The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ភ្នំពេញ​ត្រូវ​បាន​កំណត់​ជា​តំបន់​ដំបូង​សម្រាប់​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​នៅផ្ទះ




ភ្នំពេញ​ត្រូវ​បាន​កំណត់​ជា​តំបន់​ដំបូង​សម្រាប់​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​នៅផ្ទះ

Content image - Phnom Penh Post
អ្នកដំណើរ​ធ្វើដំណើរ​តាម​ផ្លូវ​ឆ្លងកាត់​ពីមុខ​ផ្ទះ​ដែល​មាន​វិជ្ជមាន​ជំងឺ​កូវីដ​ក្នុង​ខណ្ឌមានជ័យ​។ ហុង មិនា

ភ្នំពេញ​ត្រូវ​បាន​កំណត់​ជា​តំបន់​ដំបូង​សម្រាប់​ថែទាំ ព្យាបាល​អ្នកជំងឺ​កូវីដ​នៅផ្ទះ

ភ្នំពេញៈ ក្រសួង​សុខាភិបាល បានកំណត់​ដាក់​រាជធានី​ភ្នំពេញ​ជា​តំបន់​ដំបូង​ក្នុង​ការប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅផ្ទះ​ចាប់ពី​ថ្ងៃទី​ ២០ ខែមិថុនា ប៉ុន្តែ​សម្រាប់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​នឹងត្រូវ​កំណត់​នៅពេល​ក្រោយ​។

ការសម្រេច​នេះ​ធ្វើឡើង​តាមរយៈ​ប្រកាស​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ កាលពី​យប់​ថ្ងៃទី​ ២០ ស្តីពី «​ការដាក់​ឱ្យប្រើ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​សម្រាប់​គ្រប់គ្រង​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ នៅតាម​ផ្ទះ​»​។

លោក​លើកឡើង​ថា៖ «​ការដាក់​ឱ្យ​ដំណើរការ​ការព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​នៅតាម​ផ្ទះ សម្រាប់​ភូមិសាស្ត្រ​ខេត្ត​ផ្សេង​ទៀត​ត្រូវ​កំណត់ដោយ​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅពេល​ក្រោយ ផ្អែក​តាម​កម្រិត​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ភូមិសាស្ត្រ​នីមួយៗ​»​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់ថា ការសម្រេច​រៀបចំ​ដាក់​អ្នកជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​ព្យាបាល​នៅតាម​ផ្ទះ ដោយ​យោង​ទៅតាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ផង និង​ដើម្បី​ជា​ការកាត់បន្ថយ​បន្ទុក​ទៅលើ​ប្រព័ន្ធ​សុខាភិបាល​ផង ដើម្បី​ទុក​កន្លែង​ទំនេរ​ទទួល​អ្នកជំងឺ​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​។ ជាង​នេះ​កម្ពុជា មាន​អ្នកជំងឺ​កូវីដ​ ១៩ រហូតដល់ ៨០​ ​ភាគរយ គឺជា​អ្នកជំងឺ​ស្ថិតក្នុង​កម្រិត​ស្រាល ដែល​ករណីនេះ ពួកគាត់​អាច​ធ្វើការ​ព្យាបាល​នៅតាម​ផ្ទះ​បាន ដែល​មាន​ក្រុម​គ្រូពេទ្យ​ចុះ​តាន​ដាន​សុខភាព​ជាប្រចាំ​ និង​ជាក់លាក់ ឯ​ ៥% ​នៃ​អ្នកជំងឺ​មាន​កម្រិតធ្ងន់​ និង ​១៥% ​ត្រូវការ​សង្គ្រោះបន្ទាន់​។

លោក ម៉ម ប៊ុនហេង បន្តថា​៖ «​ក្រសួង​សុខាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ ចំពោះ​កិច្ចសហការ​ដ៏ល្អ នៅ​គ្រប់​មូលដ្ឋាន​សុខាភិបាល​ក្នុង​ការអនុវត្ត​នីតិវិធី​ស្តង់ដា​ សម្រាប់​គ្រប់គ្រង ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​នៅ​តាម​ផ្ទះ​។ ក្រសួង​នឹងធ្វើ​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​នៃ​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត​ទាំងអស់​ ដើម្បី​បណ្តុះបណ្តាល​បន្ត​ដល់​មន្ត្រី បុគ្គលិក​ និង​ក្រុមគ្រូពេទ្យ​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន​»​។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល​បាន​កំណង់​ឱ្យ​អ្នកជំងឺ​កូវីដ​ ១៩ ដែល​ព្យាបាល​នៅផ្ទះ​ត្រូវ​ផ្តោតទៅលើ​ការធ្វើ​អនាម័យ ការ​ទុកដាក់​សំណល់​ពី​ការប្រើប្រាស់ និង​កិច្ចសន្យា​យល់ព្រម​ធ្វើការ​ថែទាំ និង​ព្យាបាល​ជំងឺ​កូវីដ​ ១៩​នៅផ្ទះ ការទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ ជាពិសេស​ការបែងចែក​ឱសថ​ព្យាបាល​រោគសញ្ញា​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​តាម​ការចាំបាច់​ការទទួល​ខុសត្រូវ​របស់​មន្ទីរ​សុខាភិបាល និង​លក្ខខណ្ឌ​នៃ​ការបញ្ចប់​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ​សម្រាក​ព្យាបាល​នៅផ្ទះ​។

ទោះបីជា​យ៉ាងណា ចំពោះ​ការសម្រាក​ព្យាបាល​នៅតាម​ផ្ទះ​នេះ ក៏​ត្រូវ​ផ្អែកលើ​ស្ថានភាព​មួយចំនួន​របស់​អ្នកជំងឺ​ផងដែរ ដូចជា​អ្នកជំងឺ​គ្មាន​រោគសញ្ញា ឬ​មាន​រោគសញ្ញា​កម្រិត​ស្រាល អាយុ​មិន​លើសពី ៦០ ​ឆ្នាំ មិនមែន​ជា​អ្នក​ជក់បារី​រ៉ាំរ៉ៃ មិនមែន​ជា​អ្នក​ធាត់ និង​មិនមែន​ជា​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំកាយ​។ ជាង​នេះ​ផ្ទះ​អ្នកជំងឺ​ត្រូវតែ​មាន​ស្ថានភាព​ល្អប្រសើរ ដូចជា​មាន​បន្ទប់​ដាច់​ដោយឡែក ជាដើម​។

យោងតាម​នីតិប្រតិបត្តិ​ស្តង់ដា ករណី​អ្នកជំងឺ​កម្រិត​ស្រាល​គឺ​សំដៅលើ​មាន​ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ឈឺ​សាច់ដុំ និង​សន្លាក់ កម្តៅ​តិចជាង​ ៣៨ ​អង្សាសេ កំហាប់​អុកស៊ីហ្ស៊ែន ចាប់ពី​ ៩៥% ​ឡើង ចង្វាក់​ដង្ហើម​ធម្មតា​ (១៨-២០ ​ដង​ក្នុង​ ១ ​នាទី​សម្រាប់​មនុស្សពេញវ័យ​) និង​មិនមែន​ជា​ជន​ងាយ​ប្រឈម​។

កាលពី​ថ្ងៃទី​ ៦ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឲ្យ​ក្រសួង​សុខាភិបាល​សិក្សា​លើ​ករណី​ព្យាបាល​អ្នកជំងឺ​កូវីដ​កម្រិត​ស្រាល​នៅតាម​ផ្ទះ ដោយ​លោក​បញ្ជាក់ថា បើទោះបី​ជា​កម្ពុជា​រៀបចំ​មន្ទីរពេទ្យ​ប៉ុន្មាន​ទៀត ក៏​មិន​គ្រប់​ដែរ ដូច្នេះ​វិធី​ដោះស្រាយ​គឺមាន​តែ​ទុក​អ្នក​មាន​វិជ្ជមាន​កូវីដ​ ១៩ កម្រិត​ស្រាល​ព្យាបាល​នៅ​តាម​ផ្ទះ​ប៉ុណ្ណោះ ដោយ​មាន​ការវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់​។

លោក​លើកឡើង​ថា​៖ «​ការព្យាបាល​នៅតាម​ផ្ទះ​នេះ ក៏​មិនមែន​ជា​ការរុញ​ចេញពី​ទំនួល​ខុសត្រូវ​របស់​រាជរដ្ឋាភិបាល​នោះដែរ ពោល​គឺ​រដ្ឋ​នឹង​រៀបចំ​ការឧបត្ថម្ភ ចំពោះ​ពួកគាត់ ដោយ​ត្រូវ​ផ្ដល់​ថវិកា ២ ​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ជូន​អ្នក​ដែល​ត្រូវ​ព្យាបាល​នៅតាម​ផ្ទះ​»​។

លោក ហ៊ុន សែន បន្ថែម​ថា ជា​ការពិត​គឺ​គ្រួសារ​របស់​ពួកគាត់​មាន​លទ្ធភាព​ផ្គត់ផ្គង់​អាហារ​សម្រាប់​អ្នកជំងឺ​ក្នុង​គ្រួសារ​របស់​ពួកគាត់ ប៉ុន្ដែ​រាជរដ្ឋាភិបាល​ក៏​ត្រូវមាន​កាតព្វកិច្ច​ជួយ​សម្រួល​ផ្នែក​ជីវភាព​របស់​ពួកគាត់​មួយផ្នែក​ដែរ​។

ក្នុង​នីតិប្រតិបត្តិ​នេះ​ក៏​បាន​កំណត់​ដែរ​ថា ការអនុញ្ញាត​ឱ្យ​បញ្ចប់​ការព្យាបាល​អ្នកជំងឺ​កូវីដ​នៅ​តាម​ផ្ទះ ត្រូវ​បាន​អនុវត្ត​ផ្អែកលើ​លក្ខខណ្ឌ​មួយចំនួន​ដូចជា ក្នុងករណី​បាន​យក​សំណាក​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១៣ (​បន្ទាប់ពី​ការបញ្ជាក់​លទ្ធផល​តេស្ត​វិជ្ជមាន​ដំបូង​) ប្រសិនបើ​លទ្ធផល​អវិជ្ជមាន គឺ​គាត់​អាច​បញ្ចប់​ការព្យាបាល​នៅផ្ទះ​បាន ដោយ​ត្រូវ​បន្តធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ ១៤ ​ថ្ងៃ​ទៀត និង​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក ដោយ​ស្វ័យប្រវត្តិ​ដោយ​ពុំ​តម្រូវឱ្យ​ធ្វើតេស្ត​រក​វីរុស​កូវីដ​ ១៩ ​ឡើងវិញ​នៅ​ថ្ងៃទី​ ១៣ ​ទៀត​ទេ​។ ប្រសិនបើ​លទ្ធផល​វិជ្ជមាន​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅផ្ទះ​រហូតដល់​ថ្ងៃទី​ ២៨ និង​អាច​បញ្ចប់​ការព្យាបាល​បាន​ដោយ​ស្វ័យប្រវត្តិ ដរាបណា​គ្មាន​រោគសញ្ញា ៣ ​ថ្ងៃ​ចុងក្រោយ​។

មួយវិញទៀត ក្នុង​ករណី​មិនបាន​យក​សំណាក​ធ្វើតេស្ត​នៅ​ថ្ងៃទី​ ១៣ (​បន្ទាប់ពី​ការបញ្ជាក់​លទ្ធផល​តេស្ត​វិជ្ជមាន​ដំបូង​) ​ត្រូវ​បន្ត​សម្រាក​ព្យាបាល​នៅផ្ទះ​រហូតដល់​ថ្ងៃទី​​ ២៨ ​និង​អាច​បញ្ចប់​ការព្យាបាល​ដោយ​ស្វ័យប្រវត្តិ ដរាបណា​គ្មាន​រោគសញ្ញា ៣ ​ថ្ងៃ​ចុងក្រោយ​៕

អត្ថបទគួរចាប់អារម្មណ៍