ព្រះសីហនុៈ ខេត្ត​ព្រះសីហនុ​នឹង​ធ្វើ​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ក្នុង​ការចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ខេត្ត​ចាប់ពី​ថ្ងៃទី​ ២២ ខែមិថុនា​នេះ ដោយមាន​ការសហការ​ពី​ពេទ្យ​កងទ័ព​នៃ​ក្រសួង​ការពារជាតិ​ដោយ​ផ្ដោតលើ​ប្រជាពលរដ្ឋ​ ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើងទៅ​ប្រមាណ​ជា​ ១៩ ​ម៉ឺន​នាក់​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ ខែមិថុនា ថា ខេត្ត​ព្រះសីហនុ​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នៅតាម​ទីតាំង​មួយចំនួន​ជា​បណ្តើរ​ហើយ ប៉ុន្តែ​ការចាក់​ទ្រង់ទ្រាយ​ធំ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក​ថា​៖ «​យុទ្ធនាការ​ធំ​នៃ​ការចាក់​វ៉ាក់សាំង​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើងទៅ នឹង​ធ្វើ​ឡើង​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​តែម្តង​»​។

កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា កន្លងមក លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា រៀបចំ​ក្រុមការងារ​គ្រូពេទ្យ ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅតាម​ក្រុង ស្រុក ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​លោក​បាន​លើកឡើង​ថា​មាន​តែ​ការចាក់​វ៉ាក់សាំង​ទេ ដែល​អាចជួយ​កាត់បន្ថយ​ការចម្លង​ជំងឺ​កូវីដ-១៩​បាន​។ ពលរដ្ឋ​ដែល​គ្រប់​អាយុ​អាច​ចាក់​វ៉ាក់សាំង ដែល​កំពុង​រស់នៅ និង​ធ្វើ​ការងារ​នៅ​ខេត្ត​ព្រះសីហនុ រួមទាំង​ជនបរទេស​ផង​នឹង​ទទួលបាន​​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ពី​រដ្ឋាភិបាល​កម្ពុជា​ដោយ​ឥតគិតថ្លៃ​។

យោងតាម​រដ្ឋបាលខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា នៅ​ខេត្ត​ព្រះសីហនុ ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ ១៨ ​ឆ្នាំ​ឡើង មាន​ជាង​ ២០ ​ម៉ឺន​នាក់ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ចាក់​វ៉ាក់សាំង​រួចហើយ ដែល​បច្ចុប្បន្ន​នៅសល់​ប្រមាណ​ជា​ ១៩ ​ម៉ឺន​នាក់​ទៀត​ប៉ុណ្ណោះ​ ដែល​នឹង​ទទួលបាន​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​នឹង​ចាប់ផ្តើម​ចាក់​ក្នុង​ទ្រង់ទ្រាយ​ធំ​ពី​ថ្ងៃទី​ ២២ ខែមិថុនា នេះ​។

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​កំណត់​គោលដៅ​ចំនួន ១៩ ​ទីតាំង​ផ្សេងគ្នា សម្រាប់​រៀបចំ​ជា​កន្លែង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត នៅ​ក្រុងព្រះសីហនុ​មាន​ ៥ ​ទីតាំង ស្រុក​ព្រៃនប់ ចំនួន​ ៥ ​ទីតាំង ស្រុក​កំពង់សីលា ៤ ​ទីតាំង ក្រុង​កោះរ៉ុង ២ ​ទីតាំង និង​ស្រុក​ស្ទឹងហាវ មាន​ចំនួន​ ១ ​ទីតាំង និង​មាននៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ក្នុងស្រុក​ព្រៃនប់​ផងដែរ​។

ខេត្ត​ព្រះសីហនុ គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ហានិភ័យ​ទាំង ៥ ដែល​ត្រូវ​ទទួល​ការចាក់​វ៉ាក់សាំង បន្ទាប់ពី​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ក្នុង​នោះ​មាន ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ តាកែវ កំពង់ចាម និង​ខេត្តស្វាយរៀង​។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ បាន​ស្នើ​ដល់​សមាជិក​ក្រុមការងារ​ប្រតិបត្តិ​ទាំងអស់ ទាំង​ក្រុមការងារ​បច្ចេកទេស និង​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុង​ពេល​ចុះ​បំពេញ បេសកកម្ម ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កម្មករ-កម្មការិនី និង​និយោជិត​តាម​បណ្តា​គោលដៅ​ភូមិសាស្ត្រ​ខេត្ត​ទាំង​ ៥ ដែល​ប្រឈម​ការឆ្លង​រាលដាល​ខ្លាំង​នូវ​ជំងឺ​កូវីដ​ ១៩ ពេល​បំពេញការងារ​ត្រូវ​ប្រតិបត្តិ​ឱ្យបាន​ខ្ជាប់ខ្ជួន​លើ​វិធានការ​ការពារ​ខ្លួន ៣ កុំ ៣ ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។

លោក​ថា​៖ «​ក្រុមការងារ​បច្ចេកទេស និង​ក្រុមគ្រូពេទ្យ​ដែល​ចុះទៅ​បំពេញ​ការងារ​ទាំងអស់ ត្រូវតែ​យកចិត្ត​ទុកដាក់​ពិនិត្យ​សុខភាព​ខ្លួន​យើង​ម្នាក់ៗ តាមរយៈ​ធ្វើតេស្ត​យក​សំណាក​រក​មេរោគ​កូវីដ ដើម្បី​ឱ្យ​ប្រាកដថា យើង​គ្មាន​ផ្ទុកមេរោគ​កូវីដ​ ១៩ ឱ្យបាន​គ្រប់ៗ​គ្នា មុន​ចេញ​ទៅ​បំពេញ​ការងារ​នៅតាម​បណ្ដា​ខេត្ត​ទាំង​ ៥ ដែល​ប្រការនេះ គឺ​ដើម្បី​សុខភាព​យើង​ផ្ទាល់​»៕