កំពង់ឆ្នាំងៈ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ឆ្នាំង​បាននិង​កំពុង​ស្រាវជ្រាវ​រក​ជនល្មើស ដែល​បាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់ ដោយ​ខុសច្បាប់​លើ​ដី​ព្រៃ​តាម​ជើងភ្នំ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ២០ ​ហិកតា ស្ថិត​ក្នុង​ភូមិសាស្ត្រ ភូមិ​ខ្វិតទួលឃ្លាំង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង​។

លោក​ យ៉ង ភិរម្យ ប្រធាន​មន្ទីរបរិស្ថាន​ខេត្តកំពង់ឆ្នាំង​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២២ ខែមិថុនាថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​វាស់វែង ដីព្រៃ​ដែល​ត្រូវ​បាន​ទន្ទ្រាន​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ស្វែង​រកមុខ​ជនល្មើស​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដី និង​កាន់កាប់​ដោយ​ខុសច្បាប់​នេះ​។

លោក​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​កំពុងតែ​ចាត់ចែង​ទៅតាម​ច្បាប់ ប៉ុន្តែ​មិនទាន់​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ណាមួយ​នៅឡើយ​ទេ​»​។

ទោះជា​យ៉ាងណា លោក​ថា​ មន្ត្រី​ជំនាញ​កំពុង​ធ្វើ​កិច្ចការ​នេះ​នៅ​ទីតាំង​ដែល​ត្រូវបាន​ទន្ទ្រាន ហើយ​អ្វី​ដែល​គ្រាន់តែ​សង្ស័យ គឺ​មិនអាច​បញ្ចេញ​អត្តសញ្ញាណ ជនសង្ស័យ​បានទេ​។

អភិបាលស្រុក​ទឹកផុស លោក​ ម៉េង ហាក់ ឱ្យដឹងពី​ម្សិលមិញ​ថា ករណី​ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នេះ លោក​បាន​បញ្ជូន​សំណុំរឿង​ទៅ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​ដោះស្រាយ​ទៅតាម​នីតិវិធី ព្រោះ​កិច្ចការ​នេះ​គ្រប់គ្រង​ដោយ​មន្ត្រី​ជំនាញ​បរិស្ថាន​។

បើតាម​លោក​អភិបាលស្រុក បច្ចុប្បន្ន​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​កំពុង​រៀបចំ​នីតិវិធី ហើយ​ក៏​បានកំណត់​មុខសញ្ញា​រួចហើយ​ដែរ​ចំពោះ​ជនល្មើស​។ ទោះជា​យ៉ាងណា លោក​មិនទាន់​ទទួល​ព័ត៌មាន​លម្អិត​ពី​ជនល្មើស​នេះ​មកពី​តំបន់​ណា ឬ​មាន​ឋានៈ​កម្រិតណា​នោះទេ ព្រោះ​សំណុំរឿង​ស្ថិត​ក្នុង​ការងារ​មន្ត្រី​ជំនាញ​មន្ទីរ​បរិស្ថាន​។

លោក​បញ្ជាក់ថា​៖ «​គណៈបញ្ជាការ​ឯកភាព​ស្រុក​កំពុងតែ​រង់ចាំ​បទបញ្ជា​ពី​មន្ត្រី​ជំនាញ​មន្ទីរបរិស្ថាន និង​ចុះទៅ​អនុវត្ត​ចាប់​ជនល្មើស​ភ្លាម​តែម្តង​»​។

លោក​ថា មូលហេតុ​ដែល​មាន​ជនល្មើស​ចូលទៅ​ទន្ទ្រាន​ដី​ក្នុង​ដែនជម្រក​សត្វព្រៃ​នេះ​មិនមែន​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​មិន​យកចិត្ត​ទុកដាក់​បង្ក្រាប​ ឬ​មិនមាន​វិធានការ​នោះទេ ប៉ុន្តែ​មន្ត្រី​នៃ​ឧទ្យានុរក្ស​មាន​ចំនួន​តិច មិន​អាច​ចុះ​ពិនិត្យ​មើល​សព្វ​ទីកន្លែង​បាន​នោះទេ ខណៈ​ជនល្មើស​បាន​ធ្វើ​ក្នុង​រូបភាព​លួចលាក់​។ ទោះយ៉ាងណា ក៏មាន​ការបំពេញ​ការងារ​នៅមាន​ខ្វះចន្លោះ​មួយ​ចំនួន ប៉ុន្តែ​មន្ត្រី​ជំនាញ​នៅតែ​បន្តធ្វើ​កិច្ចការងារ​នេះ​មិន​ឱ្យ​ជនល្មើស​ណាមួយ​រួចខ្លួន​ឡើយ​។

ដែនជម្រក​សត្វព្រៃ​នេះ សុទ្ធតែ​មាន​បង្គោល​កំណត់​ព្រំ​បាន​ត្រឹមត្រូវ និង​មាន​ព្រះរាជក្រឹត្យ​ទទួលស្គាល់ លើកលែងតែ​ដី​មួយចំនួន​ដែល​ត្រូវ​បាន​ធ្វើ​ដោយ​អនុប្រយោគ​កាលពី​យុទ្ធនាការ​ ០១ របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។ ក្រៅពីនេះ សុទ្ធតែ​ដី​របស់​រដ្ឋ​ទាំងអស់​មិន​មាន​បុគ្គល​ណា​ហ៊ាន​ចូលទៅ​ទន្ទ្រាន​កាន់កាប់​នោះទេ​។ នេះ​ជា​ការបញ្ជាក់​របស់លោក​ ម៉េង ហាក់​។

លោក​ សំ ច័ន្ទគា មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិមនុស្ស​ (ADHOC) ប្រចាំខេត្ត​កំពង់ឆ្នាំង និង​ពោធិ៍សាត់​ថ្លែងថា​តាម​ការសង្កេត​កន្លងមក អ្នក​ដែល​ចូលទៅ​ទន្ទ្រាន​ដី​របស់​រដ្ឋ ភាគច្រើន​គឺជា​អ្នកមានអំណាច និង​មាន​លុយ​។

ក្រៅពីនេះ អ្នក​ដែល​ទទួល​រង​នូវ​ការញុះញង់​ពី​ឈ្មួញ ដើម្បី​ឱ្យ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដី​នេះ​។ ចំពោះ​ការចូល​ទៅ​ទន្ទ្រាន​ដី​ថ្មី​ក្នុង​រូបភាព​បែបណា​នោះ លោក​ថា​មិន​បានដឹង​នោះទេ ប៉ុន្តែ​វា​ជា​ឱកាស​របស់​ជនល្មើស​ដែលមាន​អំណាច​ក្នុង​ការចូល​ទៅ​ទន្ទ្រាន​ដី​នេះ ខណៈ​រដ្ឋាភិបាល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

បើតាម​លោក​ សំ ច័ន្ទគា ករណី​ចូលទៅ​ទន្ទ្រាន​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នេះ ដោយសារ​មន្ត្រី​ជំនាញ បណ្តែតបណ្តោយ​ឱ្យមាន​បទល្មើស​នេះ​កើតឡើង​រីករាលដាល​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ​ទៀត​។ បើសិនជា​មន្ត្រី​ជំនាញ មាន​ចំណាត់ការ​ត្រឹមត្រូវ គឺ​មិនមាន​ករណី​នេះ​កើតឡើង​ទៀត​ទេ​។

មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​ដែនជម្រក​សត្វព្រៃ​នេះ​មិនមាន​លទ្ធភាព ឬ​សមត្ថភាព​ក្នុង​ការគ្រប់គ្រង ដោយសារ​តែ​ជនល្មើស​មានអំណាច​ធំ​ពេក និង​មិនបាន​បញ្ជូន​សំណុំរឿង​ទៅ​ថ្នាក់លើ​ ដើម្បី​មាន​ដំណោះស្រាយ ហើយ​បាន​បិទបាំង​ជនល្មើស លុះត្រា​ក្រុម​អធិការកិច្ច​ចុះមក​មើល​ទើប​មាន​ចំណាត់ការ​»៕

វីដេអូ៖