​កណ្ដាលៈ បុរស​ខ្មែរឥស្លាម​ ២​ នាក់ ​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង​ ហើយ​ជនរងគ្រោះ​អង្គុយ​នៅក្រោម​ដើម​អាកាស្យា​មួយ​ដើម​ស្ថិត​ក្នុងភូមិ​ពោធិ​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​ ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ២២​ មិថុនា​។​

លោក គុណ គា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ស្វាយ​ប្រទាល​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ២៣​ មិថុនា​ថា ជនរងគ្រោះ​ស្លាប់​ទី​១-​ ឈ្មោះ ម៉ាត់ ន​សា ភេទ​ប្រុស អាយុ​ ២៨​ ឆ្នាំ​ (​កូនប្រសារ​)​ ទី​២-​ឈ្មោះ ស៊េ​ន ម៉ា​អ៊ែ​ល ភេទ​ប្រុស អាយុ​ ១៦ ​ឆ្នាំ​។ ពួកគេ​ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម​មានរ​បរជា​អ្នក​ទាក់​សត្វ និង​រស់នៅ​ភូមិ​បា​រ៉ែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​ប្រាប់ថា​៖ «​ករណីនេះ សមត្ថកិច្ច​យើង​ពិនិត្យឃើញថា ​ពួកគេ​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតមែន ហើយ​យើង​ក្នុងនាម​ជា​អាជ្ញាធរ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានប្រគល់​សព​ដល់​ក្រុមគ្រួសារ​ពួកគេ​ធ្វើបុណ្យ​ហើយ​»​។​

លោក គុណ គា បាន​ថ្លែង​ដោយយោង​តាម​អ្នករួមដំណើរ​ជាមួយ​បានឱ្យដឹងថា មុន​កើតហេតុ​ប្រហែលជា​ម៉ោង​ ១​ រសៀល​ថ្ងៃទី​ ២២ ​មិថុនា ជនរងគ្រោះ​នាំគ្នា​ទៅ​វ៉ៃ​លប់​ ដើម្បី​ទាក់​សត្វ​ស្លាប​ក្នុងព្រៃ​នៅ​ចំណុច ទំនប់​សង្កែ​សោម ស្ថិតក្នុង​ភូមិ​ពោធិ​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង។ ​ប៉ុន្តែ​នៅពេលដែល​ពួកគេ​កំពុង​វ៉ៃ​លប់​សត្វ​ក៏​ស្រាប់​តែមាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​។​ មាន​រន្ទះបាញ់​ខ្លាំង​នៅ​ដើម​អាកាស្យា​ដែល​ជនរងគ្រោះ​កំពុង​ជ្រក​នោះ បន្ទាប់ពី​ស្ងាត់​សំឡេង​រន្ទះបាញ់ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្តូកស្តឹង​នៅ​នឹង​ដី​បាត់ទៅហើយ​។​

លោក គុណ គា អះអាងថា ក្រោយ​ពិនិត្យ​សាកសព​រួចមក​សមត្ថ​កិច្ច​លោក​បាន​ប្រគល់ឱ្យ​សាច់ញាតិ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​អ៊ិ​ស្លាម​៕