មណ្ឌលគិរីៈ មន្ដ្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ដ​មណ្ឌលគិរី បានកំណត់​អន្ត​សញ្ញាណ និង​កំពុង​រៀបចំ​លិខិត កោះហៅ​ជន​សង្ស័យ​ចំនួន ៤ នាក់ ដើម្បី​សាកសួរ​ទាក់​ទង​នឹង​ករណី​បទល្មើស​ព្រៃឈើ ដែល​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​ដឹកឈើ​តាម​បន្ទាត់​ព្រំដែន​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា កាលពី​ថ្ងៃទី ​២១ ខែមិ​ថុនា។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍ នៅ​ថ្ងៃ​ទី​ ២២ ​មិថុនា​នេះ​​ថា កាលពី​ថ្ងៃទី ២១ ​ខែ​មិថុ​នា កម្លាំង​ចម្រុះ នៃ​បញ្ជា​ឯកភាព​ខេត្តមណ្ឌល​គិរី ដឹកនាំ​ដោយ​លោក អ៊ាង សុគន្ធ ព្រះរាជ​អាជ្ញារង ខេត្ត​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃ​ឈើ តាម​បន្ទាត់​ព្រំ​ដែន​អូរ​ហ៊ុ​ច ស្ថិតក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា។

ក្នុងពេល​ចុះបង្ក្រាប​នេះ កងកម្លាំង​ចម្រុះបាន​បង្ក្រាប​ឈើ​ចំនួន ២០០ ដុំ ក្នុងនោះ​មាន​ឈើ​ប្រភេទ ស្រឡៅ​ ១៥០​ ដុំ​សុ​ក្រំ ៥០ ដុំ។ ក្រៅពី​ឃាត់​បាន​ឈើ សមត្ថ​កិច្ច​ចម្រុះ​ឃាត់ ត្រាក់​ទ័រ ២ គ្រឿង និង​ម៉ូតូ​កែច្នៃ ១​ គ្រឿង​ផង​ដែរ​។

លោក កែវ សុភ​គ៌ ថ្លែង​ថា៖ «រហូត​មក​ដល់​ពេល​នេះ យើង​បានកំណត់​អន្ត​សញ្ញាណ​ជនសង្ស័យ​បាន​ខ្លះ​ហើយ ឥឡូវ​យើង​កំពុង​រៀបចំ​លិខិត​អញ្ជើញ​ពួកគាត់​មក​សាក​សួរ»។

លោក​បន្តថា៖ «យើង​មិនទាន់​ដឹងថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ណា​ទេ ប៉ុន្ដែ​អាច​សន្និដ្ឋានបាន​គឺ​ពួកគាត់​ជា​អ្នករស់នៅ​ព្រំដែន។ យើង​មិនទាន់​ដឹង​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​ប៉ុន្មាន​ទេ គ្រាន់តែ​ក្នុង​ជំហាន​ដំបូង​នេះ គឺ​យើង​អញ្ជើញ​ពួកគាត់​មក​សាកសួរ​សិន​នេះ​មាន​ចំនួន ៤ នាក់​សិន»។

លោក ​គ្រើ​ង តុលា សកម្មជន​ការពារ​ព្រៃឈើ ក្នុង​ខេត្តមណ្ឌលគិរីសង្កេតឃើញថា សកម្មភាព​ការកាប់​ឈើ​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ ក្នុង​ខេត្ដ​ប​ណ្ឌ​ល​គិរី​នាពេល​បច្ចុប្បន្ន នៅតែ​បន្ត​កើតមានឡើង ជា​បន្តបន្ទាប់។ លោក​បាន​អះអាងថា ករណីនេះ​មាន​ពាក់ព័ន្ធ​នឹង​មន្ដ្រី​អនុវត្ដ​ច្បាប់នៅក្នុង​មូលដ្ឋាន ទើប​បទល្មើស​នូវ​អាច​បន្ត​កើត​មាន​ឡើង​បាន។

លោក​បាន​ថ្លែង​ថា៖ «យើង​ឃើញ​ថា បទល្មើស​កាប់​ព្រៃ​នៅតែ​កើតមាន រឿង​នេះ​ គឺមាន​ការពាក់​ព័ន្ធ​នឹង​មន្ដ្រី​អនុវត្ដ​ច្បាប់ នៅក្នុង​មូលដ្ឋាន​ផ្ទាល់​តែម្ដង បើ​ចង់ឱ្យ​ព្រៃឈើ​គង់វង្ស​គឺ​ត្រូវតែ​បោសសម្អាត​មន្ដ្រី​ខិលខូច​នៅ​ថ្នាក់​មូល​ដ្ឋាន​ជាមុន​សិន»។

បើតាម​លោក គ្រើ​ង តុលា ការបើកផ្លូវ​ឱ្យ​កាប់​ឈើ ដឹកឈើ​ចេញពី​ព្រៃ និង​តំបន់​ការពារ អាច​កើតមានឡើង​បាន​ដោយសារ​មន្ដ្រី​នៅ​ថ្នាក់មូលដ្ឋាន ជា​អ្នក​បើកដៃ ឃុ​ប​ខិត​គ្នា​ឱ្យ​ប្រ​ព្រឹ​ត្ដបទ​ល្មើស។ ចំណែក​ពលរដ្ឋ​គ្រាន់តែ​ជា​អ្នកស៊ីឈ្នួល​កាប់​ឈើ និង​ដឹកឈើ ដែល​ទទួលបាន​ប្រាក់កម្រៃ​ប​ន្ទិ​ចប​ន្ទួ​ច​ប៉ុណ្ណោះ។

លោក​បាន​អះអាងថា ក្នុង​រយៈពេល​ជ ៦ ខែ ឆ្នាំ​ ២០២១​ នេះ មាន​សកម្មភាព​កាប់​ឈើ​កើត​ឡើងជា​បន្តបន្ទាប់​នៅក្នុង​ខេត្ដ​មណ្ឌលគិរី ក្នុងនោះ ក៏មាន​ការឃាត់ខ្លួន​ប្រជា​ពល​ដ្ឋ​មួយ​ចំនួន យក​ទៅ​ផ្តន្ទាទោស​តាមច្បាប់ រហូត​ឈាន​ដល់​ការឃុំខ្លួន​ផងដែរ។ ប៉ុន្ដែ​លោក​បញ្ជាក់ថា ដើម្បី​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន គឺ​ត្រូវ​ចាត់​វិធានការ​ចំពោះ​មន្ដ្រី​ពុករលួយ​នៅ​ថ្នាក់​មូល​ដ្ឋាន​ជាមុន​សិន។

ប៉ុន្តែ​លោក នេត្រ ភក្ត្រា អ្នក​​នាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែងថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ឆ្មាំ​ព្រៃ មិនមែន​ត្រឹមតែ​បំពេញភារកិច្ច តាម​តួនាទី​ឯកសណ្ឋាន​ប៉ុណ្ណោះ​ទេ។ ប៉ុន្ដែ​ជា​ឪពុកម្តាយ​ ដែល​កំពុង​ថែរក្សា​ធនធានធម្មជាតិ​សម្រាប់កូនៗជំនាន់​ក្រោយ។

លោក​បញ្ជាក់​ថា៖ «មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​កំពុង​បំពេញ​តួនាទី​ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធម្មជាតិ បច្ចុប្បន្ន​បាន​ពុះពារ​ប្រឈម​នឹង​ឧបសគ្គ និង​ហានិភ័យ​ខ្ពស់​គ្រប់យ៉ាង ដើម្បី​អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ជាប្រចាំ​ថ្ងៃ​នៅ​សមរភូមិ​នៃ​ការងារ​គ្រប់គ្រង​ និង​អភិរក្ស​ធនធាន​ធម្មជាតិ ​ព្រៃឈើ សត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​និង​របៀង​អ​ភ​រិ​ក្ស​ជីវៈចម្រុះ​របស់​កម្ពុជា»។

លោកលើក​ឡើង​ថា​ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ អនុវត្ត​កាតព្វកិច្ច​របស់ខ្លួន​ជា​រៀងរាល់ថ្ងៃ​ ដោយ​មិន​ខ្លាច​នឿយហត់ និង​បាន​លះបង់​ខ្ពស់​ ក្នុង​បុព្វហេតុ​ការពារ​នូវ​ធនធានធម្មជាតិ សត្វព្រៃ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន។ ទាំងនេះ​ក៏​បង្ហាញ​ពី​ទឹកចិត្ត​មោះមុត ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ដូចជា ការ​បរបាញ់​សត្វព្រៃ​ខុសច្បាប់ ការកាប់​ព្រៃ​ឈើ​ខុសច្បាប់ និង​នេសាទ​ខុស​ច្បាប់​ជា​ដើម។

បើ​តាម​ក្រសួង​បរិស្ថាន បច្ចុប្បន្ននេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​សរុប​ជាង ១ ២០០ នាក់ នៅ​ទូទាំង​ប្រទេស​ ហើយ​ក្នុងនេះ​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ស្ត្រី​ចំនួន ៤២​ នាក់ កំពុង​ឈរ​ជើង​នៅតាម​តំបន់​ការពារ​ធម្មជាតិ​ទាំង ២០​ ខេត្ត៕