ភ្នំពេញៈ​ ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​រៀបចំ​បញ្ជូន​សំណើ​ស្នើ​សុំ​បើក​សាលា​រៀន​ឡើង​វិញ​ទាំងស្រុង និង​សេចក្តីព្រាង ​នៃ​សេចក្ដីណែនាំ​ ស្តីពី​ការបង្រៀន​ និង​រៀន​តាមបែប​ចម្រុះ​ សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន ​ឆ្នាំ​សិក្សា ២០២០-២០២១ ទៅ​លោក អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​ នៃ​គណ:កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​និង​សម្រេច។

ការ​រៀប​ចំ​បញ្ជូន​សំណើរ​នេះ​ធ្វើ​ឡើង ក្រោយ​​ពី​​ក្រសួ​ង​អប់​រំ បាន​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រឹះស្ថានសិក្សា​ឯកជន​ នៅ​ថ្ងៃ​ទី​ ២៣​ ខែ​មិថុនា​នេះ​ ​លើ​សំណើសុំ​បើក​សាលា​រៀន​ឡើងវិញ។​​

លោក រស់ សុ​វាចា អ្នក​​នាំពាក្យ​ក្រសួង​អប់រំ បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​​ថា នៅ​ថ្ងៃ​ទី​ ២៣ ​ខែ​មិថុនា ក្រសួង​អប់រំ​ បាន​ជួប​ផ្នែក​ឯកជន​ តាម​ប្រព័ន្ធ​អន​ឡាញ។ ជំនួប​នេះ​ ប្រព្រឹត្តិ​ទៅ​ បន្ទាប់ពី​ផ្នែក​ឯកជន​ បានដាក់​លិខិត​ចុះ​ថ្ងៃ​១៦មិថុនា​២០​២១ ស្នើសុំ​ជួប​ក្រសួង​អប់រំ​ ដើម្បី​ពិភាក្សា​ ករណី​ស្នើសុំ​បើក​សាលា​ឡើងវិញ​ រួមទាំង​ករណី​ពាក់ព័ន្ធ។

លោក​បាន​ថ្លែងថា៖ «ក្រសួង​អប់រំ ​រក្សា​ជំហរ​បន្ត​ផ្អាក​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ នៅ​ទូទាំងប្រទេស​រហូត​ដល់​​មានការ​ជូនដំណឹង​ជាថ្មី»។

លោក សុ​វាចា បញ្ជាក់ថា៖ «ទន្ទឹមនឹងនេះ​ ក្រសួង​អប់រំ​ នឹង​រៀបចំ​បញ្ជូន​សំណើ​ទាំងស្រុង ​របស់​ផ្នែក​ឯកជន ​និង​សេចក្តី​ព្រាង​​នៃ​សេចក្តីណែនាំ​ ស្តីពី​ការបង្រៀន ​និង​រៀន​តាមបែប​ចម្រុះ ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន គោរព​ជូន​ឯកឧត្តម​ អគ្គបណ្ឌិត​សភាចា​រ្យ ​អូន​ព័ន្ធ មុនីរ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​នៃ​គណ:កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ១៩​ដើម្បី​ពិនិត្យ​និង​សម្រេច»។

លោក​បាន​បន្តថា ចំពោះមុខ​នេះ​ គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន ​ត្រូវ​បន្ត​ការបង្រៀន ​និង​រៀន​ពី​ចម្ងាយ​និង​តាម​អន​ឡាញ​ ស្រប​នឹង​គន្លង​ជីវិត​ថ្មី​ នៃ​វិស័យ​អប់រំ។

លោក សុ​វាចា បញ្ជាក់ថា ក្រសួង​អប់រំ​ ស្វាគមន៍​និង​ថ្លែងអំណរគុណ ​ចំពោះ​កិច្ចសហការ​ណ៍​ ពី​សំណាក់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ​ដៃគូរ​អភិវឌ្ឍន៍​ វិស័យ​ឯកជន​ ជាពិសេស​មាតាបិតា​សិស្ស-និស្សិត​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងការ​ចូលរួម​ចំណែក​លើកកម្ពស់​គុណភាព​អប់រំ ​សម្រាប់​អ្នកសិក្សា​មុន​និង​ក្នុង​បរិបទ​កូ​វីដ ១៩។

តំណាង និង​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​អប់រំ​ឯកជន​នានា សង្ឃឹមថា លោក អូន​ ព័ន្ធមុនីរ័ត្ន​ នឹង​យោគយល់​ពី​ទុក្ខ​​លំបាក​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​បិទទ្វារ និង​ការប៉ះពាល់​ដល់​ការអប់រំ​ របស់​សិស្ស​ទូ​ទាំង​ប្រទេស នឹង​អនុញ្ញាតឱ្យ​បើក​សាលារៀន​ឡើងវិញ តាមរយៈ​ការសិក្សា​តាមបែប​ចម្រុះ​សម្រាប់​គ្រឹះស្ថានសិក្សា​ឯកជន។

លោក ហេង វ៉ាន់ដា នាយក​វិទ្យាស្ថាន​វ៉ាន់ដា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​ថ្លែង​ថា​ លោក​រដ្ឋមន្ដ្រី ក្រសួង​អប់រំ បាន​យល់​ពី​ទុក្ខលំបាក​របស់​គ្រឹះស្ថានសិក្សា​ឯកជន និង​បាន​ខិតខំ​​ស្វែង​រក​វិធីសាស្ដ្រ​គ្រប់បែបយ៉ាង ​ដើម្បី​អាច​ធ្វើ​ឱ្យ​គ្រឹះស្ថានសិក្សា​ឯក​ជន ឱ្យ​អាច​បន្ត​និរន្តរភាព​ទៅមុខទៀត​បាន។

ប៉ុន្ដែ​ដោយសារតែ​ស្ថានភាព ការរីក​រាលដាល​ជំងឺ​​កូ​វីដ ១៩ ក្រសួង​អប់រំ​មិន​អាចមាន​សិទ្ធិ​ក្នុងការ​សម្រេច​ចិ​ត្ដ​តែឯង​ក្នុងការ​អនុញ្ញាតឱ្យ​បើក​សាលារៀន​ឡើង​​វិញ​បាន​​ទេ។

លោក​ថ្លែងថា៖ «យើង​ពិតជា​ស្រ​ណោះ​​ណាស់ ពេល​ចូល​ទៅដល់​សាលារៀន ឬ​សាកលវិទ្យាល័យ មាន​ភាពស្ងាត់ជ្រងំ​ជិត ២ ឆ្នាំ​ហើយ។ ឃើញ​ស្ថានភាព​នេះ​ យើង​ស្ទើ​តែ​គ្មាន​កម្លាំង​ឈាន​ជើង​ចូលក្នុង​សាលារៀន​ទេ។ យើង​មិនអាច​បន្ត​ឱ្យ​ស្ថានភាព​នៅតែ​បែបនេះ​ទៀត​បានទេ បើ​មិន​ដូច្នេះ​ទេ សាលារៀន​ នឹងត្រូវ​បិទទ្វារ​បញ្ឈប់​សកម្មភាព»។

លោក​លើក​ឡើង​ថា​៖ «ឥឡូវស្ងាត់ៗ ជិត​ដល់​ថ្ងៃ​បើកប្រាក់​ខែ​ដល់​បុគ្គលិក​ទៀតហើយ ក្នុង​ ១ ខែៗត្រូវ​ចំណាយ ២០ ម៉ឺន​ដុល្លារ​ តើ​ឱ្យទៅ​រកប្រាក់​ឯណា​មក​ទប់»។

លោក ប៉ិច បូ​ឡែ​ន ប្រធាន​ក្រុមប្រឹក្សាភិបាល​ សហព័ន្ធ​សេវា​អប់រំ​ នៅ​កម្ពុជា​ថ្លែងថា ជា​គោល​គំនិត ក្រសួង​អប់រំ និង​គ្រឹះស្ថានសិក្សា​ឯកជន​ បាន​ឯកភាពគ្នា​ លើកសំណើរ​ទៅ​លោក អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​និង​ជា​ប្រធាន​គណៈ​ប្រចាំការ ​នៃ​គណ:កម្ម​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ ដើម្បី​ពិនិត្យ​និង​សម្រេច។

លោក​​បញ្ជាក់​ថា៖ «គ្រឹះ​ស្ថាន​សិក្សា​ឯកជន ​បាន​ស្នើសុំ​ដល់​ឯកឧត្ដម អូន​ ព័ន្ធមុនីរ័ត្ន ពិនិត្យ​លទ្ធភាព ​អាចឱ្យ​គ្រឹះស្ថានសិក្សា​ឯកជន អាច​បើក​ដំណើការ​សាលារៀន​ឡើងវិញ​ តាម​វិធីសាស្ដ្រ​សិក្សា​តាមបែប​ចម្រុះ ក្នុងនោះ​មានការ​រៀន​តាម​អន​ឡាញ​ខ្លះ និង​ពិនិត្យ​លទ្ធភាព ​ឱ្យ​សិស្ស​រៀន​នៅក្នុង​សាលា​ខ្លះ»៕

វីដេអូ៖