ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ UNDP ​បាន​ធ្វើការ​ប៉ាន់ប្រមាណ​ឡើងវិញ​ពី​ការខាតបង់​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា​ជា​លើក​ទី​១ ​ក្នុង​រយៈពេល ១០ ​ឆ្នាំនេះ ហើយ​បាន​រកឃើញថា​មាន​ការខាតបង់​ថវិកា​ចំនួន ៤៦៦,៨ ​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០១៩ ស្មើនឹង ១,៧ ​ភាគរយ​នៃ​ផលិតផល​សរុប​ប្រចាំឆ្នាំ​ (​ផលិតផល​ជាតិ​សរុប​ប្រចាំឆ្នាំ​ ២០១៩ ​មាន​ជាង​​ ២៧,៥០ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ UNDP នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​។ ក្នុងចំណោម​ការខាតបង់​សរុប​ ៨៨,៨% ជា​ការខាតបង់ ដោយសារ​ការបាត់បង់​ជីវិត និង​ការបាត់បង់​ប្រាក់​ចំណូល ដែល​ជនរងគ្រោះ​អាច​រកបាន​ពេញ​ ១ ​ជីវិត​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ UNDP ​បានរួម​គ្នា​ប្រកាស​ផ្សព្វផ្សាយ​នូវ​របាយការណ៍​ថ្មី​មួយ​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា និង​ការខាតបង់​សេដ្ឋកិច្ច​ដែល​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ទាំងនេះ ដោយ​ប្រើប្រាស់​ទិន្នន័យ​ឆ្នាំ ២០១៩ ដែល​បាន​ពី​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍ (RCVIS)​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឱ្យ​ដឹងថា ចំនួន​ករណី​បាត់បង់​ជីវិត​ដែល​បង្កឡើង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ មាន​ការកើនឡើង​ជិត​ ២៥% ក្នុង​រយៈពេល​ពី​ឆ្នាំ​ ២០០៩ ​ដល់​ ២០១៩ ពោលគឺ​ខ្ពស់ជាង​អត្រា​កំណើន​ប្រជាជន ដែល​ស្មើនឹង ១៧% សម្រាប់​រយៈពេល​ដូចគ្នា​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់ថា​៖ «​អ្នក​បាត់បង់​ជីវិត ៣ ​ភាគ​ ៤ គឺជា​អ្នកបើក​ទោចក្រយានយន្ត បន្ទាប់មក​ថ្មើរជើង អ្នក​ប្រើប្រាស់​រថយន្ត​គ្រួសារ និង​អ្នកប្រើប្រាស់​យានយន្ត​ដឹកទំនិញ​។ ក្នុង​ចំណោម​យានយន្ត​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​ដែល​បាន​ចុះបញ្ជី​មាន​ជាង​ ៨០% គឺជា​ទោចក្រយានយន្ត​។ ករណី​បាត់បង់​ជីវិត ភាគច្រើន​កើតឡើង​នៅ​តាម​ផ្លូវជាតិ និង​នៅក្នុង​រាជធានី​»​។

នៅពេលដែល​គេ​ធ្វើការ​វាយតម្លៃ​លើ​ករណី​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឥរិយាបថ​របស់​អ្នកប្រើប្រាស់​ផ្លូវ គឺជា​កត្តា​ចម្បង​ក្នុង​នោះ​កត្តា​ចំនួន​ ៤ ដែល​បង្កឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នាំឱ្យ​មាន​ការបាត់បង់​ជីវិត ដូចជា​៖ ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ការបើកបរ​ល្បឿន​លឿន ការមិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​។ កំហុស​របស់​មនុស្ស​រួមចំណែក​នាំឱ្យ​មាន​គ្រោះថ្នាក់​ប្រមាណ ៩៨% ហើយ​គ្រោះថ្នាក់​ ១៦% នាំឱ្យ​មាន​ការបាត់បង់​ជីវិត​។

ករណី​បាត់បង់​ជីវិត​ជាង ៨០% កើតឡើង​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្ដង​។ ជនរងគ្រោះ​ត្រឹមតែ ៣៥% តែប៉ុណ្ណោះ ដែល​បានទទួល​សេវា​សង្គ្រោះ​បឋម ដែល​ថយចុះ ២៤% ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លើសពីនេះ មាន​ជនរងគ្រោះ​ត្រឹមតែ ១០% តែប៉ុណ្ណោះ ដែល​បាន​ទៅដល់​មន្ទីរពេទ្យ​ក្រោម ៣០ ​នាទី ខណៈ​ពេល​ដែល​ជនរងគ្រោះ​ភាគច្រើន​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​យ៉ាងហោច​ណាស់ ១ ​ម៉ោង ក្រោយពេល​រងគ្រោះថ្នាក់​។

លោក Nick Beresford នាយក UNDP ប្រចាំ​កម្ពុជា​បាន​ឱ្យ​ដឹងថា នេះ​ជា​លើក​ទី ១ ដែល​ការវិភាគ​ស៊ីជម្រៅ​បែបនេះ​ត្រូវបាន​ធ្វើឡើង ដោយ​ការប្រើប្រាស់​ប្រព័ន្ធ​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែលមាន​ទំហំ​ធំ​បែបនេះ​។

លោក​ថ្លែងថា​៖ «​ការវិភាគ​នេះ​បាន​ផ្តល់ឱ្យ​យើង​នូវ​ការយល់ដឹង​ស៊ីជម្រៅ ពាក់ព័ន្ធ​នឹង​ករណី​បាត់បង់​ជីវិត​នៅតាម​ដងផ្លូវ​។ វា​មិនមែន​ពាក់ព័ន្ធ​នឹង​ថា​តើ​ជនរងគ្រោះ​ជា​ជន​វ័យក្មេង ឬ​ជា​បុរស​នោះឡើយ ប៉ុន្តែ​វា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង គ្រឿងញៀន ការមិន​គោរព​ច្បាប់​ចរាចរណ៍ និង​ការប្រើប្រាស់​ទូរស័ព្ទ​ពេល​បើកបរ​»​។ «​ជារួម ករណី​បាត់បង់​ជីវិត​តាម​ដងផ្លូវ​នេះ ពាក់ព័ន្ធ​នឹង​ឥរិយាបថ​របស់​អ្នកបើកបរ​ដែលជា​កត្តា​កំណត់​ពី​ការបាត់បង់​ជីវិត នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​»​។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បានឱ្យដឹង​ដែរ​ថា ជាមួយ​លទ្ធផល​នៃ​ការសិក្សា​អំពី​ការខាតបង់​សេដ្ឋកិច្ច គឺជា​ធាតុ​ចូល​យ៉ាងសំខាន់​សម្រាប់​ការដាក់ចេញ​នូវ​វិធានការ​ស័ក្តិសិទ្ធិ និង​តម្រង់ទិស​គោលនយោបាយ​របស់​រដ្ឋ និង​របស់​អង្គការជាតិ អន្តរជាតិ វិស័យ​ឯកជន ដែល​មាន​សមានចិត្ត​ក្នុង​ការជួយ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​កម្ពុជា​។

លោកស្រី​ថា​៖ «​របាយការណ៍​នេះ កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ​បន្ថែម ដើម្បី​សហការ​រួមចំណែក​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​អ្នកស្លាប់ និង​អ្នករបួស ឆ្លើយតប​សមស្រប​ទៅនឹង​មូលហេតុ ទីតាំង ពេលវេលា និង​ការខាតបង់​សេដ្ឋកិច្ច​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​»៕