ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង​លោក​ឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ក្រោយពី​បាន​ធ្វើការ​ជំនុំជម្រះ មុន​អង្គសេចក្ដី​ពាក់ព័ន្ធ​នឹង​បទ​ឆបោក​ប្រាក់​ជាង​ ២ ​ម៉ឺន​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់លោក អ៊ី រិន្ទ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក​ឧត្តមសេនីយ៍ទោ ហង្ស វណ្ណៈ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ១៧ ខែ មិថុនា ឆ្នាំ​ ២០២១ នៅ​ចំណុច​ភូមិ​ព្រែកសំរោង​ ៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់លោក ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ «​ឆបោក​» ប្រាក់​ជាង​ ២ ​ម៉ឺន​ដុល្លារ រឿង​ធានា​​រត់ការ​ច្បាប់​ឱ្យ​ប្រជាពលរដ្ឋ​ម្នាក់ ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ មិន​បាន​សម្រេច​។

លោក អ៊ី រិន្ទ បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «​គាត់​ [​ហង្ស វណ្ណៈ​] ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ២១ ខែមិថុនា ឆ្នាំ​ ២០២១​។ គាត់​ត្រូវបាន​លោក សាន្ត ប៊ុនធឿន ចៅក្រម​ជំនុំជម្រះ​សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន ក្រោយ​បើកសវនាការ មុន​អង្គសេចក្ដី​នា​ថ្ងៃនោះ​»​។

ទោះយ៉ាងណា​លោក​ អ៊ី រិន្ទ ​បញ្ជាក់ថា ប៉ុន្តែ​គាត់​នៅតែ​ជាប់ចោទ​ពី​បទឆបោក ដែល​នឹង​ត្រូវ​រង់ចាំ​ការបើក​សវនាការ​លើ​អង្គសេចក្ដី​នៅពេល​ក្រោយ​។

យោងតាម​ប្រភពពី​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹងថា លោក​ឧត្តមសេនីយ៍ ហង្ស វណ្ណៈ ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់ ប្តឹង​ចោទប្រកាន់​ថា បាន​យកលុយ​របស់គាត់ ដែល​ជា​ជនរងគ្រោះ​ចំនួន ២២ ០០០ ​ដុល្លារ ជា​ថ្នូរ​ជួយ​រត់ការ​ឱ្យ​គាត់​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ជា​មន្ត្រី​នគរបាលជាតិ ប៉ុន្តែ​មិនបាន​សម្រេច​តាម​ការសន្យា ហើយ​បាន​គេចវេះ​មិន​ជួប​ដោះស្រាយ ជាមួយ​គាត់​ដោយ​សន្តិវិធី​ឡើយ​។

ក្រោយពី​មាន​បណ្ដឹង​ពី​ជនរងគ្រោះ លោក ហង្ស វណ្ណៈ ក៏ត្រូវ​បាន​លោក ម៉ៅ ស៊ីណា ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ​ «​ឆបោក​» ប្រព្រឹត្ត​នៅ​ចំណុច​ស្ថានីយ​ប្រេងឥន្ធនៈ​សូគីមិច លើ​មហាវិថី​ព្រះនរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ២ ខែ​ កញ្ញា ឆ្នាំ​ ២០១៦​។ បទល្មើស​ព្រហ្មទណ្ឌ​នេះ មានចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៣៧៧ និង​មាត្រា​ ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។

លោក ប៉ិច ពិសី ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​បាន​ថ្លែងថា បើ​ពិនិត្យ​ឱ្យ​ស៊ីជម្រៅ​ទៅ ករណី​របស់​លោក​ឧត្តមសេនីយ ហង្ស វណ្ណៈ គឺ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ តាមរយៈ​ការសូកប៉ាន់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាល​ជាតិ​។ ករណីនេះ​មិនមែន​ទើបតែ​កើតមាន​នាពេល​បច្ចុប្បន្ន​នោះទេ​គឺ​វា​បាន​កើតឡើង​គ្រប់​ជំនាន់​មកហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​បើ​គាត់​ [​ហង្ស វណ្ណៈ​] ​ជា​សាមញ្ញ​ជន ដែល​មិន​បម្រើ​ការងារ​ជា​ឧត្តម​មន្ត្រី ករណី​របស់គាត់​គឺជា​អំពើ​ឆបោក ប៉ុន្តែ​គាត់​ជា​ឧត្តម​មន្ត្រី ដូច្នេះ​ការប្រព្រឹត្ត​របស់គាត់​បែបនេះ គឺជា​បទល្មើស ស៊ីសំណូក ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គប្បី បើក​ការស៊ើបអង្កេត​ឱ្យបាន​ស៊ីជម្រៅ​»​។

ការបើក​ការស៊ើបអង្កេត​ឱ្យ​បាន​ស៊ីជម្រៅ​ត្រូវបាន​លោក​ ប៉ិច ពិសី ​ពន្យល់ថា ដើម្បី​ស្វែងរក​ការពិត និង​ដើម្បី​ការពារ​សុចរិតភាព និង​សេចក្ដីថ្លៃថ្នូរ​ជូន​ដល់​ឧត្តមមន្ត្រី​សាធារណៈ​ផ្សេងទៀត ដែល​ពួកគាត់​ជា​អ្នក​បំពេញការងារ និង​តួនាទី​បាន​ល្អ​ត្រឹមត្រូវ ដើម្បី​ជា​ឧត្តមប្រយោជន៍​សម្រាប់​ជាតិ និង ប្រជាជន​៕