The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ទៅ​សៀមរាប​អាច​ចុះឈ្មោះ​តាម​អនឡាញ​ ដើម្បី​ងាយស្រួល​តាមដាន​ការឆ្លង​កូវីដ




អ្នក​ទៅ​សៀមរាប​អាច​ចុះឈ្មោះ​តាម​អនឡាញ​ ដើម្បី​ងាយស្រួល​តាមដាន​ការឆ្លង​កូវីដ

Content image - Phnom Penh Post
អ្នកដំណើរ​លើក​បង្ហាញ​ទូរស័ព្ទ​ទៅកាន់​អ្នកធ្វើការ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចូលទៅ​កាន់​ខេត្ត​សៀមរាប​។ រូបថត រដ្ឋបាលខេត្ត

អ្នក​ទៅ​សៀមរាប​អាច​ចុះឈ្មោះ​តាម​អនឡាញ​ ដើម្បី​ងាយស្រួល​តាមដាន​ការឆ្លង​កូវីដ

សៀមរាបៈ ​រដ្ឋបាលខេត្ត​សៀមរាប​បានចាប់ផ្តើម​ដំណើរការ​កម្មវិធី​ឱ្យ​អ្នកដំណើរ​ចុះឈ្មោះ​តាម​អនឡាញ​ដោយ​ខ្លួនឯង តាមរយៈ​ការតំណភ្ជាប់ srprovince.com/login របស់​ខេត្ត​ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​ដល់​អ្នកដំណើរ​ដែល​មាន​បំណង​ធ្វើដំណើរ​ចូល​ភូមិសាស្ត្រ​ខេត្ត​ទេសចរណ៍​មួយ​នេះ ដើម្បី​ងាយស្រួល​តាមដាន​ និង​ទប់ស្កាត់​ការឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ២១ មិថុនា​ថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ចុះឈ្មោះ​ដោយ​ខ្លួនឯង​ក្នុង​ប្រព័ន្ធ​ចុះឈ្មោះ​ចូល​ភូមិសាស្ត្រ​ខេត្តសៀមរាប​នេះ​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១ ​តទៅ​។

អ្នកដំណើរ​គ្រប់រូប​ដែល​មានបំណង​ឆ្លងកាត់​ខេត្តសៀមរាប​ត្រូវបំពេញ​មុនពេល​មកដល់​គោលដៅ​ព្រំប្រទល់ ឬ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឱ្យ​បាន​មុន ទើបជា​ការប្រសើរ​។ ចំពោះ​អ្នក​មិនទាន់​យល់ច្បាស់​ពី​ការប្រើប្រាស់ ឬ​បំពេញ​ទិន្ន័យ រដ្ឋបាល​ខេត្ត​មាន​មន្ត្រី​នៅចាំ​សម្របសម្រួល​ណែនាំ​នៅ​ច្រក​នីមួយៗ​។ ជាមួយ​គ្នា​នេះ​សម្រាប់​អ្នក​មិនមាន​ទូរស័ព្ទដៃ​ទំនើប រដ្ឋបាលខេត្ត តម្រូវ​ឱ្យ​មាន​ការចុះឈ្មោះ​តាម​ធម្មតា​។

លោក​ ទៀ សីហា បន្តថា ដើម្បី​ប្រើប្រាស់​ការចុះឈ្មោះ​ដោយ​ខ្លួនឯង​នេះ អ្នកធ្វើ​ដំណើរ​អាច​ចូលទៅក្នុង Website តាមរយៈ srprovince.com/login ចុះឈ្មោះ​តាមរយៈ Facebook ឬ E-mail (Gmail) ដោយ​បំពេញ​ព័ត៌មាន​ផ្ទាល់ខ្លួន និង​កំណត់ត្រា​យានយន្ត លេខ​អត្តសញ្ញាណប័ណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និង​លេខ​ទូរស័ព្ទ​។

មួយវិញ​ទៀត​អ្នក​ធ្វើដំណើរ​ត្រូវបង្កើត​កំណត់ត្រា​ឆ្លងកាត់​ខេត្ត​ដោយ​បញ្ចូល​ព័ត៌មាន​ផ្ទាល់ខ្លួន​ និង​អ្នករួមដំណើរ​ជាមួយ​និង​ទាញយក QR Code ភ្ជាប់​ជាមួយ​អត្តសញ្ញាណប័ណ្ណ​បង្ហាញ​ទៅ​មន្ត្រី​ប្រចាំ​នៅ​ព្រំប្រទល់​ខេត្ត​។

លោក ស៊ុន ចំណាន អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តសៀមរាប​ថ្លែងថា ចាប់តាំងពី​មាន​ការផ្ទុះឡើង​នូវ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​កន្លងមក​រដ្ឋបាលខេត្ត​បាន​រៀបចំ​ទីតាំង​នៅ​តាម​ព្រំប្រទល់​ចេញចូល​ខេត្តសៀមរាប ដើម្បី​ចុះឈ្មោះ​អ្នកធ្វើដំណើរ​ និង Scan QR Code ប៉ុន្តែ​វា​ធ្វើឱ្យ​មាន​ការកកស្ទះ និង​ចំណាយពេល​យូរ ដូច្នេះហើយ​បាន​ជា​រដ្ឋបាលខេត្ត​ដាក់​ឱ្យ​ដំណើរការ​តាម srprovince.com/login ដើម្បីឱ្យ​អ្នកធ្វើ​ដំណើរ​ចុះឈ្មោះ​ដោយ​ខ្លួនឯង ដែល​ជា​វិធានការ​ក្នុង​ការទប់ស្កាត់​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​។

លោក​ ចំណាន ​ពន្យល់ថា ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ចុះឈ្មោះ​នេះ​វា​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក និង​ស្រាវជ្រាវ បើ​មាន​ការឆ្លង​ចំពោះ​បុគ្គល​ណាមួយ​នោះ និង​អ្នកពាក់ព័ន្ធ​ដោយ​ប្រើ​រយៈពេល​ ២ ឬ ៣ ម៉ោង​នឹង​ដឹងថា បុគ្គល​ណា​ខ្លះ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ឆ្លង​កូវីដ​ហើយ​មាន​វិធានការ​គ្រប់គ្រង​កុំ​ឱ្យ​មាន​ការរីករាលដាល​បន្តទៀត​។

តាម​លោក​ ចំណាន មួយរយៈ​ចុងក្រោយ​នេះ​មាន​អ្នកដំណើរ​ចូលមក​ខេត្ត​សៀមរាប​ក្នុង​ចំនួន​ច្រើន ដោយ​ថ្ងៃ​ខ្លះ​ក្បែរ​ម៉ឺន​នាក់​ធ្វើឱ្យ​ការបញ្ចូល​ទិន្នន័យ នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​មាន​ភាពយឺតយ៉ាវ ដែល​ធ្វើឱ្យ​អ្នក​ធ្វើ​ដំណើរ​រង់ចាំ​នៅ​ច្រក​នីមួយៗ​យូរ និង​ខាត​ពេលវេលា ហើយ​អត់​សប្បាយចិត្ត​។

ដូច្នេះ​រដ្ឋបាលខេត្ត​បាន​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​បង្កើនល្បឿន ដោយ​អនុញ្ញាត​ឱ្យ​អ្នកធ្វើ​ដំណើរ បំពេញ​ខ្លួនឯង ដោយ​ក្នុង​នោះ​ដាក់​នៅតាម​ព្រំប្រទល់​មួយ​ចំនួន​រួមមាន ជីក្រែង ព្រះនេត្រព្រះ ក្រឡាញ់ ស្រីស្នំចុងកាល់​។

លោក​ ចំណាន ​ថ្លែងថា​៖ «​នៅពេល​ដែល​គាត់​មកដល់​គោលដៅ​ហើយ​គាត់​ស្កេន​ទៅ ដោយ​មិនបាច់​ចាំ​ចុះឈ្មោះ​អ្វី​ទៀត​ទេ ព្រោះ​ទិន្នន័យ​បាន​ភ្ជាប់​រួច​អស់ហើយ​។ វា​លឿន​ជាង​មុន​»​។

រដ្ឋបាល​ខេត្តសៀមរាប​កាលពី​កន្លងមក​ក៏បាន​ប្រើ QR Code របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដែរ​ ប៉ុន្តែ​វា​មាន​ការលំបាក​ក្នុង​ការស្រាវជ្រាវ បើសិន​ជា​អ្នក​ធ្វើដំណើរ​ណាមួយ មាន​វិជ្ជមាន​កូវីដ​ ព្រោះ​អត់​ដឹង​ទៅណា​ខ្លះ ពេលមក​ដល់​ខេត្តសៀមរាប​។ ដូច្នេះ នៅពេល​ដែល​ប្រើ​ប្រព័ន្ធ​របស់​ខេត្ត​នឹង​ដឹងថា អ្នកដំណើរ​នោះ ស្នាក់នៅ​សណ្ឋាគារ​ណា​នៅ​ផ្ទះ​ពី​ណា​គេ ឬ​បើ​ពួកគាត់​មាន​វិជ្ជមាន​នឹង​ដឹងបាន​លឿន ហើយ​រក​អ្នកពាក់ព័ន្ធ​ក៏បាន​លឿន​ដែរ​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ឱ្យដឹង​ដែរ​ថា ខេត្ត​ព្រះសីហនុ​កាលពី​កន្លងទៅ​បានដាក់​ឱ្យ​ប្រើប្រាស់ App របស់​ក្រសួង​ប្រៃសនីយ៍ សម្រាប់​គ្រប់គ្រង​ជំងឺ​កូវីដ​ដល់​អ្នកដំណើរ​ចេញ-ចូល​ខេត្ត​នេះ​ដែលមាន​ភាពចាំបាច់​នៅតាម​ព្រំប្រទល់​ខេត្ត ប៉ុន្តែ បច្ចុប្បន្ន​នេះ​រដ្ឋបាលខេត្ត​បានដាក់​ឱ្យ​ដំណើរការ​នៅតាម​តំបន់​បិទ​ខ្ទប់​មួយចំនួន​ប៉ុណ្ណោះ​។ «​ខ្ញុំ​សូមបញ្ជាក់ថា ការប្រើ App នេះ​សម្រាប់​ទីតាំង​ដែលមាន​ការពាក់ព័ន្ធ​ ឬ​បុគ្គល​ដែល​ត្រូវធ្វើ​ចត្តាឡីស័ក​គឺ​តម្រូវឱ្យ​គាត់​ប្រើ​ ដើម្បី​​គ្រប់គ្រង​ និង​តាមដាន​ការធ្វើ​ចត្តាឡីស័ក​របស់​ពួកគាត់​»៕

អត្ថបទគួរចាប់អារម្មណ៍