ភ្នំពេញៈ ខណៈការបោះឆ្នោតឃុំសង្កាត់ កាន់តែខិតជិតមកដល់ ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យមានការបង្កើតគណបក្សថ្មីមួយទៀត ដែលមានឈ្មោះថា គណបក្សបេះដូងជាតិ ក្រោយពីមានការស្នើសុំបង្កើតបក្សនេះ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣។
លិខិតរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានផ្សព្វផ្សាយ នាថ្ងៃទី ២២ មិថុនា ឱ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល ក្នុងរយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សបេះដូងជាតិ ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២២ ខែមិថុនា ថា នេះគ្រាន់តែការអនុញ្ញាតឱ្យបង្កើតគណបក្សប៉ុណ្ណោះ តែបក្សនេះនៅបន្តនីតិវិធីចុះបញ្ជីទៅមុខទៀត។ នីតិវិធីក្នុងការបង្កើតបាននូវគណបក្សនយោបាយ ស្ថាបនិកគណបក្សត្រូវធ្វើការបង្កើតគណបក្ស ដោយមានដាក់ឈ្មោះគណបក្ស រៀបចំលក្ខន្តិក ឯកសារផ្សេងៗ និងសមាសភាពសមាជិកឱ្យបានគ្រប់តាមលក្ខខណ្ឌនៃច្បាប់ស្តីគណបក្សនយោបាយ។ បន្ទាប់មកគណបក្សនោះត្រូវធ្វើការចុះបញ្ជីដើម្បីឱ្យគណបក្សអាចដំណើរការធ្វើកិច្ចការបានតាមច្បាប់កំណត់។
លោកថ្លែងថា៖ «ឥឡូវគ្រាន់ថា គាត់បង្កើតមានឈ្មោះអ៊ីចឹងមែន ប៉ុន្តែមិនទាន់អាចធ្វើអីបានទេ ត្រូវចុះបញ្ជីសិន»។
បើតាមលោក ប៊ុន ហុន រហូតមកដល់ពេលនេះ គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃមានចំនួន ៤៦ ហើយគណបក្សបេះដូងជាតិដំពុងដំណើរការចុះបញ្ជី។
ភ្នំពេញប៉ុស្តិ៍មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពី លោក សៀម ភ្លុក តំណាងស្ថានិកគណបក្សបេះដូងជាតិបានទេ កាលពីថ្ងៃទី ២២ ខែមិថុនា។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២២ មិថុនាថា វាមិនមានអ្វីចម្លែកនោះទេសម្រាប់ប្រទេសកម្ពុជា កាលណាជិតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឬបោះឆ្នោតជាតិក្តី ចរន្តនៃការបង្កើតគណបក្សថ្មីៗតែងតែលេចឡើងជារឿយៗ។
លោកបន្តថា វាក៏ជាការបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាមាននិន្នាការច្រើនក្នុងជម្រើសនយោបាយ ដែលជាការបង្ហាញពីសិទ្ធិសេរីភាពក្នុងនយោបាយ និងភាពខុសៗគ្នាច្រើនរបស់ប្រជាពលរដ្ឋ និងអ្នកនយោបាយកម្ពុជា ដែលមិនសូវមានគំនិតរួមគ្នាច្រើននាំឱ្យមានការបង្កើតគណបក្សច្រើន។ ពួកគេមិនទាន់មានគោលការណ៍រួមសម្រាប់ប្រទេសជាតិដែលផ្តុំគ្នានៅគណបក្ស ២ ឬ ៣។
លោក គិន ភា ថ្លែងថា៖ «កាលណាគេមានគោលការណ៍ដោយឡែក គេបង្កើតគណបក្សដោយឡែក។ វាជារឿងធម្មតា ហើយវាក៏បង្ហាញថា មានការរីកចម្រើនខាងសេរីភាពនយោបាយអីទៅតាមហ្នឹងដែរ។ ក៏ប៉ុន្តែ គណបក្ស ដែលច្រើនពេកអ៊ីចឹងទៅ ជួនកាលក៏វាជាជម្រើសច្រើនសម្រាប់ពលរដ្ឋ។ ប៉ុន្តែ វាក៏មិនជាមានកម្លាំងខ្លាំងអីទៅប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចបានដែរ»។
អតីតចៅសង្កាត់អូចារ ខេត្តបាត់ដំបង របស់អតីតគណបក្សប្រឆាំង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២២ ខែមិថុនាថា នរណាក៏ដោយមានសិទ្ធិបង្កើតគណបក្សនយោបាយព្រោះនេះ គឺជាសិទ្ធិសេរីភាព។ បើបង្កើតគណបក្សហើយតែមិនធ្វើសកម្មភាព មិនបម្រើប្រជាពលរដ្ឋក្រីក្រ មិនជួយឈឺឆ្អាលជនរងគ្រោះដែលរងគ្រោះដោយការជិះជាន់ការធ្វើបាប និងកេងប្រវ័ញ្ជពីសំណាក់អ្នកមានអំណាចនោះទេ ក៏វាមិនមានន័យនិងមិនមានតម្លៃ ហើយក៏មិនមានពលរដ្ឋណាគាំទ្រដែរ។
កញ្ញា ចាន់ពៅរ៉ូហ្សិត ថ្លែងថា៖«ផ្ទុយទៅវិញ បើសិនជាគណបក្សដែលបង្កើតថ្មី បង្កើតមកហើយ គិតគូរអំពីផលប្រយោជន៍ជាតិជាធំ គិតគូរអំពីជីវភាពបងប្អូនប្រជាពលរដ្ឋ គិតគូរអំពីកម្មករ នោះមិនថា តែនាងខ្ញុំទេ សូម្បីតែពលរដ្ឋក៏គាំទ្រ ហើយលើកទឹកចិត្តថែមទៀតផង»៕