ពោធិ៍សាត់ៈ ក្នុង​រដូវ​បិទ​នេសាទ​នេះ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ខេត្តពោធិ៍សាត់ បាន​បំផ្លាញរ​បាំងសាច់​អួន​ចំនួន ១១ ខ្សែ ដែលមាន​ប្រវែង ២ ៥០០ ម៉ែត្រ ដែល​រឹបអូស​បាន​ ពី​ការធ្វើ​នេសាទ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​ ខណៈសកម្មភាព​បទល្មើស​នេសាទ​ នៅតែ​បន្ត​កើតមាន​នៅក្នុង​ភូមិ​សាស្ត្រា​ខេត្តពោធិ៍សាត់ ។ នេះបើតាមលោក ភុំ វិមល។

លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ ខេត្តពោធិ៍សាត់ ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ នេះថា ក្រៅពីនេះ ឧក​រណ៍​នេសាទ​ខុសច្បាប់​ផ្សេងទៀត ដូចជា របាំង​សាច់​អួន​ក្រឡា​ល្អិត ប្រវែង ១ ៣០០ ម៉ែត្រ និង​លូ​កង​ស្បៃ​មុង​ជាច្រើន​ក៏ត្រូវ​បាន​បំផ្លាញ​ផងដែរ។

ទោះជា​យ៉ាងណា នៅក្នុង​រដូវ​បិត​នេសាទ​នេះ មន្ត្រីជលផល​ខេត្ត បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ ទៅលើ​ការផ្សព្វផ្សាយ និង​អប់រំ​ណែនាំ រួម​ជាមួយនឹង​ការចុះ​បង្ក្រាប​ នៅ​ទីតាំង​ជាក់ស្តែង​។ ការយកចិត្តទុកដាក់ លើ​បញ្ហា​ទាំងនេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​រក្សា​កំណើន​ត្រី នៅក្នុង​បឹង​ទន្លេសាប។

លោក ភុំ វិមល ​ថ្លែងថា ៖« អាជ្ញាធរ​មិន​ហាមឃាត់​ការ​ធ្វើ​នេសាទ​​ទេ ប៉ុន្តែ ត្រូវ​ប្រើប្រាស់​ឧបករណ៍​ណា​ ដែល​មិន​ប៉ះពាល់​ដល់​ប្រភព​ត្រី និង​ជម្រក​ត្រី​ពង។ ជាពិសេស​ក្នុងអំឡុង​ពេលនេះ បើ​អាច ប្រជាពលរដ្ឋ​គួរ​ទទួលទាន ពងមាន់ ពង​ទា ឬសាច់​អ្វី​ផ្សេង​ក្រៅពី​ត្រី ដើម្បី​ទុកឱ្យ​ត្រី​ពង​និង​ញាស់​ឱ្យបាន​ច្រើន ។ ចាំ​ដល់​ខែតុលា ចាំ​ចាប់ផ្តើម​នេសាទ»។

បើតាម លោក ភុំ វិមល នៅក្នុង​អំឡុងពេល​នៃ​ការចុះ​បង្ក្រាប​នេះ មន្ត្រី​ជំនាញ​មិនបាន​ឃាត់ខ្លួន ឬបញ្ជូន​ជនសង្ស័យ​ណា​ម្នាក់​ទៅ​តុល​ការ​នោះទេ គ្រាន់តែ​បានធ្វើ​ការអប់រំ​ពួកគាត់​ឱ្យ យល់ដឹង​ពី​សារៈប្រយោជន៍​នៃ​ជលផល​នៅក្នុង​អំឡុង​ពេលនេះ និង​រុះរើ​ឧបករណ៍​នេសាទ​ចេញ ប៉ុន្តែ បើ​ធ្ងន់ធ្ងរ អាជ្ញាធរ​នឹង​ហៅ​គាត់​មក​ខេត្ត ដើម្បី​អប់រំ​ឬ​អាច​ឈានដល់​ធ្វើ​កិច្ចសន្យា​ថែមទៀត។

នាពេល​បច្ចុប្បន្ននេះ ប្រជា​ពល​រដ្ឋ​មានការ​យល់ដឹង​ច្រើន ពី​ការធ្វើ​នេ​សាទ​​ក្នុង​រដូវ​បិទ​នេសាទ​នេះ បន្ទាប់ពី​មានការ​អប់រំ​ណែនាំ ពី​មន្ត្រី​អាជ្ញាធរ ដោយ​ពួកគាត់​យល់ឃើញថា បើ​ពួកគាត់​នៅតែ​បន្ត​នេសាទ​ក្នុង​រដូវ​បិទ​នេសាទ​នេះ វា​នឹង​លែ​ង​​មាន​ត្រី នៅក្នុងពេល​បើក​នេសាទ​ខាងមុខ។

សម្រាប់​ការ ចុះបង្ក្រាបវិញ​លោក​វិមល​បញ្ជាក់​ថា​ មន្ត្រីជលផល​ខេត្ត​នៅតែ​បន្តធ្វើ​កិច្ចការ​នេះ​ជាប្រចាំ​មិនដែល​ខាន​នោះទេ ជាពិសេស​នៅក្នុង​រដូវ​បិទ​នេសាទ​នេះ ។

ប៉ុន្តែ វា​នៅតែមាន​​ការ​ខ្វះចន្លោះ​ដោយសារ​មន្ត្រី​មាន​ជំ​នួន​តិច និងទន្លេសាប​នៅក្នុង​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​មាន បណ្តោយ​ទឹក​រហូតដល់​ជាង ៨០ គីឡូម៉ែត្រ។

លោក ភួង ហ៊ីង សមាជិក​សហគមន៍​នេសាទ​ចា​រុះក្នុង​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅក្នុង​អំឡុងពេល​រដូវ​បិត​នេសាទ​នេះ លោក​ឃើញ​អាជ្ញាធរ​បាន​ខិតខំ​ប្រឹងប្រែង​ ក្នុងការ​ចុះទៅ​បង្ក្រាប​បទល្មើស និង​ផ្សព្វផ្សាយ​ច្បាប់ផ្សេងៗ ប៉ុន្តែ​ប្រជា​នេសាទ​មួយចំនួន​តូច នៅតែ​បន្ត​លួច​ទៅធ្វើ​នេសាទ​ដោយ​ខុសច្បាប់។

ទោះជា​យ៉ាងណា ​ក៏​ពួកគាត់​​រក​មិន​បានដែរ ពីព្រោះ​នៅ​ក្នុង​អំឡុង​ពេល​នេះ គឺ​ខ្សត់​ត្រី។

បើតាម​លោក​ ភួង ហ៊ីង ប្រជាពលរដ្ឋ​នៅទីនេះ បើ​ធៀប​ពី​ពេលមុន ពួកគាត់​មានការ​យល់ដឹង​ច្រើន​ ពី​រដូវ​បិទ​នេសាទ​នេះ បន្ទាប់ពី​អាជ្ញាធរ​ចុះមក​ផ្សព្វផ្សាយ និង​អប់រំ។

រដ្ឋបាល​ជលផល ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​ខែឧសភា បានប្រកាស​ពី​រដូវ​បិទ​នេសាទ​ ដោយ​ត្រូវ​បែង​ចែកជា​ពីរ​បន់​ផ្សេងគ្នា ដោយ​ក្នុងនោះ​ ដែន​នេសាទ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ខ្សែស្រប​ចតុមុខ រួមមាន​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ​ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពុងចាម កំពង់ធំ និង​មួយផ្នែក​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល ត្រូវបាន​បិទ​នេសាទ​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា ដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១។

ចំណែក​ដែន​នេសាទ​ដែល​ស្ថិតនៅ​ភាគខាងត្បូង​ខ្សែស្រប​ទន្លេចតុមុខ រួមមាន​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និង​មួយផ្នែក​រាជធានី​ភ្នំពេញ និង ខេត្តកណ្តាល ត្រូវបាន​បិទ​នេសាទ​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា ដល់​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១។ ទោះជា​យ៉ាងណា ប្រជា​នេសាទ​នៅតែ​អាចធ្វើ​នេសាទ​បាន​នៅក្នុង​អំឡុង​ពេលនេះ​បាន​ ដោយ​ប្រើតែ ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ៕

វីដេអូ៖