
កម្មការិនីកំពុងធ្វើការក្នុងរោងចក្រ ១ កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនីភ្នំពេញ។ ហុង មិនា
ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន ៤២ ជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ ស្តីពីអំពើហិង្សា និងការបៀតបៀននៅក្នុងពិភពការងារ (អនុសញ្ញាលេខ ១៩០) ក្នុងឱកាសគម្រប់ខួប ២ ឆ្នាំនៃការអនុម័តអនុសញ្ញានេះ។ ការជំរុញនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយថ្ងៃទី ២១ ខែមិថុនា។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការ សមាគមចំនួន ៤២ ស្ថាប័ននោះបានលើកឡើងថា គណៈកម្មាធិការនៃអង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (ស៊ីដ) បានផ្តល់អនុសាសន៍ ជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០ នៅក្នុងសេចក្តីសន្និដ្ឋានបញ្ចប់ឆ្នាំ ២០១៩ របស់ខ្លួន បន្ទាប់ពីពិនិត្យឡើងវិញនៃការអនុវត្តរបស់ប្រទេសកម្ពុជាលើអនុសញ្ញាស៊ីដ។ ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០ នេះមានន័យថា រដ្ឋាភិបាលនឹងឆ្លើយតបដោយជោគជ័យចំពោះសេចក្តីសន្និដ្ឋានបញ្ចប់របស់គណៈកម្មាធិការស៊ីដ។
ក្នុងសេចក្តីថ្លែងការណ៍អង្គការសង្គមស៊ីវិលបន្តថា គណៈកម្មាធិការបានសម្តែងការព្រួយបារម្ភបន្ថែមទៀតអំពីអវត្តមាននៃច្បាប់ដ៏ទូលំទូលាយមួយដែលកំណត់ និងហាមឃាត់យ៉ាងមានប្រសិទ្ធភាពនូវអំពើហិង្សា និងការបៀតបៀនរួមទាំងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ ជាពិសេសពិចារណាអំពីអត្រាកើនឡើងនៃអំពើហិង្សាបែបនេះនៅក្នុងឧស្សាហកម្មកាត់ដេរ និងពេលធ្វើដំណើរទៅ និងមកពីកន្លែងការងារ។
គណៈកម្មាធិការបានផ្តល់អនុសាសន៍ថា៖ «អនុម័ត និងអនុវត្តច្បាប់ទូលំទូលាយ ដើម្បីការពារ និងឆ្លើយតបរាល់ទម្រង់នៃអំពើហិង្សា និងការបៀតបៀន រួមទាំងការបៀតបៀនផ្លូវភេទ នៅក្នុងពិភពការងារ និងបង្កើតយន្តការបណ្តឹងឯករាជ្យ ដើម្បីធានាថា ជនរងគ្រោះមានសិទ្ធិបាននូវការដោះស្រាយ ហើយជនល្មើសត្រូវតែទទួលខុសត្រូវ»។
ក្នុងសេចក្តីថ្លែងការណ៍រួមបន្តទៀតថា ការផ្តល់សច្ចាប័នលើអនុសញ្ញាលេខ ១៩០ គឺមានសារៈសំខាន់ និងបន្ទាន់ជាងពេលណាៗទាំងអស់ ដែលអាចរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាសម្រេចបាននូវរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០៣០ ជាពិសេសនៅក្នុងបរិបទនៃការឆ្លើយតប និងការងើបឡើងវិញពីវិបត្តិកូវីដ ១៩។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបន្តថា វិបត្តិកូវីដ ១៩ បានធ្វើឱ្យស្ថានភាពការងាររបស់កម្មករ និយោជិតទាំងអស់កាន់តែធ្ងន់ធ្ងរឡើងរួមទាំងភាពអសន្តិសុខផ្នែកហិរញ្ញវត្ថុ ភាពអត់ការងារធ្វើ តានតឹងចិត្ត ការកើនឡើងនៃបន្ទុកការងារទៅលើស្ត្រីក្នុងការងារមើលថែទាំដែលគ្មានប្រាក់កម្រៃ និងការកើនឡើងនៃហានិភ័យនៃអំពើហិង្សាក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារ។
អនុសញ្ញាលេខ ១៩០ និងអនុសាសន៍ លេខ ២០៦ ផ្តល់នូវក្របខ័ណ្ឌច្បាប់ច្បាស់លាស់សម្រាប់វិធានការចាំបាច់ទាំងអស់ ដើម្បីកំណត់គ្រោះថ្នាក់ និងវាយតម្លៃហានិភ័យនៃអំពើហិង្សា និងការបៀតបៀន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុវត្ថិភាព សុខភាព និងសុខុមាលភាពរបស់កម្មករ និយោជិតទាំងអស់រួមទាំងបរិបទកូវីដ ១៩ ផងដែរ។
ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលធ្វើឱ្យឆ្នាំ ២០២១ ជាឆ្នាំដែលប្រទេសកម្ពុជា ចាត់វិធានការជាជំហានបន្ទាន់ដ៏សំខាន់ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបញ្ចប់អំពើហិង្សា និងការបៀតបៀនក្នុងពិភពការងាររួម ទាំងអំពើហិង្សាផ្អែកលើយេនឌ័រ និងការបៀតបៀនផ្លូវភេទ។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថ្លែងថា៖ «យើងនឹងពិនិត្យពិចារណា ប៉ុន្តែច្បាប់ និងលិខិតបទដ្ឋានរបស់យើងគឺក្តោបលើបញ្ហានេះរួចហើយ»។
នៅថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៩ គណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមជាមួយរដ្ឋាភិបាលនៃប្រទេសជាច្រើនទៀត តំណាងនិយោជក សហជីព និងអង្គការសង្គមស៊ីវិលបានបោះឆ្នោតដើម្បីអនុម័តឱ្យមានអនុសញ្ញាលេខ ១៩០ និងអនុសាសន៍លេខ ២០៦ របស់អង្គការអន្តរជាតិខាងការងារ នៅក្នុងសន្និសីទអន្តរជាតិស្តីពីការងារដែលប្រារព្ធនៅទីក្រុងហ្ស៊ឺណែវប្រទេសស្វ៊ីស។ ប្រទេសចំនួន ៦ បានផ្តល់សច្ចាប័នដល់អនុសញ្ញាលេខ ១៩០ ដែលធ្វើឱ្យអនុសញ្ញានេះចូលជាធរមាននៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២១៕