The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​សាងសង់​ស្ពាន​ក្នុង​ខេត្ត​ក្រចេះ​-កំពង់ធំ​ កំពុង​រង់ចាំ​ការសម្រេច​ពី​នាយក​រដ្ឋមន្ត្រី




គម្រោង​សាងសង់​ស្ពាន​ក្នុង​ខេត្ត​ក្រចេះ​-កំពង់ធំ​ កំពុង​រង់ចាំ​ការសម្រេច​ពី​នាយក​រដ្ឋមន្ត្រី

Content image - Phnom Penh Post
ស្ពានមិត្តភាពកម្ពុជា-ចិន នៅស្រុកស្ទឹងត្រង់-ក្រូចឆ្មា ដែលជាជំនួយរបស់មិត្តចិននាពេលកន្លងមក។ រូបថត ក្រសួងសាធារណការ

គម្រោង​សាងសង់​ស្ពាន​ក្នុង​ខេត្ត​ក្រចេះ​-កំពង់ធំ​ កំពុង​រង់ចាំ​ការសម្រេច​ពី​នាយក​រដ្ឋមន្ត្រី

ភ្នំពេញៈ រដមន្រ្តី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន​លោក ​ស៊ុន ចាន់ថុល ​កំពុង​រង់ចាំ​ការឯកភាព​ពីលោក​នាយកដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ក្នុង​ការសាងសង់​ស្ពាន​ក្នុង​ខេត្ត​ក្រចេះ​-កំពង់ធំ ​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​យល់ព្រម​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា ​សាងសង់​ស្ពាន​នេះ ​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ។

ក្នុងពិធី​ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-​ក្រុង​ព្រះសីហនុ​ កាលពី​ថ្ងៃទី​ ២១ ​មិថុនា​ លោក​ ស៊ុន ចាន់ថុល ​ថ្លែងថា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ​ដែល​តភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ​ ត្រូវបាន​បញ្ចប់​ការសិក្សា​រួចហើយ ​ដោយ​ត្រូវរង់ចាំ​ការសម្រេច​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​តែប៉ុណ្ណោះ ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នាពេល​ខាងមុខ​នេះ។ ម្យ៉ាង​វិញទៀត​ រដ្ឋាភិបាល​ចិន​ ក៏បាន​ឯកភាព​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​រួចហើយ​ដែរ ​ចំពោះ​គម្រោង​នេះ។​

លោក​ថា​៖ «យើង​ខ្ញុំ​ត្រៀម​ទទួល​នូវ​ចម្លើយ​ពី​សម្តេច​នាយករដ្ឋមន្រ្តី​ ព្រោះ​យើង​បានធ្វើ​លិខិត​ជូន​សម្តេច​នាយក​រដ្ឋមន្រ្តី ​ដើម្បី​ស្នើសុំ​ការឯកភាព​ពី​សម្តេច ​ដើម្បី​ឈាន​ទៅ​រក​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នៅ​ក្រចេះ​ ដែល​មិត្ត​ចិន​របស់​យើង​បានឯកភាព​ហើយ​ ថា​នឹង​ផ្តល់​ថវិកា​ប្រាក់​កម្ចី​មក​សាងសង់​ស្ពាន​នៅ​ក្រចេះ»។

លោក​ឱ្យដឹង​ដែរថា ​ទន្ទឹម​នឹងនេះ ​ផ្លូវ​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​ស្ទឹងត្រែង​ ក្រសួង​បាននិង​កំពុង​កែលម្អ ​និង​លើកកម្ពស់​គុណភាព​ផ្លូវ​បាន​ប្រវែង ​៩៣ គីឡូ​ម៉ែត្រ​ហើយ ​ដែល​ជាជំនួយ​ឥត​សំណង​របស់​មិត្ត​ចិន​ ខណៈ​បច្ចុបប្បន្ន ​ចិន​កំពុង​ពិចារណា​ ដើម្បី​សាងសង់​ផ្លូវ​បន្ដទៀត ​រហូត​ដល់​ព្រំដែន​កម្ពុជា​-ឡាវ»។

លោក ​ស៊ុន ចានថុល ​បញ្ជាក់ថា ​បច្ចុប្បន្ន ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ​ផ្លូវ​ ថ្នល់​ និង​ស្ពាន​ជាច្រើន​ទៅដល់​តំបន់​ដាច់​ស្រយាល​ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់រហ័ស ​ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​មក​អភិវឌ្ឍ​នៅ​កម្ពុជា​កាន់តែ​ច្រើន។

អភិបាល​ខេត្ត​កំពង់ធំ​លោក ​សុខ លូ ​ថ្លែងថា ​លោក​ពុំទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​ពី​គម្រោង​នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​លោកថា ​បើសិនជា​គម្រោង​ទទួលបាន​ជោគជ័យ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ​និង​អ្នក​ធ្វើដំណើរ​ពី​ទី​ឆ្ងាយ។

លោក​ថា​៖ «ខ្ញុំ​ធ្លាប់​ឮ​ពី​គម្រោង​នេះ​យូរ​ដែរ​ហើយ ​បើសិនជា​គម្រោង​បានសម្រេច​មែន​ គឺជា​ការផ្តល់​អត្ថប្រយោជន៍​ធំធេង​ណាស់ ​សម្រាប់​ខេត្ត​កំពង់ធំ ​និង​ខេត្ត​ក្រចេះ​ទាំង​មូល»។

ភ្នំពេញ ​ប៉ុស្តិ៍​ មិនទាន់​អាច​ទាក់ទង​អភិបាល​ខេត្ត​ក្រចេះ​លោក​ វ៉ា ថន ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាននៅ​ឡើយ​ទេ ​ពី​ម្សិល​មិញ។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ ​លោក ​វ៉ា ស៊ឹមសូរិយា​ បាន​ថ្លែងថា ​ក្រសួង​សាធារណការបានដាក់​សំណើ​គម្រោង​ជាច្រើន​ទៅ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​ដើម្បី​ពិនិត្យ ​និង​ឯកភាព ​ប៉ុន្តែ​មិនទាន់​ទទួល​បានចម្លើយ​នៅ​ឡើយ​ទេ។

លោក​បញ្ជាក់ថា​៖ «ព្រោះ​យើង​ដាក់​សំណើ​គម្រោង​ទៅ​ច្រើន​កញ្ចប់​ ហើយ​ក្នុង​ ១ កញ្ចប់ៗ​ មាន​ ២ ​ទៅ ​៣ គម្រោង​ ក្នុងនោះ​កញ្ចប់​ទី១ ​មាន​គម្រោង​ផ្លូវ ៤១ ​ផ្លូវ​ ៣៣ ​និង​ផ្លូវ ៣១ ​និង​កញ្ចប់​ផ្សេង​ទៀត។ អ៊ីចឹង​ខ្ញុំ​មិន​ដឹងថា​កញ្ចប់​គម្រោង​ណា​ដែល​សម្តេច​ [ហ៊ុន សែន] ​ផ្តល់​អាទិភាព​នៅឡើយ​ទេ»។

ទោះយ៉ាង​ណា ​លោក​មិនទាន់​បង្ហើប​ពី​ទីតាំង​និង​តម្លៃ​ដែល​គ្រោង​នឹង​សាងសង់​ស្ពាន​ក្រចេះ​-កំពង់ធំ ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់ថា ​តាម​ការសិក្សា​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ស្ពាន​ ១ ខ្សែ​នេះ​ មាន​ប្រវែង​ ១ ៧៦១​ ម៉ែត្រ​ ដែល​នឹង​ត្រូវ​សាងសង់​ឡើង​ក្រោម​ថវិកា​កម្ចី​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ហើយ​នឹង​ប្រើប្រាស់​រយៈ​ពេល​ចន្លោះ​ពី ​២ ​ទៅ​ ៣ ឆ្នាំ ​ក្នុង​ការសាង​សង់៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍