ភ្នំពេញៈ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (NACD ) កំពុង​​រៀប​ចំ​ឯកសារ​ពាក់ព័ន្ធ​ នឹង​ការងារ​អប់រំ​បង្ការ​ ពី​បញ្ហា​គ្រឿងញៀន​ សម្រាប់​ដាក់​បញ្ចូល​​ទៅ​ក្នុង​ក្រមប្រតិបត្តិ​កម្មវិធី​បណ្តុះ​បណ្តាល សម្រាប់​អប់រំ​​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​អាស៊ាន​ឆ្នាំ ២០២១ (ATCPDE)។

លោក មាស វី​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គលេខា​ធិការ​ដ្ឋាននៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ថា ការដាក់បញ្ចូល​នេះ ស្របតាម​កិច្ចប្រជុំ​របស់​អាស៊ាន ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ទៅតាម​វិស័យ​ដោយ​ក្នុងនោះ​មាន​វិស័យ​ចំនួន​ ៥ រួមមាន​ការព្យា​បាល ការអប់រំ ​ការបង្ការ ការ​អនុវត្ត​ច្បាប់ និង​ដាំ​ដំណាំ​ជំនួស​ដំណាំ​អាភៀន។

សម្រាប់​កម្ពុជា​ក៏​ដូច​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ដែរ គឺមាន​ក្រុមការងារ​បច្ចេកទេស​ ក្នុងការ​សម្របសម្រួល​លើក​កិច្ចការងារ​នេះ។ នៅពេលដែល​កសាង​បញ្ចប់ ប្រទេស​ហ្វីលីពីន ដែល​ជា​ប្រធាន​អាស៊ាន នឹង​ប្រមូលយក​នូវ​ឯកសារ​ទាំង​នេះ​ដើម្បី​វាយ​តម្លៃថា​​ តើ​ចំណុច​ណាមួយ​ល្អ ឬមិនល្អ សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ដើម្បី​ចែករំលែក​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក។

លោក មាស វី​រិ​ទ្ធ​ ថ្លែងថា៖ «យើង​ជា​សមាជិក​ក្រុមការងារ​បច្ចេកទេស ហើយ​ប្រទេស​នីមួយៗ គឺជា​សមាជិក​ទាំងអស់ ដោយ​ប្រធាន​ដឹកនាំ​ជា​ប្រទេស​នេះ ឬ​ប្រទេស​អីចឹង​ទៅ ហើយ​ឆ្នាំនេះ​ប្រទេស​ហ្វីលីពីន​ជា​អ្នក​ដឹ​នាំ និង​សម្របសម្រួល»។

បើតាម លោក មាស វី​រិ​ទ្ធ ក្នុង​ឆ្នាំនីមួយៗ ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ រួម​ជាមួយនឹង​ប្រទេស​កម្ពុជា​ ផងដែរ​ តែងតែធ្វើ​បច្ចុប្បន្នភាព​លើ​កិច្ចការ​នេះ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​កិច្ចប្រជុំ​មន្ត្រីជាន់ខ្ពស់ ​ស្តីពី​គ្រឿង​ញៀន ដោយ​ក្នុងនោះ ប្រទេស​ជា​ប្រធាន​នឹង​រាយការណ៍​ពី​សមិទ្ធិ​ផល​នៃ​ការ​សម្រេច​បាន​ពាក់ព័ន្ធ​នឹង​ការ​អប់រំ ការ​បង្ក្រាប និង​ការផ្សព្វ​ផ្សាយ។

ទោះជា​យ៉ាង លោក វី​រិ​ទ្ធ ថា សម្រាប់​ឆ្នាំ ២០២០ និង​ឆ្នាំ ២០២១ នេះ មិន​ថា ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​នៃ​សមាជិក​អាស៊ាន​ផ្សេង​ទៀត​ ត្រូវបាន​ជួប​បញ្ហា​ប្រឈម​ទៅនឹង​ការផ្សព្វផ្សាយ និង​អង​ប់​រំ​ឱ្យបាន​ជ្រួ​ត​ជ្រាប​ពី​បញ្ហា​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន ព្រោះតែ​មិនបាន​ជួបជុំ​ដោយ​ផ្ទាល់ មាន​តែផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​បណ្តាញ​សង្គម ដោយសារ​បញ្ហា​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជាយល់ឃើញថា នៅក្នុង​អំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩ ប្រទេស​ជា​សមាជិក​អាស៊ាន មិន​ថា ប្រទេស​កម្ពុជា​នោះទេ គឺមិនសូវ​បាន​ចុះ​អប់រំ ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ដល់​ពលរដ្ឋ​ឱ្យបាន​គ្រប់គ្រាន់​នោះទេ ព្រោះតែ​រវល់​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ ១៩ នៅក្នុង​ប្រទេសនីមួយៗ។

លោកបញ្ជាក់ថា ចំពោះ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​ប្រទេស​ពាក់ព័ន្ធ នៅមាន​សកម្មភាព​មមា​ញឹក និង​នៅតែ​បន្ត​អនុវត្ត​ជា​ប្រក្រតី មិនបាន​បន្ធូ​ដៃ​នោះទេ ប៉ុន្តែចំនួន​មានការ​ថយចុះ ឬ​កើនឡើង​យ៉ាងណា​នោះ គឺ​លោកមិនទាន់មាន​របាយ​ការណ៍​នោះទេ៕