The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Velocity Arcademy ជា​ប្រព័ន្ធ​សិក្សា​បែប​ឌីជីថល​បង្កើត​ដោយ​ស្ត្រី​វ័យក្មេង​ ២ ​រូប​ដាក់​ដំណើរការ




Velocity Arcademy ជា​ប្រព័ន្ធ​សិក្សា​បែប​ឌីជីថល​បង្កើត​ដោយ​ស្ត្រី​វ័យក្មេង​ ២ ​រូប​ដាក់​ដំណើរការ

Content image - Phnom Penh Post
គ្រូ​កំពុង​បង្រៀន​សិស្ស​តាម​អនឡាញ​នៅ​សាលារៀន​ ១ ​នា​ខេត្ត​ឧត្តរមានជ័យ​ពី​ខែ​មុន​។ ​រូប MoEYS

Velocity Arcademy ជា​ប្រព័ន្ធ​សិក្សា​បែប​ឌីជីថល​បង្កើត​ដោយ​ស្ត្រី​វ័យក្មេង​ ២ ​រូប​ដាក់​ដំណើរការ

ភ្នំពេញៈ ប្រព័ន្ធ​សិក្សា​តាម​ទូរស័ព្ទដៃ​មួយ​ហៅថា Velocity Arcademy ដែល​បង្កើតឡើង​ ដោយ​យុវតី​ ២ ​រូប ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ កាលពី​ថ្ងៃទី​ ២១ មិថុនា ដើម្បី​ជួយ​អភិវឌ្ឍ​ជំនាញ​ដល់​គ្រូបង្រៀន ក្នុង​ការបង្រៀន​ដោយ​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការបង្រៀន​តាម​អនឡាញ​។

Velocity Arcademy ជា​ប្រព័ន្ធ​សិក្សា​តាម​ទូរស័ព្ទដៃ​ ដែល​ផ្តល់​ជា​មេរៀន​ជំនាញ​ផ្នែក​អប់រំ និង​បច្ចេកវិទ្យា ដែល​មាន​លក្ខណៈ​ខ្លីៗ​ទាក់ទង​នឹង​ការអនុវត្ត​ផ្ទាល់​ដល់​គ្រូបង្រៀន ដោយ​មិន​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការស្តាប់ ឬ​ទស្សនា​ក្នុង​ការរៀន​។ នេះ​បើតាម​កញ្ញា​ សុវណ្ណ ពេជ្រពិសី វ័យ​ ២២ ​ឆ្នាំ ដែលជា​សហស្ថាបនិក​។

Velocity Arcademy ក៏​ជា​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ផ្នែក​អប់រំ​នៅ​ប្រទេស​កម្ពុជា​ដែល​ជួយ​ដល់​សាលារៀន និង​អ្នកផ្តល់​ការអប់រំ​ឱ្យមាន​ស្វ័យភាព ដោយ​ផ្តល់​ការគាំទ្រ និង​ការបង្ហាត់​ជំនាញ ទៅ​ដល់​គ្រូបង្រៀន នា​សម័យ​ជឿនលឿន​។ កម្មវិធី​នេះ​មាន​គោលបំណង​ផ្តល់​ការគាំទ្រ​ផ្នែក​គរុកោសល្យ និង​ជំនាញ​ចាំបាច់ ដែល​ជា​គុណប្រយោជន៍​ដល់​ជំនាញ​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ដោយ​គ្មាន​ឧបសគ្គ ដូចជា ពេលវេលា​ទីកន្លែង និង​ថវិកា​។

ក្រោយ​ដាក់ឱ្យ​ដំណើរការ កម្មវិធី​នេះ​បាន​ស្វាគមន៍​គ្រូបង្រៀន​ ៥០ ​នាក់​ដំបូង​ដែល​មកពី​ខេត្ត​នានា​ ដើម្បី​ប្រែក្លាយ​ខ្លួន​ទៅជា​អ្នក​អប់រំ​តាម​ប្រព័ន្ធ​ឌីជីថល​ដែល​ពួកគេ​បាន​ចូលរួម​កម្មវិធី​នវានុវត្តន៍​គ្រូបង្រៀន​រយៈពេល​ ២ ​សប្តាហ៍ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២១ មិថុនា​តទៅ​។

កញ្ញា​ សុវណ្ណ ពេជ្រពិសី សហស្ថាបនិក Velocity Arcademy ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា អំឡុងពេល​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ គ្រូបង្រៀន​ជួប​ការលំបាក​ក្នុង​ការដក​យក​វិធីសាស្ត្រ​បង្រៀន​តាម​អនឡាញ និង​ការបង្រៀន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។

កញ្ញា​ថ្លែងថា​៖ «​អ៊ីចឹង​យើង​បង្កើត ធុរកិច្ច​ថ្មី​នេះ​ឡើង​ដើម្បី​ជួយ​ឱ្យ​លោកគ្រូ​អ្នកគ្រូ​ក្នុង​ការបង្រៀន គាត់​អាច​ស្វែងរក​ជំនាញ​ស្វែងរក​ជំនួយ​ទាក់ទង​នឹង​ការបង្រៀន​អនឡាញ ការបង្រៀន​បែប​ថ្មីៗ​ផ្សេងៗ ការប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​យកមក​ជំនួយ​ក្នុង​ការបង្រៀន​របស់គាត់​»​។

បើតាម​កញ្ញា​ ពេជ្រពិសី ដោយសារ​វា​ជា​ធុរកិច្ច​ថ្មី​ផ្នែក​អប់រំ Velocity Arcademy ព្យាយាម​ពាំនាំ​យក​អ្វី ដែល​ថ្មី ដើម្បី​បង្ហាញ​ដល់​គ្រូបង្រៀន ហើយ​បច្ចុប្បន្ន​កំពុងធ្វើការ​ជាមួយ​អង្គការ និង​សាលារៀន​មួយចំនួន​ក្នុង​ការជួយ​អភិវឌ្ឍ​ជំនាញ​ដល់​បុគ្គលិក​របស់​ស្ថាប័ន​ទាំងនេះ​។

កញ្ញា​និយាយ​ថា​៖ «​នៅពេលដែល​ពួកគាត់ [​គ្រូបង្រៀន​] រៀន​ជំនាញ​ពី​ខាង​ពួកខ្ញុំ​ហើយ គាត់​អាច​យក​ការអនុវត្ត បទពិសោធ ឬក៏​ជំនាញ​ដែល​គាត់​សិក្សា​ពី​ខាង​ខ្ញុំ​ហ្នឹង​យក​ទៅ​ប្រើប្រាស់​ក្នុង​ការបង្រៀន មិន​ថា អនឡាញ ឬក៏​មិន​ថា​នៅក្នុង​ថ្នាក់ ឬក៏​ក្នុងស្ថានភាព​បែបណា​គេ​ហៅថា​ Hybrid learning»​។

កញ្ញា​ ពេជ្រពិសី ​បន្ថែមថា​៖ «​គាត់ [​គ្រូបង្រៀន​] យកទៅ​ប្រើប្រាស់​ក្នុង​ថ្នាក់រៀន​របស់គាត់​ធ្វើឱ្យ​ការសិក្សា​មាន​ប្រសិទ្ធភាព​ជាង​មុន​។ ធ្វើឱ្យ​ការប្រឡង​មាន​តម្លាភាព​ជាង​មុន ហើយ​សិស្ស​គាត់​អាច​រៀន​ដោយ​វិធី​ថ្មីៗ​ផ្សេងៗ​ជាច្រើន​។ មិន​ត្រឹមតែ​អង្គុយ​ស្តាប់​គ្រូ គាត់​អាច​រៀន​ធ្វើ​ខ្លួនឯង រៀន​រៀបចំ រៀន​មើល រៀន​អី​បន្ថែម​ខ្លួនឯង​អ៊ីចឹង​»​។

កញ្ញា​បន្តថា​ Velocity Arcademy រំពឹងថា​គ្រូបង្រៀន​នឹង​អាច​ប្រើប្រាស់​ក្នុង​ថ្នាក់រៀន​បាន​នូវ​បច្ចេកទេស​ជំនាញ​ និង​វិធីសាស្ត្រ​បង្រៀន​ដែល​បានមកពី​ការស្រាវជ្រាវ​ថ្មីៗ ការអនុវត្ត​របស់​ប្រទេស​ផ្សេងៗ និង​គ្រូបង្រៀន​ផ្សេងៗ​ដែល​មកពី​ប្រទេស​ផ្សេងៗ​ ដើម្បី​ចែករំលែក​ជូន​គ្រូបង្រៀន​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់ Velocity Arcademy ពី​ម្សិលមិញ ប្រព័ន្ធ​អេកូឡូស៊ី​អប់រំ​នៅ​កម្ពុជា​កំពុង​ត្រូវការ​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជាពិសេស​គ្រូបង្រៀន​ផ្ទាល់​។ ជំងឺ​កូវីដ​ ១៩ បាន​ពន្លឿន​ការសិក្សា​ឌីជីថល ដែលជា​ហេតុ​ធ្វើឱ្យ​មាន​ការកើនឡើង​ទីផ្សារ​នៃ​បច្ចេកវិទ្យា​អប់រំ​ជុំវិញ​ពិភពលោក រហូតដល់​មាន​តម្លៃ ៨៩,៤៩ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២០​។

ហ្វេសប៊ុក​នេះ​បញ្ជាក់ថា ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ គឺ​តម្លៃ​ទីផ្សារ​នៃ​បច្ចេកវិទ្យា​អប់រំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​ដល់​ ២២,៦ ​ភាគរយ ខណៈ​តម្លៃ​ទីផ្សារ​នៃ​បច្ចេកវិទ្យា​អប់រំ​ជុំវិញ​ពិភពលោក​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​កើនឡើង​ត្រឹមតែ​ ១៩,៩ ​ភាគរយ​ប៉ុណ្ណោះ​ចាប់ពី​ឆ្នាំ​ ២០២១ ដល់ ២០២៨​។

តាម​ហ្វេសប៊ុក​នេះ​ការរៀនសូត្រ​ពេញ​ ១ ​ជីវិត​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​ចំណោម​អ្នកសិក្សា និង​និយោជិត ដោយហេតុ​ថា ការរៀនសូត្រ​ពេញ​ ១ ​ជីវិត​មាន​លក្ខណៈ​បត់បែន​។

ហ្វេសប៊ុក​នេះ​បញ្ជាក់ថា​៖ «Velocity Arcademy ​សូម​ណែនាំ​ការសិក្សា​តាម​ទូរស័ព្ទ និង​ល្បែង​សិក្សា​ដើម្បី​បង្វែរ​បរិយាកាស​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​គ្រូបង្រៀន​ឱ្យ​កាន់តែ​មាន​ភាពបត់បែន និង​សេរីភាព​។ Velocity Arcademy ​មាន​ក្តី​សោមនស្ស​ក្នុង​ការជួយ​ស្ថាប័ន​អប់រំ អង្គការ​ និង​គ្រូបង្រៀន តាមរយៈ​ការពិគ្រោះ​យោបល់ និង​ការអភិវឌ្ឍ​វិជ្ជាជីវៈ​របស់​ពួកគាត់​ផ្ទាល់​»​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​ថា ក្រសួង​ស្វាគមន៍​ការចូលរួម​លើកកម្ពស់​គុណវុឌ្ឍិ​គ្រូ​តាម​គ្រប់​រូបភាព ជាពិសេស​តាមរយ:​ការពង្រឹង​សមត្ថភាព​គ្រូ​ក្នុង​ការប្រើ​បច្ចេកវិទ្យា​សម្រាប់​ការបង្រៀន និង​រៀន​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែង​អំណរគុណ​ចំពោះ​កិច្ចសហការ​ពី​សំណាក់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន មាតាបិតា សិស្ស​និស្សិត និង​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ​សម្រាប់​អ្នកសិក្សា​មុន​ និង​ក្នុង​បរិបទ​កូវីដ ​១៩»៕

អត្ថបទគួរចាប់អារម្មណ៍