តាកែវៈ នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្តតា​កែវ បា​ន​បញ្ជូន​ជន​សង្ស័យ ​៣ នា​ក់ ​ទៅ​សាលា​ដំបូង​ខេត្ត​តាកែវ ​នៅ​រសៀល​ថ្ងៃទី​ ២៣ មិថុនា​ បន្ទាប់​ចាប់​ខ្លួន​បាន ១ ថ្ងៃ​ ពាក់​ព័ន្ធ​ករណី​ព្រួត​គ្នា​កាប់​បុរស​ម្នាក់​ស្លាប់ ​រឿង​ទំនាស់​លេង​បាល់​​កាលពី​ថ្ងៃទី ១៩ មិថុនា ​នៅ​ភូមិ​ខ្នារ​ទង ឃុំ​កុមា​រាជា​ ស្រុក​បាទី​ ខេត្ត​តាកែវ។

លោក ​សែម​ សុជាតិ​ នាយការិ​យា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​តាកែវ​ ប្រាប់​នៅ​ថ្ងៃទី​ ២៣ ​មិថុនា​ថា ​ក្រុម​ជន​សង្ស័យ​មាន​ឈ្មោះ ម៉ម សម្បត្តិ ហៅ​បាត់ ភេទប្រុស អាយុ​ ២១ ឆ្នាំ​ ជា​បង​បង្កើត​របស់​ឈ្មោះ ​ម៉ម សីហា ភេទ​ប្រុស ១៨ (ជន​ដៃដ​ល់) និង​ឈ្មោះ ឌឹ​ម ប្រុស ហៅ​រាជ​ ភេទ​ប្រុស​អាយុ ១៨ ឆ្នាំ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ​មាំ​ង ខេមរៈ ​ភេទ​ប្រុស អាយុ ​២៧ ​ឆ្នាំ។ ពួក​គេទាំង​អស់គ្នា​​រស់​នៅ ​ភូមិ​ខ្នារ​ទង ​ឃុំកុមា​រាជា ស្រុកបាទី​​ ខេត្តតាកែវ។

លោក​ថ្លែងថា៖ «ក្រុម​ជន​សង្ស័យ​ទើប​បញ្ជូន​ដល់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិ​តធ្ងន់​របស់ខ្ញុំ​នៅវេ​​លា​ថ្ងៃ​ត្រង់នេះ (ថ្ងៃទី​ ២៣ មិថុនា) ហើយ​យើង​បញ្ជូន​បន្តទៅ​តុលា​ការ​តាម​នីតិ​វិធី​ហើយ»។

លោក ឃុ​ត​ ឡូ អធិកា​ររង​ផែន​ការងារ​ព្រហ្មទណ្ឌនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹងនៅ​ថ្ងៃទី ២៣​ មិថុនា​ថា​ ជន​សង្ស័យ​ទាំង​៣នាក់​ ត្រូវបាន​សមត្ថ​កិច្ច​ចាប់​ខ្លួ​ននៅ​ទី​តាំង​ផ្សេង​គ្នា កា​លពី​ថ្ងៃទី ២​២ ​មិថុនា ​ដោយ ​២ នាក់​ បង​ប្អូន​ចា​ប់នៅ​ភូមិ​ភ្នំ​តូច ឃុំ​សំភី ​និង​ម្នាក់​ឈ្មោះ ឌឹ​ម ប្រុស ​ចាប់​នៅភូមិ​ខ្នារ​ទង ឃុំកុមា​រាជា ក្នុ​ងស្រុក​បាទី ​ខេត្ត​តាកែវ​តែមួយ​។ ការ​តាម​ចាប់​ក្រុម​ជនសង្ស័យ​នេះ ​គឺ​សមត្ថកិច្ច​របស់លោក​បានស​ហ​ការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ព្រហ្មទ​ណ្ឌនៃ​អគ្គស្ន​ងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួង​មហាផ្ទៃ ។

លោក​ថ្លែងថា៖ «ក្រុម​ជន​សង្ស័យ​ជា​អ្នកបង្ក​បទល្មើស​ជាក់ស្តែង​ហើយ​ក្រោយពេល​សមត្ថ​កិច្ច​យើង​ចាប់ខ្លួន ​គឺ​ពួកគេ​ទទួល​ស្គាល់​ថា ​ពិតជា​បាន​កាប់សម្លាប់​ជនរ​ងគ្រោះ​មែន។ ពួកគេ​មាន​គំនុំ​ជាមួយ​ជនរង​គ្រោះ​រឿង​លេង​បាល់»។

លោក ឃុ​ត ឡូ រៀបរាប់​តាម​សម្តី​ជន​សង្ស័យ​ថា ​កាលពី​ថ្ងៃទី ១៩ មិថុនា ​ពួកគេ​បាន​លេង​បាល់ទះ​ជា​មួយ​ជនរង​គ្រោះ​ឈ្មោះ ឈ្មោះ មាំ​ង ខេមរៈ ក្នុងភូមិ​ជាមួយគ្នា​ ហើយ​បាន​ទាស់សម្ដី​គ្នា ប៉ុន្តែ​មិនបាន​វាយតប់​គ្នា​ទេ។ លុះ​ដល់​ម៉ោង​ជាង ​១០ ​យប់​ថ្ងៃ​ដដែល​ ជនសង្ស័យ​ទាំង​ ៣ ​នាក់ ​បាន​យក​កាំបិត​ផ្គាក់ ១​ ទៅរក​ជនរង​គ្រោះ​ដល់ផ្ទះ។ គាប់​ជួន​ពេល​នោះ​ពួកគេបានឃើញ​ជនរង​គ្រោះ​កំពុង​ឈរ​នៅ​មុខផ្ទះ​ របស់​គាត់​ក៏​នាំគ្នា​ស្ទុះ​ទៅ​វាយ និង​កាប់​សម្លាប់​តែម្តង។

លោក​បានបន្តថា ក្រោយ​បង្កហេតុ​ក្រុម​ជន​សង្ស័យ​បាន​រត់គេចខ្លួន​ទាំងយប់​ ហើយ​កម្លាំង​នគរបាល​ស្រុក​បាទី ​ដោយ​ទទួលបាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង និង​ពី​លោក ឆាយ កែវ​មុន្នី​ អធិការនគរបាល​ស្រុក​បាទី​ផង​នោះ បានចេញ​រុករក​ក្រុម​ជន​សង្ស័យ ប៉ុន្តែ​ពួកគេ​បាន​រត់​ចេញពី​ភូមិ​កើតហេតុ​អស់​។

លុះ​ព្រឹក​ឡើង​ថ្ងៃទី ២០ មិថុនា​ ​សមត្ថកិច្ច​ស្រាវជ្រាវ​ដឹងថា ​ជន​សង្ស័យ​ ឈ្មោះ ឌឹ​ម ប្រុស បានរ​ត់ទៅ​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង។តែ​ដោយ​ជនសង្ស័យ​ដឹងថា​ សមត្ថកិច្ច​តាម​ចាប់​ក៏គេច​ខ្លួន​មក​រាជ​ធានី​ភ្នំពេញរួចចូលទៅ​លាក់ខ្លួន​ក្នុងភូមិ​ខ្នារ​ទង ក្នុងស្រុក​បាទី​វិញ​ ទើប​កម្លាំង​សមត្ថកិច្ច​ចាប់​បាន​តែម្តង។

បើតាម​លោក ឃុ​ត ឡូ បន្ទាប់ពី​ចាប់បាន​ជនសង្ស័យ​ឈ្មោះ ឌឹ​ម ប្រុស ​សមត្ថ​កិច្ច​ក៏​បញ្ជា​ឱ្យ​ឈ្មោះនេះ ​ទូរស័ព្ទ​ទាក់ទង​បក្ខ​ពួកគេ​ ២​ នាក់​ទៀត ឈ្មោះ​ម៉ម​ សម្បត្តិ និង ម៉ម ​សីហា ដែល​កំពុង​លាក់ខ្លួន​ក្នុង​ព្រៃ​នៅ​ម្តុំ​ភ្នំ​តា​ម៉ៅ​ស្ថិតក្នុងភូមិ​ភ្នំ​តូច ឃុំ​សំភី ស្រុក​បាទី​ ដើម្បី​ជួបគ្នា​ ហើយ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​តែម្តង។ការងារ​នេះ​ក្រុមសមត្ថកិច្ចបាន​ចំណាយពេល ៤ ថ្ងៃ ​ក្នុងការ​តាម​ចាប់​ក្រុម​ជនសង្ស័យទាំងនេះ៕