ភ្នំពេញៈ កម្ពុជា-ស៊ុយអ៊ែត ប្តេជ្ញាបន្តរួមគ្នាសម្រេចឱ្យបាននូវគោលដៅទាំងឡាយ ដែលបានចែងក្នុងគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល (Global Deal Initiative) ដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិការងារ និងពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យកាន់តែប្រសើរ។
ការប្តេជ្ញានេះត្រូវបានលើកឡើងក្នុងឱកាស ដែលរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានអនុញ្ញាតឱ្យលោក Björn Häggmark ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងជំរាបលា នៅថ្ងៃទី ២២ ខែមិថុនា។
ក្នុងជំនួបនោះភាគីទាំង ២ បានសំដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរដ្ឋាភិបាលប្រទេសទាំង២លើគ្រប់វិស័យ។ ជាពិសេស លើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខណៈភាគីទាំង ២ ក៏មានគម្រោងលើកិច្ចសហប្រតិបត្តិការជាច្រើនដែលកំពុងបន្ត និងសមិទ្ធផលជាច្រើនដែលសម្រេចបាន។
ភាគីទាំង ២ ក៏បានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗដែលកម្ពុជា-ស៊ុយអ៊ែត បាននិងកំពុងបន្តអនុវត្តសម្រេចឱ្យបាននូវគោលដៅរួមទាំងកម្រិតជាតិ និងពិភពលោក រួមមានការអនុវត្តគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល សិទ្ធិការងារ និងការអភិវឌ្ឍធនធានមនុស្សផងដែរ។
លោក អ៊ិត សំហេង បញ្ជាក់ថា៖ «ក្រោយពីបានផ្តល់ការគាំទ្រចំពោះគំនិតផ្តួចផ្តើមសកល ជាយន្តការថ្នាក់ជាតិមក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការអន្តរក្រសួង សម្រាប់គាំទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល និងកំពុងបន្តអនុវត្តបានយ៉ាងល្អនូវការប្តេជ្ញាចិត្តរបស់ខ្លួនផងដែរ»។
គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកល ដែលកម្ពុជាកំពុងអនុវត្តនោះ រួមមាន បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដើម្បីឆ្លើយតបនឹងតម្រូវការនៃការធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងភាពសុខដុមក្នុងទំនាក់ទំនងវិជ្ជាជីវៈ។ ពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព ដើម្បីធានាបាននូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងពង្រឹងការអនុវត្តច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ជាក្របខ័ណ្ឌគតិយុត្តរឹងមាំក្នុងការការពារប្រកបដោយនិរន្តរភាពនូវប្រាក់ឈ្នួលរបស់កម្មករនិយោជិត។
ការអនុវត្តគំនិតផ្តួចផ្តើមនេះ ធានានូវការប្រើប្រាស់យន្តការចរចាត្រីភាគី តាមបែបប្រជាធិបតេយ្យ ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ដោយឈរលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្រ្ត។ ពង្រឹងយន្តការដោះស្រាយវិវាទការងារ ទាំងនៅដំណាក់កាលផ្សះផ្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រៅប្រព័ន្ធតុលាការដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ជំរុញការអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍របស់ពលករទេសន្តប្រវេសន៍ទាំងក្នុងក្របខ័ណ្ឌជាតិ ក៏ដូចជាតំបន់ និងជាមួយប្រទេសពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីក៏បានស្នើប្រទេសស៊ុយអ៊ែតជួយគាំទ្រដល់វិស័យការងាររបស់កម្ពុជាបន្តទៀត ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាព ដើម្បីឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។
ឯកអគ្គរាជទូតស៊ុយអ៊ែតប្រចាំនៅកម្ពុជា លោក Björn Häggmark ថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលលោកបានមកបំពេញបេសកកម្មការទូតនៅទីនេះ ឃើញថា ទំនាក់ទំនងកម្ពុជា-ស៊ុយអ៊ែត មានការរីកចម្រើនរឹងមាំជាលំដាប់ ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏ជាសមិទ្ធផលមួយដែលភាគីស៊ុយអ៊ែតបាននិងកំពុងជួយគាំទ្រយ៉ាងពេញទំហឹងផងដែរ។
ប្រទេសស៊ុយអ៊ែត អរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគំាទ្រគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសកលដំបូងគេបង្អស់ក្នុងពិធីដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមនេះ កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦ ក្នុងឱកាសសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក។
លោកថ្លែងថា៖ «កម្ពុជាជាប្រទេសទី១ បានគាំទ្រគំនិតផ្តួចផ្តើមជាសកល (Global Deal Initiative) ដែលជាគម្រោងមួយបង្កើតឱ្យមានបរិយាកាសនូវកិច្ចសន្ទនាសង្គមដើម្បីដោះស្រាយបញ្ហានានា»។
ឯកអគ្គរាជទូតបន្តថា លោកនឹងនាំយកនូវព័ត៌មានល្អៗនិងសមិទ្ធផលដែលភាគីទាំង ២ ខិតខំសម្រេចបានជម្រាបជូនទៅរាជរដ្ឋាភិបាលស៊ុយអ៊ែត ដើម្បីទទួលបាននូវការគាំទ្របន្តដល់រាជរដ្ឋាភិបាលកម្ពុជា៕