោះ​ជន​ល្មើស។

លោក ​សុខ សុខុម​ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​(CNRO)​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍ ​នាថ្ងៃទី​ ២១ ខែ​មិថុនា​នេះ​ថា ​សកម្ម​ភាព​ឈូស​គាស់កាយ​ភ្នំ​យក​អាចម៍​ដី​នេះ គឺ​ស្ថិត​នៅទីតាំង​ភ្នំបាក់​កង​ដែល​ភ្នំនេះ ​ជា​សម្បត្ដិ​សាធា​រណៈរបស់​រដ្ឋ​ស្ថិត​ក្នុង​តំបន់​គម្រប​ព្រៃឈើ​ឆ្នាំ ២០០២។

ប៉ុន្ដែ​ត្រូវរង​ការ​ឈូស​ឆាយ​យ៉ាង​អនាធិបតេយ្យ​ពី​ក្រុមហ៊ុន​កំពង់​សីលា​ស្ពេសល​ អ៊ីឃើណ​ម៉ិក ហ្សូន ​ដោយ​បាន​ដាក់​គ្រឿងចក្រ​ឈូសកាយ​ភ្នំយក​អាចម៍​ដី​ទៅចាក់​បំពេញ​ទីតាំង​សាង​សង់ បូរី​លីលី ​ស្ថិត​នៅ​ភូមិ​វាល​ឃុំ​កំពង់​សីលាជា​ច្រើន​ថ្ងៃ​កន្លង​ទៅ​ហើយ។

លោក​ សុខុម​ បញ្ជាក់​ថា​៖ «ករណី​ឈូសឆាយ​ដីភ្នំ​នេះ ​គឺជា​ករណី​ឈូសឆាយ​ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។ ការឈូស​ឆាយ​នេះ​ ដើម្បី​យក​អាចម៍​ដី​ទៅ​ចាក់​នៅក្នុង​បរិវេណ​បូរីលីលី​ ដែល​កំពុង​សាង​សង់ស្ថិត​នៅ​ភូមិ​វាល ឃុំ​កំពង់​សីលា​ស្រុក​កំពង់​សីលា ​ខេត្ដ​ព្រះសីហនុ»។

លោក​បន្ថែម​ថា​៖ «ក្នុង​នាម​សង្គម​ស៊ីវិល ​ខ្ញុំ​សូម​ស្នើសុំ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល ​ជាពិសេស​អាជ្ញាធរ​ខេត្ដ​ព្រះសីហនុ ​ដែល​ជាប្រ​ធាន​គណៈកម្មា​ធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​ និង​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ចុះ​អង្កេត​លើ​ករណីនេះ​ឱ្យបាន​ច្បាស់​លាស់ ​និង​ចាត់​វិធានការ​តឹង​រ៉ឹង​តាម​ផ្លូវច្បាប់»។

បើ​តាម​មន្ត្រី​អង្គការ​រូបនេះ ​បច្ចុប្បន្ន​ អាជ្ញាធរ​ខេត្ដ​បាន​ចុះទៅហាម​ឃាត់​សកម្មភាព​ឈូសឆាយ​នេះ​បណ្ដោះ​អាសន្ន​ ប៉ុន្ដែ​មិន​ឃើញ ​ការ​ចាត់​វិធានការ​លើ​បុគ្គល​ ឬក្រុម​ហ៊ុន ដែល​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ​រួច​ទៅ​ហើយ​នោះ​តាម​ផ្លូវច្បាប់​ទេ។​ ប៉ុន្ដែ​បែរ​ជា​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្រប​សម្រួល​ឱ្យ​ក្រុម​ហ៊ុន​ឈូស​ឆាយ​ភ្នំនោះស្នើ​សុំ​ច្បាប់​ឈូសឆាយ​មក​រដ្ឋ​បាល​ខេត្ដ​ថែមទៀត។

លោក​បញ្ជាក់ថា​៖ «ចំណុច​នេះ​ហើយ​ដែល​យើង​ឃើញថា​រដ្ឋបាល​ស្រុក​កំពង់​សីលា មិន​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល​ដែល​បាន​ឈូសឆាយ​ទ្រព្យ​សម្បត្ដិ​សាធារណៈ​របស់​រដ្ឋ។ ករណី​នេះ​អាជ្ញាធរ​ខេត្ដ​មិន​គួរ​បណ្ដោយ​ឱ្យ​មាន​ការ​សម្រប​សម្រួល​មក​ស្នើ​សុំទេ គួរ​តែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យបាន​តឹងរ៉ឹង​បំផុត»។

លោក ​ឃាង ភារម្យ​ អ្នកនាំពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ ​បាន​ឱ្យដឹង​ថា​ នៅថ្ងៃទី​ ២១ ​ខែ​មិថុនា​នេះ​ ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋ​បាល​ខេត្ដ ​ដឹក​នាំ​ដោយ​លោក ​គង់ វិតាណៈ ​អភិបាល​រង​ខេត្ដ​ព្រះសីហនុ​ កំពុង​ចុះ​ពិនិត្យ​នៅលើ​ទីតាំង​ដែល​រង​ការ​ឈូសឆាយ​នោះ​ហើយ។

លោក​បាន​ថ្លែង​ថា​៖ «ក្រុម​កាងារ​ចម្រុះ​ខេត្ដ ដឹក​នាំដោយ​អភិបាល​រង​ខេត្ដ​ចុះ​ទៅ​ពិនិត្យ​លើ​ទីតាំង​ទាំង​អស់​នោះ​ហើយ​ បច្ចុប្បន្ន​យើង​កំពុង​រងចាំ​របាយការណ៍​ពីក្រុម​ការងារ​ចម្រុះ​សិន»។

លោក​ គួច ចំរើន​ អភិបាល​ខេត្ដ​ព្រះសីហនុ ​កាលពី​ថ្ងៃទី​ ១៦ ខែ​មិថុនា ​បាន​ចេញ​លិខិត​បង្គាប់​ការ ​ដោយ​យោង​ទៅ​តាម​ពាក្យ​ស្នើ​សុំ​ ចុះ​ថ្ងៃទី ​៣១ ខែ ​ឧសភា ឆ្នាំ​ ២០២១ ​របស់​ឈ្មោះ​ កែវ មុំ បាន​ចាត់តាំង​ក្រុម​ការងារ​ចម្រុះ​ខេត្ដ ​ដែល​មាន​លោក​ គង់ វិតាណៈ ​ជាប្រធាន​ឱ្យ​ចុះ​ពិនិត្យ ​វាស់វែង ​ទីតាំង​ដី​ស្នើ​សុំ​កាយ​អាចម៍​ដី​ស្ថិត​នៅជាប់​នឹង​ភ្នំ​បាក់កង​នេះ។

យោង​តាម​លិខិត​បង្គាប់ការ​ បាន​ផ្ដល់​ភារកិច្ច​ឱ្យ​ក្រុម​ការងារ​ចម្រុះចុះ​ពិនិត្យ​វាស់វែង​ទីតាំង​ដី​ស្នើ​សុំ​កាយ​អាចម៍​ដី​នៅ​ជាប់​នឹង​ជើង​ភ្នំបាក់​កងនេះ​ និង​ត្រូវ​ធ្វើ​កំណត់​ហេតុ ​និង​របាយការណ៍ ​អំពី​លទ្ធផល​ការងារ​ចុះ​ពិនិត្យ​នេះ​មក​ដល់​អភិបាល​ខេត្ត​ដើម្បី​ពិនិត្យ និង​សម្រេច។

យោង​លិខិត​ស្នើ​សុំ​កាយ​អាចម៍​ដី​របស់​លោក​ស្រី​កែវ មុំ​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​ក្រុម​ហ៊ុន ​កំពង់​សីលា​ ស្ពេសល​ អ៊ីឃើណម៉ិក​ ហ្សូន ​ស្នើមក​អភិបាល​ខេត្ដ​ព្រះសីហនុ ​កាលពី​ថ្ងៃទី ​៣១ ខែ​ឧសភា​ ឆ្នាំ​ ២០២១ បាន​ស្នើ​សុំ​កាយ​អាចម៍​ដី មួយ​កន្លែង​មាន​ទំហំ​ប្រមាណ​ ៥០ ហិកតា ​ស្ថិត​នៅ​ជាប់​នឹងជើង​ភ្នំបាក់កង​នេះ។

ក្នុង​លិខិត​បញ្ជាក់ថា​៖ «ក្រុម​ហ៊ុន​របស់​នាង​ខ្ញុំ​បាន​ទិញ​ដី​មួយ​កន្លែង ​ដែល​មាន​ទំហំប្រមាណ​ជាង ​៣០០ ហិកតា ​ស្ថិត​នៅ​ភូមិវាល​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា ខេត្ដ​ព្រះសីហនុ ​សម្រាប់​អភិវឌ្ឍន៍​ធ្វើ​ជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​កំពង់​សីលា​ និង​បង្កើត​ជា​ SME Cluster ព្រម​ទាំង​បង្កើត​ឱ្យ​មាន​ទីតាំង​ទំនើបកម្ម​កសិកម្ម​ដែល​ជា​គោល​បំណង​របស់​រាជ​រដ្ឋា​ភិបាល​ផង​ដែរ»។

តាម​លិខិត​ស្នើសុំ​ដដែល ​អះអាង​ថា ​ដោយសារ​ទីតាំង​ដីក្រុម​ហ៊ុន​ជួបបញ្ហា​លិច​ទឹក​ដែល​មិនអាច​ធ្វើការ​អភិវឌ្ឈន៍​បាន​ទើប​ក្រុម​ហ៊ុន​សម្រេច​ចិត្ត​កាយ​ជីកយក​អាចម៍​ដី​ក្នុង​បរិវេណ​ដី​របស់​ក្រុមហ៊ុន​ប៉ុន្តែ​គ្រាន់តែ​ជីក​បានត្រឹម​តែ​ ២ ម៉ែត្រ​ក៏​ចេញ​ទឹក​មិនអាច​ជីក​ជ្រៅ​បាន។

ក្រោយ​មក​ក៏បាន​ស្ដារ​ព្រែក​កំពង់​សីលា​ តែ​ព្រែកនេះ​ជាប់​ជាតំបន់​ការពារ​អណ្ដើក​ហ្លួង​ទៀត។​ដោយសារ​ឧបសគ្គ ​និង​ការរាំង​ស្ទះ ​ទើប​ក្រុម​ហ៊ុន​ស្វែងរក​ឃើញ​ទីតាំង​ជើង​ភ្នំ​បាក់កង ​ដែល​មាន​ចម្ងាយ​ប្រមាណ ៣​-៤ គីឡូ​ម៉ែត្រ​ ដែល​ក្រុមហ៊ុន​អាច​ជីក​យក​អាចម៍​ដី​មក​ចាក់​បំពេញ​តំបន់​អភិវឌ្ឍន៍​ខាង​លើ​នេះ៕

អត្ថបទគួរចាប់អារម្មណ៍