ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក​ ខៀវ កាញារីទ្ធ គាំទ្រ​អង្គការ មូលនិធិ​បង្ការ​របួស​អាស៊ី​ (AIP) ​ប្រចាំ​ប្រទេស​កម្ពុជា ​ក្នុងការ​ជំរុញ​ការប្តូរ​រថយន្ត​ដឹក​កម្មករ​និយោជិត មកជា​រថយន្ត​មាន​សុវត្ថិភាព និង​ផ្តល់​មួកសុវត្ថិភាព​ដោយ​ឥត​គិតថ្លៃ​ដល់​កម្មករ ដែល​ធ្វើដំណើរ​តាម​ម៉ូតូ និង​ស្នើ​អ្នកសារព័ត៌មាន ផ្សព្វផ្សាយ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​។

លោក​ ខៀវ កាញារីទ្ធ ថ្លែង​គាំទ្រ​បែបនេះ ខណៈ​ក្រុមការងារ​របស់​អង្គការ AIP ចូលជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​អំពី​ការលើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា ជាពិសេស​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​បង្កើន​សុវត្ថិភាព​ចរាចរណ៍​របស់​កម្មករ​និយោជិត​កម្ពុជា​កាលពី​ថ្ងៃទី​ ២២ មិថុនា នៅ​ក្រសួង​ព័ត៌មាន​។

លោក​រដ្ឋមន្ត្រី​ថ្លែងថា​៖ «​ក្រសួង​ព័ត៌មាន​ផ្តល់​ការគាំទ្រ​ដល់​អង្គការ AIP ក្នុង​ការរៀបចំ​ឱ្យ​មាន​ជា​វគ្គបណ្តុះបណ្តាល​ដល់​អ្នក​សារព័ត៌មាន ដើម្បី​បង្កើន​ការយល់ដឹង​ក្នុង​ចំណោម​អ្នកសារព័ត៌មាន​សម្រាប់​ធ្វើការ​រាយការណ៍​ព័ត៌មាន​ឱ្យបាន​កាន់តែ​ល្អប្រសើរ និង​ជំរុញ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ដល់​កម្មករ​និយោជិត​នៅ​កម្ពុជា​»​។

លោក​ ខៀវ កាញារីទ្ធ ថ្លែងថា ការបណ្ដុះបណ្ដាល​ដល់​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ក៏ត្រូវ​ដាក់បញ្ចូល​ការប្រកួតប្រជែង ជ្រើសរើស​អត្ថបទ​អត្ថាធិប្បាយ​ផ្សព្វផ្សាយ​ និង​សកម្មភាព​ការងារ​នានា​ក្នុងចំណោម​អ្នកសារព័ត៌មាន ដើម្បី​ជា​ការលើក​ទឹកចិត្ដ​ និង​ជំរុញ​ការផ្សព្វផ្សាយ​នេះ​ផងដែរ​។

បើតាម​លោក​រដ្ឋមន្ត្រី តាមរយៈ​កិច្ចការងារ​របស់​អង្គការ AIP គឺ​ក្រសួង​ព័ត៌មាន​នឹងធ្វើ​កិច្ចសហការ​ក្នុង​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។ ក្រសួង​លើក​ទឹកចិត្ដ​ឱ្យ​មាន​ជា​កម្មវិធី​វេទិកា​តុមូល​ផ្សាយ​នៅ​ទូរទស្សន៍​ជាតិ​កម្ពុជា​ ដើម្បី​រួមគ្នា​បង្កើន​ការយល់ដឹង​ពី​បញ្ហា​ចរាចរណ៍ ដើម្បី​ចូលរួម​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​របស់​កម្មករ​និយោជិត​ទាំងអស់​នៅ​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​ណែនាំ​ឱ្យមាន​ការបង្កើត​នូវ​គម្រោង​សាកល្បង​ធ្វើជា​រថយន្ត​ដឹក​កម្មករ​គំរូ​តាមរយៈ​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែល​ធ្វើឡើង​នៅ​តំបន់ ឬ​ខេត្ត​ណាមួយ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​មកលើ​កម្មករ​នៅតាម​ផ្លូវ​ចូល​ និង​ចេញពី​រោងចក្រ​។ រថយន្ត​គំរូ​នោះ​ធ្វើយ៉ាងណា​ឱ្យ​កម្មករ​បាន​យល់​ពី​ភាពចាំបាច់​ក្នុង​ការជិះ​រថយន្ត​ដែលមាន​សុវត្ថិភាព​។

លោក​ ខៀវ កាញារីទ្ធ ក៏បាន​ជំរុញ​អង្គការ AIP ធ្វើយ៉ាងណា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​បញ្ជ្រាប​ឱ្យដល់​កុមារ​។ លោក​ថ្លែងថា បើសិន​ជា​មានការបណ្តុះបណ្តាល​តាំងពី​កុមារភាព គឺ​ក្មេងៗ​អាច​ចងចាំ​បាន​ល្អ​ និង​ទទួលយកបាន​។ នៅពេល​កុមារ​ធំ​ពេញវ័យ​គ្រប់​អាយុ​បើកបរ​នឹង​បើកបរ​ដោយ​ឥរិយាបថ​ល្អប្រសើរ​ និង​មាន​សុជីវធម៌​។

លោក​បញ្ជាក់ថា​៖ «​ត្រូវ​ធ្វើការ​ជំរុញ​ដល់​ការងារ​ផ្សព្វផ្សាយ​តាមរបៀប​មាន​ភាពទាក់ទាញ​ដូចជា​តាមរយៈ​គំនូរជីវចល​ជា​ប្រភេទ​តុក្កតា​ដែល​ជា​វិធី​មួយ​អាចជួយ​ឱ្យមាន​ការយល់ដឹង​នៅក្នុង​ស្រទាប់​កុមារ​។ ពិសេស​បង្កើត​ឱ្យ​មាន​កម្មវិធី​ប្រកួតប្រជែង​រវាង​កុមារ និង​ក្រុម​គោលដៅ​ដែល​មាន ដើម្បីឱ្យ​កុមារ​បាន​បញ្ចេញ​ជា​គំនិត យោបល់​ផ្សេងៗ​ដែល​ខ្លួន​មាន​»​។

លោក​ គឹម បញ្ញា នាយក​អង្គការ AIP ប្រចាំ​ប្រទេស​កម្ពុជា​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី និង​ក្រសួង​ព័ត៌មាន​ដែល​បាន​គាំទ្រ​កិច្ចខិតខំ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា និង​សកម្មភាព ការងារ​របស់​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​នាពេល​កន្លងមក​។

លោក​ថា​៖ «​ខ្ញុំ​បាន​គោរព​ស្នើសុំ​នូវ​ការគាំទ្រ និង​អនុសាសន៍​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​អំពី​សកម្មភាព ដែល​នឹង​ជួយ​ឱ្យ​កិច្ចខិតខំ​ដើម្បី​ជំរុញ​ការប្តូរ​រថយន្ត​ដឹក​កម្មករនិយោជិត​មក​ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​ប្រសើរ​ជាង​ និង​ការផ្តល់​មួកសុវត្ថិភាព​ដោយ​ឥតគិតថ្លៃ​ដល់​កម្មករនិយោជិត​ដែល​ធ្វើដំណើរ តាម​ម៉ូតូ​អាច​ឈាន​ទៅ​សម្រេចបាន​ ជាពិសេស​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​អ្នក​សារព័ត៌មាន​»៕