កណ្តាលៈ ចៅក្រម​ស៊ី​ប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្តាលលោក ថោង ផល្លា​រង្សី កំពុង​សាក​សួរ​អ្នក​សារព័ត៌​មាន ៥ ​នាក់ និង​អ្នករត់​ម៉ូតូឌុប​ម្នាក់​បន្ទាប់ពី​ព្រះរាជ​អាជ្ញា​រងចោទ​ប្រកាន់​ពួកគេ​ពីបទ «គំរាម​កំហែង​ហែកកេរ្តិ៍» នៅ​រសៀល​ថ្ងៃទី ២២ ខែ​មិថុនា។

លោក​ ជួន សុ​បញ្ញា អ្នកនាំពា​ក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាលថ្លែ​ងថា លោកស្រី ផាត់ សុគន្ធា ព្រះរាជ​អាជ្ញា​រង អម​សាលា​ដំបូង​ខេត្តក​ណ្តាលនៅ​​រសៀល​ថ្ងៃទី​ ២២ ខែ មិថុនា ឆ្នាំ ២០២១ បានសម្រេច​ចោទប្រកាន់អ្នក​សារ​ព័ត៌មាន៥នាក់ជ្រ​ក​ក្រោម​ស្លាក​សារព័​ត៌មា​ន BATI TV NEWS និងអ្ន​ករ​ត់ម៉ូតូឌុប​ម្នាក់ស​រុប​ទាំងអស់​ ៦ នាក់​ពីបទ «គំរាម​កំហែង​ហែកកេ​រ្តិ៍» តាម​មាត្រា ​៣៧២-៣៧៣ នៃ​ក្រមព្រ​ហ្មទណ្ឌ​ ។

លោក​បញ្ជាក់​ថា ម្ចាស់​ទីតាំង​កន្លែង​លក់​កាហ្វេ​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​ដែរនោះ គឺជា​សំណុំ​រឿង​មួយ​ផ្សេង​ទៀតត្រូ​វបាន ព្រះរាជ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ «បើក​កន្លែង​ល្បែង​ស៊ីសង» តាម​មាត្រា៥នៃ​ច្បាប់​ស្តីពី​ល្បែងស៊ី​សង។

លោក​ថ្លែង​ថា៖ «អ្នក​សារព័ត៌​មាន​និង​អ្នក​ម៉ូតូ​ឌុប​សរុ​ប ៦ នាក់​ហ្នឹង គឺ​បទ​ចោទ​តែមួយ​ហើយ​ថ្ងៃនេះ​ចៅ​ក្រម​សាកសួរ​មិនទាន់​បញ្ចប់​និតិ​វិធី​ទេ។ចំណែក​ម្ចាស់ កន្លែង​ល្បែង​ស៊ី​សងត្រូវ​បាន​ឃុំខ្លួន​ហើយ​កាល​ពី​ម្សិល​មិញ»​។

លោក ឡាក់ ម៉េង​ធី នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលនៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ថ្លែង​នៅ​រសៀល​ថ្ងៃទី​២១ ខែ​មិថុនា​ថា ​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ជនស​ង្ស័យ​៧នាក់​ទៅ​តុលា​ការ​នៅ​សៀ​ល​ថ្ងៃទី ២១ ខែមិថុនា។ ក្នុង​នោះ​មាន អ្នក​ពាក់​ព័ន្ធ​ក្នុង​បទល្មើស​គំរាម​កំហែង​ទារប្រាក់​ចំនួន ​៦​ នាក់ ដែល​មាន​អ្នកសា​រព័ត៌​មាន ៥ នាក់ ​[ប្រុស​ ៤ ស្រីម្នាក់] និង​បុរស​អ្នករត់ម៉ូ​តូឌុប​ម្នាក់ រីឯ​បុរស​ម្នាក់​ផ្សេង​ទៀត ពាក់ព័ន្ធ​បទល្មើស​​បើក​ល្បែងស៊ី​សង​ខុសច្បា​ប់។

លោក ​ឡាក់ ម៉េង​ធី ប្រាប់ថា អ្ន​កសារព័​ត៌មាន ៥ នាក់​ បាន​នាំ​ទាំង​អ្នករត់​ម៉ូតូឌុប​ម្នាក់​ផងចុះ​ទៅដល់​គោលដៅ​ហាង​កាហ្វេ​មួយកន្លែង។ ពេល​ទៅដល់​ម្ចាស់​សារ​ព័ត៌មាន BATI NEWS បាន​ឲ្យ​ម៉ូតូឌុប​ម្នាក់ និង​អ្នក​រាយ​ការ​ព័​ត៌​គាត់​ម្នាក់ទៀ​ត ទៅ​ជួប​ម្ចាស់​កន្លែង​លក់​កាហ្វេ​ណែនាំ​ខ្លួននិង​ទារលុយ ១០០ ដុល្លារ ជា​ថ្នូរ​នឹង​ការមិន​ចុះផ្សាយ ប៉ុន្តែ​ម្ចាស់​ទីតាំង​យល់ព្រម​ឲ្យ​តែ ២០ ដុល្លារ។ លោក​បន្តថា ក្រុម​អ្នកសារព័ត៌មាន​មិន​ព្រមហើយក៏​ចេញទៅ​ធ្វើការ​ផ្សាយ​ផ្ទាល់​នៅមុខ​ហាង​កាហ្វេ។ ឃើញ​ដូច​នោះ​ម្ចាស់​ទីតាំង ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍។

លោក​ថ្លែងថា៖ «ក្រោយពី​ម្ចាស់​កន្លែង​លក់​កាហ្វេ​ប្តឹង កម្លាំង​សមត្ថកិច្ច​យើង​ចុះ​ទៅដល់ ហើយ​បាន​ឃាត់​អ្នកសារព័ត៌មាន​ទាំងនោះ ដែល​បាន​ផ្សាយ​ស្រែក​ឡូឡា​ពេញមុខ​ទីតាំង​កន្លែង​លក់​កាហ្វេ​នោះ។ បុរសម្ចាស់​កន្លែង​លក់​កាហ្វេ​នោះ​ក៏ត្រូវ​ឃាត់ខ្លួន​ដែរ ព្រោះ​យើង​រកឃើញថា គាត់​ពិតជា​ធ្លាប់​បើក​កន្លែង​លេងល្បែង​មែន ហើយ​កន្លងមក​ធ្លាប់ធ្វើ​កិច្ចសន្យាតែ​មិន​រាងចាល» ។

បើតាម​លោក ឡាក់ ម៉េង​ធី កម្លាំង​សមត្ថកិច្ច​បានឃាត់​ខ្លួន​ជនសង្ស័យ​ទាំងអស់​នៅ​សៀ​ល​ថ្ងៃទី ១៩ ខែមិថុនា នៅ​ចំណុច​ផ្លូវលំ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំ​ពូល​ ខេត្តកណ្ដាល ។

លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ថ្លែងថា លោក​បាន​អំពាវនាវ​ជាច្រើន​លើក​ច្រើនសា​ដល់​អ្នកសារព័ត៌មាន ប្រសិន​បើចង់​ចូលរួមចំណែក​ជួយ​កិច្ចការ​សង្គមត្រូវធ្វើ​កិច្ចការងារ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់ខ្ជួ​ន កុំ​យកមុខ​ជំនាញ​វិជ្ជាជីវៈ​សារព័ត៌​មាន​ទៅ​ប្តូរ​ជាមួយ​លុយ​កាក់ ឬ​ប្រយោជ​ន៍ផ្សេងៗខុសច្បាប់​។

លោក​ថ្លែងថា៖ «ជា​ឧទាហរណ៍បើ​យើង​ឃើញ​កន្លែង​ណាមួយ​ដែល​ប្រព្រឹត្ត​ខុស​មាន​ភាពមិនប្រក្រតី​ណាមួយយើង​ទៅរក​លុយ ក្នុងន័យ​បើ​គេ​ឲ្យ​លុយ​យើង​ក៏​បិទ​មិន​ផ្សាយ តែបើ​គេ​មិន​ឲ្យ​លុយ​ក៏​រករឿង​គេ​ផ្សាយ​អ៊ីចឹង​ទៅ។ ទាំងនេះ​យើង​អត់​អាចជួយ​សង្គម​បានទេ ផ្ទុយទៅវិញ​យើង​បង្កើត​នូវបញ្ហា​ជូន​សង្គម​កាន់តែ​ធំ ហើ​យបង្កើត​បញ្ហា​ដល់​ខ្លួនឯង​ផងដែរ ព្រោះ​គេ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​សម្រាប់​ចាប់ខ្លួន» ។

លោក ប៉ែន បូ​ណា មិន​គាំទ្រ​ការប្រព្រឹត្ត​ខុស​មុខជំ​នាញ​វិជ្ជាជីវៈ​អ្នកសារ​ព័ត៌មាន​នោះទេ បើ​អ្នកសា​រព័ត៌​មាន​ធ្វើ​ខុស​ត្រង់​ណា​សូម​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ចុះ ប៉ុន្តែ​ទន្ទឹម​នោះ​លោក​សំណូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិនិត្យមើល​ភាព​អសកម្ម​ឬ​បទល្មើសផ្សេងៗក្នុងដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង។

លោក​ថ្លែងថា៖ «ប្រសិន​បើ​ចាត់កា​រ​តែ​អ្នកកា​សែតប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ផ្សេងៗទៀតដែល​អ្នកកា​សែត​គាត់​ទៅរក​រឿង​ហ្នឹង​យើង​អត់​បាន​ចាប់​ទេអាហ្នឹង​យើង​ក៏​អត់​បាន​ដោះ​ស្រាយ​បញ្ហា​សង្គម​ដែរ​អ៊ីចឹង​ទាល់តែ​សមត្ថ​កិច្ច​ស៊ី​ប​អ​ង្គេ​ត​រួចហើយ​ចាត់វិធានការ​ចំពោះ​អ្នកផ្សេង​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ផងទើប​យើង​បានរួម​ចំណែក​ទាំងអស់​គ្នា​ក្នុង​ការជួយ​សង្គម​ឲ្យ​កាន់តែ​ប្រសើរ​ឡើង» ៕