ភ្នំពេញៈ សំណង់​មិន​រៀបរយ​នៅលើ​ទូក​ ផ្ទះ​បណ្តែត​ទឹក​ និង​បែ​ចិញ្ចឹម​ត្រី​របស់​ជនជាតិ​វៀតណាម ​ចំនួន ១ ​៧៤១ ខ្នង ​គឺ​នៅ​សល់​តែ ​៦៤​ ខ្នង​ទៀត​ប៉ុណ្ណោះ ​នឹង​ត្រូវបាន​រុះរើ​ចេញ​ផុតពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ហើយ។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។

លោក​ សាន សុខសីហា ​អ្នក​នាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃនេះ​ថា ​មកទល់​ពេល​នេះ ​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ​បានចុះ​ជួយ​ដល់​ម្ចាស់​សំណង់​មិន​រៀបរយ​ ដែល​រស់នៅ​លើ​ទូក ​ផ្ទះ​បណ្ដែត​ទឹក​ និង​បែ​ចិញ្ចឹម​ត្រី ​ដោយ​បាន​រុះរើ​សំណង់​របស់​ពួកគេ​ចេញពី​ផ្ទៃ​ទន្លេ ​បាន​សម្រេច​ជាង ​១ ៦០០ ខ្នង​ ខណៈ​ម្ចាស់​សំណង់​ចំនួន​ជាង​១០០ខ្នង​ទៀត​បាន​ចល័ត​ចេញ​ទៅកាន់​តំបន់​ជាប់​ព្រំដែន​ទឹក​នៃ​ប្រទល់​ប្រទេស​វៀត​ណាម។

លោក​ សុខសីហា ​បញ្ជាក់ថា​៖ «សំណង់​មិន​រៀបរយ​នៅលើ​ទូក ​ផ្ទះ​បណ្ដែតទឹក​និង​បែ​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​ទន្លេ ​ក្នុង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​សរុប​ចំនួន​ ១ ៧៤១ ខ្នង។ ប៉ុន្តែ​មកទល់​ពេលនេះ​ យើង​ពិនិត្យ​ឃើញ​នៅ​សល់​ផ្ទះ​បណ្ដែត​ទឹក​ចំនួន ​៥៦ ​និង​បែ​ចិញ្ចឹម​ត្រី​ចំនួន​៨ទៀត​ប៉ុណ្ណោះ​ដែល​នៅ​មិនទាន់​បានរុះរើ ​ឬ​ចល័ត​ចេញ​តាម​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ»។

បើ​តាម​មន្ត្រី​រូបនេះ ​កម្លាំង​សមត្ថកិច្ច​កំពុង​បន្ត​អំពាវនាវ​ និង​ជំរុញឲ្យ​អ្នក​ដែល​នៅ​មិនទាន់​រុះរើ ​ត្រូវ​ប្រញាប់​រុះរើ​ ឬ​ចល័ត​ចេញ​ពី​លើ​ផ្ទៃ​ទន្លេ ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឲ្យបាន​ឆាប់​បំផុត​តាម ​ដែលអាច​ធ្វើ​ទៅបាន ​ដើម្បី​ចៀសវាង​ការខាតបង់​ទ្រព្យ​សម្បត្តិ​និង​ការប្រឈម​ផ្នែក​ច្បាប់ ​ក្នុង​ករណី​រឹងរូស​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ ​ហើយ​ប្រឆាំង​សមត្ថកិច្ច​ក្នុង​ការអនុវត្ត​វិធាន​ការ​រដ្ឋបាល។

អាជ្ញាធរ​ស្រុក​ពាមជរ​នៃ​ខេត្ត​ព្រៃវែង ​និង​អាជ្ញាធរ​ស្រុក​លើកដែក​នៃ​ខេត្ត​កណ្ដាល ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នាថ្ងៃ​នេះ​ថា​ អ្នក​រស់​នៅ​លើ​ទូក​ ផ្ទះ​បណ្ដែតទឹក​ និង​បែ​ចិញ្ចឹម​ត្រី​សរុប​ជាង ​១ ០០០ នាក់​ដែលបាន​ចល័ត​ចេញ​ពី​ផ្ទៃ​ទន្លេ​នៃ​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ត្រឡប់​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម​វិញ​នោះ ​ឥឡូវ​នេះ​កំពុង​ត្រូវបាន​រារាំង​ដោយ​អាជ្ញាធរ​វៀត​ណាម។

លោក​ហាំ ធូ ​អធិការ​ស្រុក​លើក​ដែក​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ត្រី ​សរុប​ចំនួន​ ១០០ ​និង​មនុស្ស​ប្រមាណ ​១ ០០០​ នាក់​ បាន​មក​ឈប់​សំចត​ជាបណ្ដោះ​អាសន្ន ​នៅលើ​ផ្ទៃ​ទន្លេ​នៃ​ព្រំដែន​ទឹក​កម្ពុជា ​ជាប់​ច្រក​ព្រំដែន​អន្តរជាតិ​ក្អម​សំណ​ បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម​បានយក​សាឡង់​ដឹក​ខ្សាច់​និង​នាវា​ល្បាត​ដាក់​បិទខ្ទប់​ផ្លូវ​នាវា​ចរណ៍ក្នុង​ប្រទេស​វៀតណាម ​ដើម្បី​រារាំង​ពួកគេ​មិនឲ្យ​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​វិញ។

លោក​បញ្ជាក់ថា​៖ «តាមរយៈ​ការសម្រប​សម្រួល​របស់​នគរបាល​អន្តោប្រវេសន៍​ក្នុង​តំបន់​នោះ ​ពួកគេ​ត្រូវបាន​ឲ្យស្នាក់​នៅ​បណ្ដោះ​អាសន្ន ​ដើម្បី​រង់​ចាំ​ការសម្រេច​របស់​អាជ្ញាធរ​វៀតណាម ​ក្នុង​ការបើក​ផ្លូវ​ទឹក​ឲ្យ​ពួកគេ​ត្រឡប់​ចូល​វៀតណាម​វិញ»។

ចំណែក​លោក​សេង ធា ​អភិបាល​ស្រុក​ពាមជរ​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​បែ​ចិញ្ចឹម​ត្រី​ចំនួន ​២៤ ​និង​ទូក​តូចៗ​ចំនួន​ ៦៦ ​ដែល​មាន​ចំនួន​មនុស្ស​ប្រមាណ​ ២០០ នាក់ ​ដែលបាន​ចល័ត​ចេញ​មក​ពី​រាជធានី​ភ្នំពេញ​នោះ ​កំពុង​ស្នាក់​នៅ​លើ​ផ្ទៃទឹក​ជាប់​ច្រក​ព្រំដែន​អន្តរជាតិ​កោះ​រការ។

លោក​បញ្ជាក់ថា​៖«ដោយសារ​បារម្ភ​ពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ ផង ​និង​ដើម្បី​រក្សា​សុវត្ថិភាព ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ​អាជ្ញាធរ​មូលដ្ឋាន​យើង​ខ្ញុំ ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ចត​ឬ​ឡើង​គោក​នោះ​ទេ»។

បើ​តាម​លោក ​សេង ធា ​ក្រុម​និគម​ជន​ជាតិ​វៀតណាម ​ដែល​ចល័ត​ចេញពី​រាជធានី​ភ្នំពេញ​នោះ​ គឺ​មាន​បំណង​ត្រឡប់​ចូល​ទៅ​រស់​ក្នុង​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ក្នុង​ប្រទេស​វៀតណាម ​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​វៀតណាម​រារាំង​ ដោយ​អះអាងថា ​រដ្ឋាភិ​បាល​បានបិទ​ខ្ទប់​ប្រទេស​ជាបណ្ដោះ​អាសន្ន ​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩។ ​

ជុំវិញ​ករណី​នេះ ​លោក ​ស៊ឹម ឈី ​ប្រធាន​សមាគម​ខ្មែរ​-វៀតណាម​ប្រចាំ​កម្ពុជា ​មិនអាច​ស្នើ​សុំ​អធិប្បាយ​បាន​ទេ​ នា​ថ្ងៃទី២៣​ ខែ​មិថុនា។ ប៉ុន្តែ​កាលពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុន​ លោក​បានប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ​អ្នក​ដែល​បាន​ចល័ត​ចេញ​ពី​ផ្ទៃ​ទន្លេ​ក្នុង​ភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ត្រឡប់​ចូលទៅ​ក្នុង​ប្រទេស​វៀតណាម​វិញ​នោះ ​គឺ​មិន​អាច​ចូល​ទៅ​វិញ​បាន​ទេ ​ក្នុង​កាលៈ​ទេសៈ​នេះ។ ព្រោះ​រដ្ឋាភិបាល​វៀតណាម ​កំពុង​អង្រឹង​ការអនុវត្ត​វិធានការ​ទប់​ស្កាត់​ការឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ ហើយ​បាន​បិទខ្ទប់​ប្រទេស​ជាបណ្ដោះ​អាសន្ន។

ចំណែក​អ្នក​ស្ម័គ្រចិត្ត​រុះរើ​ គឺ​ត្រូវ​ស្វែងរក​ទីតាំង​លើ​ដី​គោក​រស់នៅ​ដោយ​ខ្លួន​ឯង​ ដោយ​គោរព​ទៅតាម​លក្ខខណ្ឌ​ច្បាប់​របស់​កម្ពុជា។ សមាគម​មិនមាន​លទ្ធភាព​ទិញ​ដី ​សម្រាប់​ផ្ដល់​ជូនឲ្យ​ពួកគេ​នោះ​ទេ៕

វីដេអូ៖