The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ស៊ុន ចាន់ថុល ស្នើចិនជួយបណ្ដុះបណ្ដាលវិស្វករផ្នែក ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេង ដើម្បីឆ្លើយតបនឹងតម្រូវការ

លោក ស៊ុន ចាន់ថុល ស្នើចិនជួយបណ្ដុះបណ្ដាលវិស្វករផ្នែក ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេង ដើម្បីឆ្លើយតបនឹងតម្រូវការ

Content image - Phnom Penh Post
លោក ស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំតាមវីដេអូជាមួយភាគីចិន កាលពីថ្ងៃ ២២ មិថុនា ។ រូបថត ក្រសួងសាធារណការនិងដឹកជញ្ជូន

លោក ស៊ុន ចាន់ថុល ស្នើចិនជួយបណ្ដុះបណ្ដាលវិស្វករផ្នែក ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេង ដើម្បីឆ្លើយតបនឹងតម្រូវការ

ភ្នំពេញៈ ទេសរ​ដ្ឋមន្ត្រី​​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារ​ណកា​រនិង​ដឹក​ជញ្ជូន​ស្នើ​ភាគី​ចិន​ជួយ​បណ្តុះប​ណ្តាល​ដល់​វិស្វករ​កម្ពុជាក្នុង​ការ​កសាង​ផ្លូវ ស្ពាន​ និង​ហេដ្ឋារ​ចនា​សម្ព័​ន្ធជាច្រើនទៀ​ត ខណៈ​កម្ពុជា​មាន​ការ​រីក​ចម្រើន ប៉ុន្តែ​ខ្វះ​ធនធា​នមនុ​ស្ស​ក្នុង​វិស័យ​នេះ​។

សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​តាម​វីដេអូ​ពី​ចម្ងាយ​រវា​ងលោក​ ស៊ុន ចាន់ថុល និង​លោក​ Li Xiaopeng រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​នៃ​សា​ធារ​ណរដ្ឋ​ប្រជា​មានិត​ចិន​កាលពី​ថ្ងៃទី ២២ ខែមិថុនា​ ។

អង្គ​ប្រជុំ​នេះ​បាន​ពិភាក្សា​លើ​ការ​ចូល​រួម​សន្និ​សីទ​ស្តីពី​ការដឹក​ជញ្ជូន​ប្រកប​ដោយ​ចីរភាព​ជា​សក​លនៃ​អង្គការសហប្រ​ជាជាតិ​លើក​ទី​២ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១៤-១៦ ​ខែ តុលា ​ឆ្នាំ ២​០២១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង​បាន​ពិភាក្សា​ពី​ការ​កសាង​សមត្ថ​ភាព​ផ្នែក​វិស្វករ​ ផ្លូវថ្នល់ និង​ស្ពាន​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ស៊ុន ចាន់ថុល បាន​ស្នើ​ភាគី​ចិន​ជួយ​បណ្តុះ​បណ្តាល​ផ្នែក​ធនធាន​មនុស្ស​ដល់​វិស័យ​វិស្វករ​កម្ពុជា​ស្រប​ពេល​ដែល​ប្រ​ទស​កម្ពុជា​ មាន​ការ​អភិវឌ្ឍ​ស្ទើរគ្រប់​វិស័យ ​ប៉ុន្តែ​នៅ​ខ្វះ​ធន​ធានមនុស្ស​ផ្នែក​វិស្វក​កម្ម។​

លោក​ថា៖ «យើង​ស្នើសុំ​ការគាំទ្រ​និង​ជំនួយ​ជា​មុខ​ជំនាញ​ជាច្រើន​ពី​ខាង​មិត្ត​ចិន​ជាពិសេស​ផ្តល់​សាស្ត្រាចារ្យ និង​អ្នក​បច្ចេក​ទេស​តាមរ​យៈ​អនុស្សរណៈ​កិច្ចស​ហប្រ​តិប​ត្តិការ​ចិន-កម្ពុជា ដើម្បី​ជួយ​បង្ហាត់​បង្រៀន​វិស្វករ​កម្ពុជា​ឱ្យ​ចេះ​កសាង​ផ្លូវ ស្ពាន និង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ជាច្រើន​ទៀត​ដូចជា កំពង់ផែ​ ផ្លូវ​រថភ្លើង និង​ផ្លូវ​ក្រោម​ដី​ជាដើម​»។

លោក​បន្តថា តាមរយៈ​កិច្ចប្រជុំ​នេះ ភាគី​ចិនឱ្យ​ដឹង​ថា មាន​វិទ្យា​ស្ថាន​បច្ចេក​ទេស និង​សា​កល​វិទ្យាល័យ​ មួយ​ចំនួន​នៅ​ប្រទេស​ចិន ​មាន​បំណង​ចង់​សហការ​ជាមួយ​វិទ្យា​ស្ថាន​តេ​ជោ​សែន​សាធា​រណការ និង​ដឹក​ជញ្ជូន ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​ការ​កសាង​សមត្ថ​ភាព​វិស្វករ​បច្ចេក​ទេស​កម្ពុជា​។

អ្នកនាំ​ពាក្យ​ក្រសួង​សាធារ​ណកា​រ លោក វ៉ា ស៊ឹម​សុរិយា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃទី​ ២៣​ មិថុនាថា កម្ពុជា​មាន​វិស្វករ​ច្រើន​គួរសម ​ប៉ុន្តែ​មិនទាន់​ឆ្លើយតប​តម្រូ​វ​ការរី​កចម្រើន​នៅ​កម្ពុជា​នោះ​ទេ។​

លោក​ថា៖ «តាម​ពិត​យើង​មាន​វិស្វករ​ច្រើនប៉ុន្តែ​វិស្វករ​យើងគាត់​ចាស់​អស់​ហើយ​ចំណែក​វិស្វករ​ក្មេងៗ​យើង​មាន​ច្រើន​ខាង​សំណង់​ស៊ីវិល ប៉ុន្តែ​វិស្វករ​ខាង​ស្ពាន​ថ្នល់​កំពង់​ផែ​មិនសូវ​មាន​ទេ។និយាយ​រួម​យើង​នៅ​ខ្វះ​ច្រើន​ទៀត បើ​យើង​ធ្វើ​គម្រោង​ច្រើន យើង​ខ្វះ​កាន់​តែ​ច្រើន​»។

លោក​ឱ្យដឹង​ដែរ​ថា ​ជាទូទៅ​នៅក្រោម​ក្រសួង​សាធារ​ណ​ការនិង​ដឹក​ជញ្ជូន​ចិន គឺមាន​វិទ្យា​ស្ថាន​បណ្តុះបណ្តាល​ច្រើន​ដែល​អាច​ជួយ​បណ្តុះប​ណ្តាល​ផ្នែក​វិស្វករ​ដល់​កម្ពុជា។

លោក​ថា៖ «អ៊ីចឹ​ង​យើង​អាច​សហការ​​ជាមួយ​វិទ្យាស្ថាន​ឬ​សាកល​វិទ្យាល័​យ​របស់​ចិន​ដើម្បី ​ធ្វើ MOU បញ្ជូន​គ្រូ​ចិន​មក​បង្រៀន​នៅ​ខ្មែរ ឬ​បញ្ជូន​និស្សិត​ខ្មែរ​ ឬ​គ្រូ​យើង​ទៅ​រៀន​ពី​គេ​នេះ​ គឺជា​សំណូម​ពរ​របស់​យើង​ឱ្យ​ជួយ​បណ្តុះ​បណ្តាល​»។

លោក​ សុរិយា ​បាន​ប​ញ្ជាក់​ថា ​មូល​ហេតុដែល​កម្ពុជា​ខ្វះ​ធនធា​​នមនុ​ស្ស​ផ្នែក​វិស្វករ​ផ្លូវថ្នល់ស្ពា​នថ្ន​ល់​…នេះ ដោយ​សា​រ​សាកល​វិទ្យា​ល័យ​នៅ​កម្ពុជា​ភាគ​ច្រើន​មិនបាន​ផ្តោត​សំខាន់​លើ​ជំនាញ​នេះ។

លោក​ថា៖ «នៅ​កម្ពុជា​មិន​សូវមាន​សាលា​បណ្តុះ​បណ្តាល​ផ្នែក​វិស្វករ​នេះ​ទេមា​នតែ​សាលា​តិច​ណូ (វិទ្យាស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា) បណ្តុះបណ្តា​ល​ផ្នែក​សំណង់​ស៊ីវិល ​អ៊ីចឹ​ង​ខុស​គ្នាចំ​ណែក​សាលា​បណ្តុះ​បណ្តាល​ផ្នែក​ផ្លូវ ថ្នល់ ស្ពាន យើង​អត់​មាន​»។

យ៉ាងនេះ​​ក្តី​ លោក​ថា វិទ្យា​ស្ថាន​តេ​ជោ​សែនសាធា​រណកា​រនិង​ដឹកជញ្ជូនដែ​ល​ទើបតែ​បង្កើត​​ក្នុង​ឆ្នាំ ២០២១​ នេះ នឹង​ជា​ផ្នែក​មួយ​ជួយ​បណ្តុះ​បណ្តាល​ធនធា​នមនុស្ស​ផ្នែក​វិស្វករ​ផ្លូវ ស្ពាន និង​ថ្នល់ នៅ​កម្ពុជា។

ស្ថាប​និកនិង​ជា​ប្រធាន​កិត្តិ​យស​នៃ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន​ លោក ​អ៊ុំ វុ​ទ្ធ​ទី បាន​ថ្លែងថា រដ្ឋាភិ​បាល​គួរ​ពិ​រណា​ដល់​និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​វិស្វក​របញ្ចូល​ក្នុង​ក្រប​ខ័ណ្ឌ​រដ្ឋ​ពិសេស ដើម្បី​រួមចំ​ណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ។

លោក​ថា៖ «រដ្ឋាភិបាលឬ​ក្រសួង​សា​មី គួរផ្តល់​ឱកាស​ឱ្យ​គាត់​បម្រើ​ការងារ​រដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ពិសេសព្រោះ​ពួកគាត់​រៀន​ជំនាញ​វិស្វករ​ចប់​ហើយអ៊ីចឹ​ង​សូម​លើក​ចិត្ត​ដល់​រដ្ឋាភិបាលផ្តល់ឱកាសនិង​លើកទឹកចិត្ត​ដល់​ពួកគាត់ (និស្សិត) ដើម្បីឱ្យ​គាត់​យកចំណេះ​ជំនាញ​មក​អភិវឌ្ឍក្នុង​ក្រសួង​សា្ថ​ប័នព្រោះ​គាត់​ច្បាស់​ទាំង​ភាសា និង​ច្បា​ស់ទាំង​បច្ចេក​ទេស​ទៀត»។

លោក វុ​ទ្ធ​ទី ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​និស្សិត​ដែល​សិក្សា​នៅ​ប្រទេស​ចិន ទាំង​សិក្សា​តាម​អន​ឡាញ និង​សិក្សា​ផ្ទាល់​ក្តី​នៅ​ចិន​មាន​ជាង ២ ពាន់​នាក់។ ក្នុងនោះ​មាន​និស្សិត​ជំនាញ​វិស្វករជាង ៥០០ នាក់​ ដែលភាគច្រើន​រៀន​ខាង​សំណង់​ស៊ីវិល ហើយក្រៅពីនោះ​រៀនវិស្វករ​មេកា​និច វិស្វករ​រ៉ែ ប្រេងកាត វិស្វករ​ស្ពាន​ថ្នល់ និង​វិស្វករ​ផ្លូវដែក។

លោក​ថា៖ «​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ក្នុងចំណោម ៥០០ នាក់ មាន​ថ្នាក់​បរិញ្ញាបត្រនិង​ថ្នាក់អនុបណ្ឌិតហើយ​និស្សិត​ដែល​បញ្ចប់​ការសិក្សា​ផ្នែក​នេះ​ក្នុង ១ ឆ្នាំៗ មាន​ចន្លោះ​ពី ៣០ ទៅ ៥០ នាក់»។

ទាក់ទង​នឹងធនធាន​មនុស្ស​ផ្នែក​វិស្វករ​នេះដែរ កម្ពុជា​បាន​បង្កើត​វិទ្យាស្ថាន​តេ​ជោ​សែន​សាធារណការ និង​ដឹក​ជញ្ជូ​ន ដែល​បានដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ២២​ ខែ មករា​ ឆ្នាំ​ ២០២១​ និង​បាន​បើក​បវេសនកាល​សិក្សា​កាល​ថ្ងៃទី ១៩ ខែ​មីនាឆ្នាំ​នេះ ដោ​យមាន​និស្សិត​ជំនា​ន់ទី១​ ចំនួន ​១៩១ ​នាក់ ក្នុ​ងនោះនិ​ស្សិត​អាហា​រូបករណ៍​ ១០​០ ភាគ​រយ មានចំនួ​ន ៣៩ នាក់ និង​និស្សិត​អាហារូ​បករណ៍ ​៥០​ ភាគ​រយ ​ចំនួន​ ៥៥​ នាក់​៕​

អត្ថបទគួរចាប់អារម្មណ៍