ភ្នំពេញៈ ខេត្ត​ចំនួន​ ៤ បានចាប់ផ្តើម​ដំណើរការ​ព្រម​គ្នា​ក្នុង​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩ ទៅដល់​ប្រជាពលរដ្ឋ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃទី​ ២២ ខែ​មិថុនា ដែលមាន​ប្រជាពលរដ្ឋ​សរុប​ជាង ១,២ លាន​នាក់ ហើយ​ក្នុងនោះ​កងកម្លាំង​នៃ​ក្រសួង​ការពារជាតិ​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង ដល់​ប្រជាពលរដ្ឋ​ចំនួន​ ៨១ ​ម៉ឺន​នាក់​។

លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ក្រសួង​ការពារជាតិ​បាន​មានប្រសាសន៍ នៅពេល​ចុះពិនិត្យ​ការចាក់​វ៉ាក់សាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ថា ខេត្ត​ចំនួន​ ៤ ដែល​បានចាប់ផ្តើម​ដំណើរការ​ចាក់​វ៉ាក់សាំង​ស្របគ្នា​នេះ​មាន ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​ខេត្តតាកែវ ដោយ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​សម្រុក​មកចាក់​វ៉ាក់សាំង​នៅ​គ្រប់កន្លែង​។

លោក​បាន​ថ្លែងថា​៖ «​ទាក់ទង​នឹង​ចំនួន​នៃ​ការចាក់​វ៉ាក់សាំង​នេះ យើង​ត្រូវ​ធ្វើយ៉ាងណា​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ត្រូវតែ​ចាក់ឱ្យ​ចប់​ដូស​ទី​ ១ ​នៅ​គ្រប់​គោលដៅ​ទាំងអស់​។ នេះ​ជា​ការប្តេជ្ញាចិត្ត​របស់​យើង ប៉ុន្តែ​ជួនកាល​ចំនួន​អាច​លើស​ ឬ​ខ្វះ​តិចតួច​ផងដែរ ដោយសារ​ធាតុអាកាស​ជាដើម​»​។

លោក ឥត សារ៉ាត់ បាន​បន្តទៀត​ថា មកដល់​ពេល​នេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​បាន​ទទួល​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​អស់ហើយ នៅក្នុង​ដៃ​ទាំង​ដូស​ទី​ ១ និង​ដូស​ទី​ ២ សម្រាប់​ទាំង​ ៤ ​ខេត្ត​នេះ​ដោយ​មិនមាន​បញ្ហា​ក្នុង​ការខ្វះ​វ៉ាក់សាំង​នោះទេ​។

លោក​បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ថា៖ «​សូមកុំ​បារម្ភ​ថា ខ្វះ​វ៉ាក់សាំង​។ ដូចនេះ សូម​បងប្អូន​កុំ​នាំគ្នា​សម្រុក ប្រជ្រៀត​គ្នា​មកចាក់​ដោយ​ខ្វះ​សណ្តាប់ធ្នាប់​អី គឺ​យើង​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ផ្តល់ជូន​ដល់​ពលរដ្ឋ​របស់​យើង​»​។

ជាមួយ​គ្នា​នេះ​ផងដែរ លោក ឥត សារ៉ាត់ បានបញ្ជាក់​ទៀតថា ក្រៅពី​ខេត្ត​ចំនួន​ ៤ ​ដែល​កំពុងតែ​ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ គឺមាន​ខេត្ត​ចំនួន​ ២ ​ផ្សេងទៀត ដែល​កងកម្លាំង​កងទ័ព​នៃ​ក្រសួង​ការពារ​ជាតិ គ្រោង​នឹង​ចុះ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ និង​កម្មករ​និយោជិត​ផងដែរ​នោះ គឺ​ខេត្ត​​កំពង់ចាម និង​ខេត្ត​ស្វាយរៀង ដោយសារ​ខេត្ត​ ២ ​នេះ​មាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ច្រើន​។

លោក​ថា៖ «​យើង​នឹង​បន្ត​ទៅតាម​បណ្តា​គោលដៅ​ផ្សេងទៀត តាម​ការប្រគល់​ភារកិច្ច​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់វ៉ាក់សាំង​នេះ ដែល​យើង​បាន​ត្រៀម​រួចជាស្រេច​ហើយ​»​។

លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ​ក៏​បាន​ឱ្យដឹង​ផងដែរ​ថា ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-១៩ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​។

លោក​បន្តថា​៖ «​ថ្ងៃនេះ​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ក្រសួង​ការពារជាតិ បាន​ចុះមក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តតាកែវ​យើង ដែល​បានកំណត់​គោលដៅ​អាទិភាព​គឺ​ស្រុក​បាទី និង​ស្រុក​សំរោង​ហើយ​នឹង​បន្តទៅ​ស្រុក​ផ្សេងៗ​ទៀត​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​»​។

លោក អ៊ូច ភា បាន​បន្តថា ក្រសួង​ការពារ​ជាតិ​បាន​សហការ​ជាមួយ​អាជ្ញាធ​ខេត្ត ចាប់ផ្ដើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ស៊ីណូវ៉ាក់​ចំនួន​ ៤០ ​ម៉ឺនដូស​ដល់​មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី នៅក្នុង​ស្រុក​ទាំង​ ២ ​នេះ​មុនគេ​។

គួរ​បញ្ជាក់ថា ខេត្ត​ទាំង​ ៤ ​នេះ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​យុទ្ធនា​ការចាក់​ក្នុង​រាជធានី​ភ្នំពេញ និង​តំបន់​ហានិភ័យ​មួយចំនួន​ក្នុង​ខេត្តកណ្តាល​។

យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២១ ខែមិថុនា ប្រជាពលរដ្ឋ​នៅតាម​ទីប្រជុំជន និង​កម្មករ​រោងចក្រ​ក្នុង​តំបន់​ហានិភ័យ​មួយចំនួន​ក្នុង​ខេត្តកណ្តាល​នឹងត្រូវ​បិទ​បញ្ចប់​ការចាក់​ដូស​ទី​ ១ ​ក្នុង​រយៈពេល​ប្រមាណ​ជា​ ២ ​ទៅ​ ៣ ​ថ្ងៃ​ខាងមុខ ខណៈ​លទ្ធផល​ដែល​ចាក់​រួច​ទទួលបាន ៧០% ​ឬ​ស្មើនឹង​ចំនួន​ពលរដ្ឋ ៥៩៩ ២៥១ ​នាក់​នៃ​ចំនួន​សរុប​ជិត ៦០ ​ម៉ឺន​នាក់​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា មនុស្ស​ជាង ៣,៤ ​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ប្រទេស​គិត​មកដល់​ថ្ងៃទី​ ២១ ខែមិថុនា​។

ក្រសួង​សុខាភិបាល​បាន​បន្តថា នៅ​ទូទាំង​ប្រទេស​កម្ពុជា សរុប​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​បាន​ចំនួន ៣ ៤១៦ ០៧៥ នាក់ ឬ​ស្មើនឹង ៣៤,១៦% នៃ​លទ្ធផល​ធៀប​នឹង​គោលដៅ​ចំនួន​ ១០ ​លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ បាន​សរសេរ​នៅក្នុង​បណ្តាញ Twitter របស់​លោកស្រី​នៅ​យប់​ថ្ងៃទី​ ២១ ខែ​មិថុនា ថា​៖ «​ប្រសិន បើ​អ្នក​ភ័យខ្លាច​សូម​ធ្វើការ​ប្រែក្លាយ​ភាពភ័យខ្លាច​របស់​អ្នក​ទៅ​ជា​សកម្មភាព​ការពារ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ សូមកុំ​ភ័យ​ស្លន់ស្លោ ហើយ​ប្រមូល​ថ្នាំ​សម្រាប់​ការការពារ ការធ្វើ​របៀបនេះ គឺ​វា​នឹងមិន​អាចជួយ​ការពារ​អ្នក​បាន​ទាល់តែ​សោះ​»៕

វីដេអូ៖