ព្រៃវែងៈ លទ្ធផល​ជំហាន​ដំបូង​ពី​មន្ទីរពិសោធន៍​បាន​បង្ហាញថា សំណាក​ស្រាស​មួយចំនួន​ក្នុង​ចំណោម​សំណាក​ស្រាស​សរុប​ចំនួន​ ១១ នៅ​ឃុំ​មេសរប្រចាន់ ស្រុក​ពារាំង គឺ​មាន​ជាតិ​មេតាណុល​ក្នុង​កម្រិត​ខ្ពស់ ដែល​អាច​បង្ក​ឱ្យ​អ្នក​ផឹក​ពុល​ស្លាប់​។ នេះ​បើតាម​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ (​កបប​)​។

ការយក​សំណាក​ស្រាស​ទៅ​ធ្វើ​ពិសោធន៍​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​ពលរដ្ឋ​ចំនួន​ ៤ ​នាក់​មាន​លំនៅ​ក្នុង​ភូមិ​យោត ឃុំ​មេសរប្រចាន់ ស្រុក​ពារាំង រួមមាន​ឈ្មោះ ឆួន ពៅ អាយុ ៥៣ ​ឆ្នាំ​, ស៊ឺន ផន អាយុ ៣១ ​ឆ្នាំ​, ស៊ឺន ចយ អាយុ ៤៥ ​ឆ្នាំ និង​ឈ្មោះ ហ៊ាន ណេន ភេទ​ប្រុស អាយុ​ ៤៧ ​ឆ្នាំ​បាន​ស្លាប់​ជា​បន្តបន្ទាប់ សង្ស័យ​ជា​ករណី​ពុលស្រា ព្រោះ​តាម​ការអះអាង​របស់​សាច់ញាតិ មុនពេល​ពួកគេ​ស្លាប់​គឺ​បាន​ផឹក​ស្រាស និង​ស្រាថ្នាំ​។

លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន កបប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២១ មិថុនា​ថា យោងតាម​លទ្ធផល​ពី​មន្ទីរពិសោធន៍​ក្នុង​ជំហាន​បឋម​នេះ សំណាក​ស្រាស​មួយចំនួន​ក្នុង​ចំណោម​សំណាក​ស្រាស​ និង​ស្រាថ្នាំ​សរុប​ចំនួន​ ១១ ​សំណាក ដែល​យក​ទៅ​ពី​ឃុំ មេសរប្រចាន់ មាន​សារធាតុ​មេតាណុល​ចន្លោះ​ពី​ ៦ ​ភាគរយ ទៅ ៧,៥ ​ភាគរយ ដែល​អាច​បង្ក​ឲ្យ​អ្នក​ផឹកស្រា​នោះ​ពុល​ស្លាប់​។

លោក​បញ្ជាក់ថា​៖ «​ព្រោះតែ​ករណីនេះ នៅ​ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ ២០២១ ក្រុមការងារ​យើង​បានធ្វើ​ការងារ​ដល់​ម៉ោង​ ៨ ​យប់ ដើម្បី​ពិនិត្យ​សំណាក​ស្រា​ដែល​សមត្ថកិច្ច​មូលដ្ឋាន​ និង​សាខា ក.ប.ប ខេត្ត​ព្រៃវែង​បាន​ផ្ដល់​មក ហើយ​យើង​បាន​រកឃើញ​មាន​សារធាតុ​មេតាណុល​ខ្ពស់ គឺ​កម្រិត​ពី ៦ ​ទៅ ៧,៥ ​ភាគរយ ដែល​អាច​បង្ក​ឲ្យ​អ្នក​ផឹកស្រា​នោះ​ពុល​ស្លាប់​បាន​»​។

លោក​ អ៊ុត សុភាព ប្រធាន​សាខា ក.ប.ប ខេត្តព្រៃវែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​តាម​លទ្ធផល​នៃ​ការធ្វើ​តេស្តិ៍​រក​មេរោគ​កូវីដ​ ១៩ ដោយ​ឧបករណ៍ Rapid Test របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង ជនរងគ្រោះ​ទាំងអស់​មិន​មាន​វិជ្ជមាន​កូវីដ​ ១៩ ​នោះទេ​។ ការសង្ស័យ​ថា ពួកគេ​ស្លាប់​ដោយ​ករណី​ពុល​ស្រា ក្នុង​ជំហាន​បឋម​នេះ​ក៏​ដោយសារ​សាច់ញាតិ​របស់​ពួកគេ​បាន​អះអាង​ថា ពួកគេ​មុន​ស្លាប់​​បាន​ផឹក​ស្រាស​ និង​ស្រាថ្នាំ​ច្រើនពេក​»​។

បន្ទាប់ពី​មាន​ការសង្ស័យ​ទៅលើ​ករណី​ពុលស្រា ក្រុមការងារ​របស់​លោក​បាន​ចុះ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើការ​ស្រាវជ្រាវ និង​ប្រមូល​សំណាក​ស្រា​ពី​ទីតាំង​បិតស្រា និង​តៀម​លក់​ស្រាស និង ស្រាថ្នាំ​សរុប​ចំនួន​ ១១ សំណាក​ពី​ក្នុង​ភូមិសាស្ត្រ​នៃ​តំបន់​កើតហេតុ​នោះ បញ្ជូន​ទៅកាន់​មន្ទីរពិសោធន៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ពិសោធ​ស្វែងរក​ការពិត​។

លោក ឡុង ប៊ុនធឿន អធិការ​ស្រុក​ពារាំង​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២១ ខែមិថុនា​ថា បន្ទាប់ពី​មាន​ករណី​អ្នក​ផឹក​ស្រាស​ស្លាប់​ ៤ ​នាក់ អាជ្ញាធរ​ស្រុក​ពារាំង បានសម្រេច​ហាមឃាត់​ការផលិត ការនាំចេញ​នាំចូល និង​ការលក់​ចែកចាយ​បន្ត​នូវ​ផលិតផល​ស្រាស និង​ស្រាថ្នាំ​នៅ​ទូទាំង​ស្រុក​ពារាំង​ទាំងមូល ជាពិសេស​ក្នុង​មូលដ្ឋាន​ឃុំ​មេសរប្រចាន់​។ លោក​និយាយថា​៖ «​នៅពេលនេះ ក្រុម​កម្លាំង​សមត្ថកិច្ច​យើង កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ សាខា ក.ប.ប ខេត្ត ចុះ​អង្កេត​ស្រាវជ្រាវ​លើ​ករណីនេះ ខណៈ​គ្រួសារ​ជនរងគ្រោះ​មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​នៃ​ប្រភព​ស្រា ដែល​ជនរងគ្រោះ​បាន​ទិញ​យកមក​ផឹក​នោះទេ​»​។

បើតាម​លោក​ ប៊ុនធឿន មកទល់​ពេលនេះ ពុំ​ឃើញ​អ្នកភូមិ​ណា​ម្នាក់​ធ្លាក់ខ្លួន​ឈឺ ដោយ​អាការ​ពុល​ស្រា​ទៀត​នោះទេ​។

ករណី​សង្ស័យ​ពុលស្រា​ស្លាប់​ជនរងគ្រោះ​ទាំង ៤ ​នាក់​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​ ១៩ ខែមិថុនា បាន​ធ្វើឲ្យ​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយ​ករណី​ពុល​ស្រាស និង​ស្រាថ្នាំ​កើន​ដល់​ ៣៥ ​នាក់​ហើយ​។

យោងតាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ៣ ខែមិថុនា ឱ្យដឹងថា ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចំនួន​ ៣១ ​នាក់​ក្នុង​ខេត្ត​ចំនួន​ ៣ ​រួមមាន ខេត្តកណ្ដាល កំពត និង​ខេត្តពោធិ៍សាត់​បាន​ស្លាប់​ដោយ​សង្ស័យ​បណ្ដាល​មកពី​ការទទួលទាន​ស្រាស និង​ស្រាថ្នាំ ដែលមាន​សារធាតុ​មេតាណុល​ខ្ពស់​៕

វីដេអូ៖