ភ្នំពេញៈ ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស​លោក​ ដូមីនិក រ៉ាអាប់ (Dominic Raab) ​បញ្ជាក់​ជំហរ​ជួយ​កម្ពុជា​ក្នុង​ការអភិរក្ស​ធនធាន​ធម្មជាតិ ហើយ​ប្រទេស​ទាំង​ ២ ​ក៏​ប្តេជ្ញា​បន្ត ពង្រីក​នូវ​ទំនាក់ទំនង​ទ្វេភាគី​ និង​កិច្ចសហប្រតិបត្តិការ​ ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំង​ ២ ខណៈ​អង់គ្លេស​ក៏​រង់ចាំ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។

ការបញ្ជាក់​ជំហរ​បែប​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​ សាយ សំអាល់ រដ្ឋមន្ត្រី​បរិស្ថាន និង​លោក​ រ៉ាអាប់ នៅ​ថ្ងៃទី​ ២៣ មិថុនា នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា​ ដើម្បី​ជំរុញ​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ រ៉ាអាប់ ក៏ជួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​ផងដែរ​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃទី​ ២៣ មិថុនា ថា​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំង​ ២ ​លោក ​រ៉ាអាប់ បានបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​នាម​ជា​មិត្តភក្តិ​ និង​ដៃគូ​។

លោក​ ភក្ត្រា ថ្លែងថា​៖ «[​ភាគី​ទាំង​ ២] បានលើកឡើង​ពី​វិស័យ​បរិស្ថាន​ដូចជា​ការប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ ការចូលរួម​របស់​កម្ពុជា​ក្នុង​កិច្ចប្រជុំ COP26 [​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០២១] ​និង​កិច្ចការ​អាទិភាព​នានា​ដែល​ប្រទេស​ទាំង​ ២ ​នឹង​ធ្វើ​រួមគ្នា​។ ការអភិរក្ស​ធនធាន​ធម្មជាតិ​ជីវចម្រុះ​។ ការប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សត្វព្រៃ​ឆ្លងដែន និង​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​ជាដើម​»​។

បើតាម​លោក​ ភក្ត្រា លោក​ Dominic Raab បាន​ថ្លែងថា​កិច្ចសហប្រតិបត្តិការ​មិត្តភាព​ និង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា​គឺ​ល្អ ដោយ​លោក​បាន​អបអរសាទរ​ចំពោះ​ដំណើរការ​អភិវឌ្ឍ​ដែល​កម្ពុជា​សម្រេចបាន​។ លោក​លើកឡើង​ថា តើ​ចក្រភព​អង់គ្លេស​អាច​នឹង​ជួយ​អ្វី​កម្ពុជា​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​កម្ពុជា​កាន់តែ​បន្ត​រីកចម្រើន​ទៅមុខ​។

ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​របស់ខ្លួន​ឡើងវិញ​នៅ​កម្ពុជា​រហូត​មក​ទល់​ពេលនេះ​មាន​រយៈពេល​ ៣០ ​ឆ្នាំ​ហើយ​។

លោក​ ភក្ត្រា បញ្ជាក់ថា លោក​ រ៉ាអាប់ បាន​សង្កត់ធ្ងន់​ពី​ទំនាក់ទំនង​ដ៏ជិតស្និទ្ធ​រវាង​ប្រទេស​ទាំង​ ២ និង​ក៏បាន​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ដែល​កម្ពុជា​សម្រេចបាន​។ ការ​មក​ទស្សនកិច្ច​កម្ពុជា​នៅពេល​នេះ គឺ​ក្នុងនាម​ជា​មិត្តភក្តិ​ និង​ជា​ដៃគូ​ និង​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រទេស​កម្ពុជា និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​បន្ថែម​។

លោក​ សាយ សំអាល់ បាន​ប្រាប់ លោក​ រ៉ាអាប់ អំពី​កិច្ចការ​ដែល​ក្រសួង​បរិស្ថាន​សម្រេចបាន​ក្នុង​កិច្ចការពារបរិស្ថាន និង​ការអភិរក្ស​ធនធាន​ធម្មជាតិ​ផងដែរ​។

លោក​ នេត្រ ភក្ត្រា ថ្លែងថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រី​ សាយ សំអាល់ ​បាន​ជម្រាបជូន​រដ្ឋមន្ត្រី​អង់គ្លេស​ថា អ្វីដែល​ចក្រភព​អង់គ្លេស​អាច​ជួយ​កម្ពុជា​បាន​ក្នុង​វិស័យ​បរិស្ថាន គឺ​ការបណ្តុះបណ្តាល​មនុស្ស​ក្នុង​កិច្ចការ​បរិស្ថាន និង​ធនធាន​ធម្មជាតិ បង្កើន​ភាព​ជា​ដៃគូ​ផ្នែក​ពាណិជ្ជកម្ម និង​ទិញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​»​។

លោក​ សាយ សំអាល់ និង​លោក Dominic Raab​។ហ៊ាន រង្សី

លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃទី​ ២៣ មិថុនា​ថា ក្នុង​ជំនួប​ទ្វេភាគី​នៅ​ថ្ងៃ​ដដែល​នេះ រដ្ឋមន្ត្រី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ របស់​កម្ពុជា ក៏ដូចជា​រិះរក​មធ្យោបាយ​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន និង​ចក្រភព​អង់គ្លេស​។ ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​បន្ត​ធ្វើការ​ជាមួយ​គ្នា​យ៉ាង​ជិតស្និទ្ធ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​តំបន់​ និង​អន្តរជាតិ​ផងដែរ​។

លោក​សរសេរ​ថា​៖ «​យើង​បាន​ចែករំលែក​នូវ​គោលបំណង​រួម​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបត្តិការ​នៅលើ​វិស័យ​មួយ​ចំនួន​សម្រាប់​ផលប្រយោជន៍​ទៅវិញ​ទៅមក​»​។

ក្រោយ​ជួប​លោក​ ប្រាក់ សុខុន លោក​ រ៉ាអាប់ សរសេរ​លើ Twitter របស់លោក​ថា​៖ «​រីករាយ​ដែល​បាន​ជួប​ជាមួយ​ឯកឧត្តម​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស ដើម្បី​ពិភាក្សា​អំពី​អាទិភាព​រួម​របស់​យើង​ដូចជា ពាណិជ្ជកម្ម​សិទ្ធិមនុស្ស និង​មីយ៉ាន់ម៉ា​»​។

ស្ថានទូត​អង់គ្លេស​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​នៅ​ថ្ងៃ​ដដែល​ថា ថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អង់គ្លេស​លោក Dominic Raab មាន​សេចក្តី​រីករាយ ដែល​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក​ ប្រាក់ សុខុន ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​រវាង​ចក្រភព​អង់គ្លេស និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ជុំវិញ​អាទិភាព​រួម​ដែល​រួមមាន​ពាណិជ្ជកម្ម​ភាពប្រសើរ​ឡើងវិញ​ពី​ស្ថានភាព​កូវីដ សិទ្ធិមនុស្ស និង​អំពី​ប្រទេស​មីយ៉ាន់ម៉ា​។

ស្ថានទូត​បញ្ជាក់ថា​៖ «​ចក្រភព​អង់គ្លេស​ទន្ទឹង​រង់ចាំ​ក្នុង​ការធ្វើការ​យ៉ាង​ជិតដិត​ជាមួយ​កម្ពុជា​នាពេល​ខាងមុខ​ក្នុង​អំឡុងពេល​ប្រទេស​កម្ពុជា​ជា​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២»​។

ស្ថានទូត​អង់គ្លេស​បាន​សរសេរ​ថា លោក Dominic Raab បាន​ជួប​ជាមួយ​លោក​ សាយ សំអាល់ ដើម្បី​ពិភាក្សា​ពី​មហិច្ឆតា​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា មុន​ការឈាន​មកដល់​នៃ​កិច្ចប្រជុំ​កំពូល​នៃ​ការប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហប្រជាតិ​ (COP26) និង​អាទិភាព​រួម ដូចជា​ធ្វើការ​ឆ្ពោះទៅ​កាន់ការ​កំណត់​ការបំភាយ​ឧស្ម័ន​ត្រឹម​សូន្យ​ (NetZero)​។ ការដាំ​ដើមឈើ​ឡើងវិញ​ក៏ដូចជា​ជីវចម្រុះ និង​ពាណិជ្ជកម្ម​សត្វព្រៃ​ខុសច្បាប់​។

ស្ថានទូត​សរសេរ​ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​ក៏​បាន​សង្កត់ធ្ងន់​លើ​ទំនាក់ទំនង​ដ៏ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ ២ ដែលមាន​រយៈពេល​ ៣០ ​ឆ្នាំ​ចាប់តាំងពី​ចក្រភព​អង់គ្លេស​បាន​បើក​ស្ថានទូត​នៅ​កម្ពុជា​ឡើងវិញ​។ លោក​មាន​សេចក្តី​សោមនស្ស​រីករាយ​ជាមួយ​នឹង​ការរីកចម្រើន​ដែល​ប្រទេស​កម្ពុជា​ទទួលបាន​ពី​ការរីក​លូតលាស់​លើ​អាជីវកម្ម​របស់ខ្លួន​រួមទាំង​ស្តង់ដា​នៃ​ការអប់រំ និង ការថែរក្សា​សុខភាព​»​។

លោក​ គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ មិថុនា​ថា តួនាទី​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​តំណាង​ឱ្យ​អាស៊ាន​។ របៀបវារៈ​ទាំងឡាយ​ដែល​អាច​នឹង​ត្រូវ​បាន​ដាក់ចេញ​ គឺ​ស្ថិត​នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​។ មួយវិញទៀត អង់គ្លេស​ត្រូវ​ស្នើសុំ​នូវ​ដៃគូ​សន្ទនា​ពេញលេញ​របស់​អាស៊ាន ហើយ​ត្រូវ​ដាក់បញ្ចូល​នៅក្នុង​របៀបវារៈ​ឆ្នាំក្រោយ​ដើម្បី​អនុម័ត​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ​ច្បាស់​ហើយ​ថា ការគាំទ្រ​ពី​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ ដើម្បី​ដាក់បញ្ចូល​ការស្នើសុំ​របស់​អង់គ្លេស​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​ហ្នឹង គឺជា​រឿង​មួយ​ដែលមាន​សារៈសំខាន់ ពីព្រោះ​អង់គ្លេស​គាត់​ចង់ឱ្យ​បាន​ជា​ដៃគូ​ស្មើមុខ​ស្មើមាត់​ដូចគ្នា​នឹង​ជប៉ុន ដូចគ្នា​នឹង​កូរ៉េខាងត្បូង ដូចគ្នា​នឹង​ចិន ក៏ដូចជា​សហរដ្ឋអាមេរិក ដែល​គេ​មាន​ជា​ដៃគូ​សន្ទនា​អាស៊ាន​បូក​។ អ៊ីចឹង​គាត់​ចង់បាន​ឋានៈ​ហ្នឹង​ដែរ​»​។

លោក​ គិន ភា បាន​ថ្លែងថា ប្រទេស​មហាអំណាច​ទាំងអស់ ភាគច្រើន​ចង់​បាន​ឋានៈ​របស់ខ្លួន​មួយ​ជាមួយ​អាស៊ាន ដើម្បី​ឱ្យមាន​តុល្យភាព​ដែល​អាច​ជា​ការប្រជែង​ឥទ្ធិពល​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំងអស់​ក្នុង​អាស៊ាន​៕