សៀមរាបៈ មន្ត្រី​អាជ្ញាធរ​ទន្លេសាប​បាន​សិក្សា​ស្រាវជ្រាវ​រកឃើញ ដើម​រុក្ខជាតិ​ [​ព្រៃ​លិចទឹក​] ​ចំនួន​ ១៩៦ ​ប្រភេទ​នៅក្នុង​តំបន់​បឹង​ទន្លេសាប ប៉ុន្តែ​បាន​បង្ហាញ​ពី​រុក្ខជាតិ​ ១ ​ប្រភេទ គឺ​ដើម​រាំង​ទឹក​ដែល​បាន​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​។ ​នេះ​បើតាម​​លោក ហ៊ែល តូនី អគ្គលេខាធិការ​អាជ្ញាធរ​ទន្លេសាប​កាលពី​ថ្ងៃទី​ ២១ ខែ​មិថុនា​។

លោក ហ៊ែល តូនី បានឱ្យដឹងថា មន្ត្រី​អាជ្ញាធរ​ទន្លេសាប​បាន​ចុះទៅ​សិក្សា​ស្រាវជ្រាវ ហើយ​​រកឃើញ​ដើម​រុក្ខជាតិ​ចំនួន​ ១៩៦ ​ប្រភេទ ដុះ​នៅក្នុង​តំបន់​បឹង​ទន្លេសាប​ ដើម្បី​ចងក្រង​ទុកជា​ឯកសារ​សម្រាប់​អ្នក​ត្រូវការ​ស្រាវជ្រាវ​។

លោក​បាន​ថ្លែងថា​៖ «​អាជ្ញាធរ​ទន្លេសាប គឺជា​ស្ថាប័ន​ស្រាវជ្រាវ និង​សម្របសម្រួល​ថ្នាក់ជាតិ អ៊ីចឹង​យើង​ត្រូវតែ​ស្រាវជ្រាវ​ថា តើ​ក្នុង​ហ្នឹង​មាន​ដើម​ព្រៃ​លិច​ទឹក​ចំនួន​ប៉ុន្មាន យើង​ត្រូវ​ស្រាវជ្រាវ​ឱ្យ​ច្បាស់ ហើយ​ចងក្រង​ទុកជា​ឯកសារ​»​។

បើតាម​លោក ហ៊ែល តូនី កាលពី​ថ្ងៃទី​ ២០ ខែមិថុនា អាជ្ញាធរ​ទន្លេសាប ទើបបាន​បញ្ចេញ​ព័ត៌មាន​បឋម​អំពី​ដើម​រុក្ខជាតិ​ ១ ​ប្រភេទ​មាន​ឈ្មោះថា ដើម​រាំង​ទឹក​ដោយ​បង្ហាញ​ចំណុច​ពិសេស​មួយចំនួន​។ ​

លោក​ថ្លែងថា​៖ «​យើង​បាន​ស្រាវជ្រាវ និង​ចងក្រង​ជា​ឯកសារ​រួច​អស់ហើយ ប៉ុន្តែ​យើង​មិនបាន​បង្ហោះ​ផ្សាយ​ទាំងអស់​តាម​បណ្តាញ​សង្គម​នោះទេ យើង​ផុស​តាម​ហ្វេសប៊ុក​តែ​ ១ ​ប្រភេទ​ហ្នឹង​ទេ ក្រៅពីនោះ​យើង​បាន​ធ្វើជា​សៀវភៅ​សម្រាប់​អ្នក​ត្រូវការ​ស្រាវជ្រាវ​»​។

យោងតាម​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ទន្លេសាប​កាលពី​ថ្ងៃទី​ ២០ ខែមិថុនា បង្ហាញថា រាំង​ទឹក ជា​ប្រភេទ​ព្រៃ​លិច​ទឹក​​ដែល​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ (Scientific Name) Barringtonia acutangula (L.) Gaertn. ស្ថិតក្នុង​លំដាប់​ (Order) Ericales និង​នៅក្នុង​គ្រួសារ (Family) Lecythidaceae​។

ហ្វេសប៊ុក​ដដែល​បាន​សរសេរ​​ថា​ «​លក្ខណៈ​ជីវសាស្ត្រ រាំង​ទឹក​មាន​កម្ពស់​ចាប់ពី​ ៥ ទៅ​ ២៥ ​ម៉ែត្រ ដុះ​រាយប៉ាយ​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​សម្បូរ​ច្រើន​ដុះ​ក្រាស់​ស្តុក​គឺ​នៅ​តំបន់​កំពង់​ភ្លុក និង​កំពង់​ឃ្លាំង​នៃ​ខេត្ត​សៀមរាប​។ ដើម​រាំង​ទឹក លិច​ទឹក​កម្ពស់​ចាប់ពី​ ៦ ទៅ​ ៨ ​ម៉ែត្រ​នៅ​​រដូវវស្សា​។ ​ជា​ប្រភេទ​រុក្ខជាតិ​បន្ត​ពូជ​តាមរយៈ​គ្រាប់ និង​ការដុះ​ឡើងវិញ​ក្នុង​ទម្រង់​ជា​ខ្នែង​»​។

ចំពោះ​អត្ថប្រយោជន៍​វិញ អាជ្ញាធរ​ទន្លេសាប​បង្ហាញ​ថា ដើម​រាំង​ទឹក​មាន​ប្រយោជន៍​យ៉ាងច្រើន សម្រាប់​ផ្តល់​ជា​ទីជម្រក​ដល់​ពពួកសត្វ​ផ្សេងៗ ពិសេស​សម្រាប់​ឱ្យ​ត្រីពង​កូន រីកលូតលាស់​ធំធាត់​ផ្តល់​ជា​ចំណីអាហារ និង​ជា​ជម្រក​ដ៏ល្អ​របស់​សត្វ​ស្លាប​ទឹក​។

ហ្វេសប៊ុក​អាជ្ញាធរ​ទន្លេសាប​សរសេរ​ថា​ «​ស្លឹក​ខ្ចី​របស់​រាំង​ទឹក​អាច​បរិភោគ និង​យក​សម្បក​វា​ធ្វើជា​ឱសថ​ផ្សេងៗ ដូចជា ព្យាបាល​ជំងឺ​គ្រុនចាញ់ ជំងឺរាក និង​ជំងឺ​ស្វាយ ជាដើម​។ ផ្លែ​វា​អាច​យក​​ទៅ​លីង​កិន​ល្អិតៗ សម្រាប់​លាប​ធ្មេញ និង​អញ្ចាញធ្មេញ ដើម្បី​ការពារ​មិន​ឱ្យ​រាក់​ស៊ី​ធ្មេញ ចំណែក​ដើម​រាំង​ទឹក គេ​តែង​យក​ទៅ​ធ្វើជា​ត្បាល់កិន និង​ធ្វើជា​អុស និង​ធ្យូង​»​។

លោក សុខ ប្លង់ មេឃុំ​កំពង់ភ្លុក​ថ្លែង​កាលពី​ថ្ងៃទី ២១ ខែ​​មិថុនា​ថា ដើម​រាំង​ទឹក​ពិតជា​មាន​ដុះ​ច្រើន​នៅ​តំបន់​កំពង់​ភ្លុក ហើយ​អាជ្ញាធរ ក៏ដូចជា​សហគមន៍-នេសាទ និង​ប្រជាពលរដ្ឋ​កំពុង​បន្ត​ថែរក្សា ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ជា​តំបន់​ទេសចរណ៍​ស្រស់ស្អាត​ផងដែរ​។

លោក​ថ្លែងថា​៖ «​ដើម​រាំង​ទឹក​វា​មាន​អំណោយផល​ល្អ​ដល់​ផ្នែក​ទេសចរណ៍​ធម្មជាតិ​សម្រាប់​​អ្នកភូមិ​កំពង់​ភ្លុក​អុំទូក​ដឹក​ភ្ញៀវទេសចរ​កម្សាន្ត​មើល​ទេសភាព​ក្រោម​ព្រៃ​ដើម​រាំង​ទឹក​ទាំងនោះ​ និង​ជា​ប្រភព​ចំណូល​មួយ​​ផ្នែក​ពី​ការនេសាទ​ផងដែរ​។

ប៉ុន្តែ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ តំបន់​កំពង់ភ្លុក​បាន​ប្រែ​ក្លាយ​ទៅជា​ស្ងប់ស្ងាត់​បន្តិច​ ព្រោះ​មិនសូវ​មាន​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​»៕