ភ្នំពេញៈ ក្រសួងសុខាភិបាលកាលពីម្សិលមិញ បានហាមឃាត់ការចែកចាយ លក់ និងធ្វើតេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ ១៩ ដោយប្រើតេស្តរហ័សដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលហើយបានព្រមានចាត់វិធានការតឹងរ៉ឹងចំពោះសេវាសុខាភិបាលឯកជនណា ដែលនៅតែឆ្លៀតប្រើប្រាស់ឧបករណ៍ជាប់បម្រាមទាំងនេះ។
ការប្រកាស និងព្រមាននេះធ្វើឡើង បន្ទាប់ពីមានគណនីហ្វេសប៊ុកចំនួន ៤ គឺ១- បងប្រុសទីពីរ,២- LengKuchnika Pol,៣- Srey Nit,៤.TMS-Trust Medical Services បាន និងកំពុងផ្សព្វផ្សាយលក់តេស្ដរហ័សរកអង់ទីគ័រការពារជំងឺកូវីដ ១៩ ទាំងនេះ ដោយគ្មានចុះលេខបញ្ជិកា និងពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះក៏មានសេវាសុខាភិបាលឯកជនមួយចំនួនទៀតក៏កំពុងយកឧបករណ៍ទាំងនេះទៅធ្វើតេស្តជូនពលរដ្ឋយ៉ាងអនាធិបតេយ្យផងដែរ។
នេះបើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីម្សិលមិញ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា «តេស្តរហ័សរកអង់ទីគ័រការពារកូរីដ ១៩ ដែលកំពុងចរាចរខាងលើនេះ គឺពុំមានការចុះបញ្ជិកាពីក្រសួងសុខាភិបាលនៅឡើយ ហើយក៏ពុំទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) នៅឡើយដែរ ហើយលទ្ធផលដែលបានមកពីការប្រើប្រាស់តេស្តទាំងនេះ គឺមិនអាចជឿជាក់បានឡើយ»។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរឧបករណ៍បរិក្ខារពេទ្យក៏ដូចជាតេស្តរហ័សគ្រប់ប្រភេទនៅកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកាពីក្រសួងសុខាភិបាល។ ចំពោះការផ្សព្វផ្សាយផលិតផលទាំងអស់នោះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល និងច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ តម្រូវឱ្យរាល់ការវិភាគវេជ្ជសាស្ត្រក៏ដូចជាការធ្វើតេស្តគ្រប់ប្រភេទត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យដែលមិនត្រូវចេញលទ្ធផលវិភាគណាដែលខុសពីលក្ខណៈបច្ចេកទេសឡើយ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា «ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលទាំងអស់ និងម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ត្រូវបញ្ឈប់ការផ្សព្វផ្សាយ ឬលក់ ឬប្រើប្រាស់តេស្តរហ័សទាំងនេះជាបន្ទាន់»។
ជាមួយនេះដែរ ក្រសួងសុខាភិបាលបានក្រើនរំឭកដល់សាធារណជនទាំងអស់ត្រូវឈប់ជឿលើការឃោសនាកុហកបោកប្រាស់ ភូតភរទាំងនោះ ដោយត្រូវបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ ១៩ គ្មាននូវការបញ្ជាក់ពីក្រសួងសុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់ដោយគណនីបណ្តាញសង្គមខាងលើ និងគណនី ឬជនពាក់ព័ន្ធដទៃទៀត និងបញ្ឈប់ការទៅធ្វើតេស្តតាមសេវាសុខាភិបាលឯកជននានាជាបន្តទៀត ព្រោះតេស្តរហ័សទាំងនោះ ពុំមានប្រភពច្បាស់លាស់ដែលមិនអាចធានាបាននូវគុណភាព និងសុក្រឹតភាពនៃលទ្ធផលបានឡើយ។
ក្រសួងបានបន្ថែមថា ការអនុវត្ដនេះ ដើម្បីចៀសវាងនូវការខាតបង់ប្រាក់កាស និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមដែលធ្វើប៉ះពាល់ដល់គោលនយោបាលរបស់រាជរដ្ឋាភិបាលដែលកំពុងចាក់វ៉ាក់សាំងកូវីដ ១៩ នៅទូទាំងប្រទេសនោះ។
បើតាមក្រសួងសុខាភិបាល ក្រោយពីចាក់វ៉ាក់សាំងកូវីដ-១៩ រួច អង្គការសុខភាពពិភពលោក (WHO) ពុំមានការណែនាំក្នុងការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ ១៩ ឡើយ។
ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ក្រសួងសុខាភិបាលបានអំពាវនាវយ៉ាងទទូចដល់សាធារណជនត្រូវតែបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារដែលបានដាក់ចេញដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី ១ ម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។
ក្រសួងសុខាភិបាលបញ្ជាក់ថា «នឹងមានវិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះសេវាសុខាភិបាលឯកជនណាដែលនៅតែឆ្លៀតឱកាសប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីគ័រការពារជំងឺកូវីដ ១៩ នេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះបងប្រុសទីពីរ,Lang Kuclinika Pol, Srey Nit និង TMS-Trust Medical Services ព្រមទាំងជនពាក់ព័ន្ធដទៃទៀតដែលបាន និងកំពុងបន្តផ្សព្វផ្សាយ ឬលក់តេស្តរហ័សទាំងនេះទៅតាមច្បាប់ដែលមានជាធរមាន»៕