ភ្នំពេញៈ ប្រមាណ​ជា​ ១ ​សប្តាហ៍​ទៀត ប្រទេស​កម្ពុជា ​អាច​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ បាន​រហូតដល់​ ៤ ​លាន​នាក់ ហើយ​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​នេះ ក៏​អាច​នឹង​លឿន​ជាង​ផែនការមេ ដែល​បាន​គ្រោងទុក​ប្រសិនបើ​ចំនួន​វ៉ាក់សាំង​មក​ដល់​តាម​ផែនការ​។

នេះ​បើ​តាម​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ.វ.ក.១៩) កាលពី​ថ្ងៃទី​ ២២ ខែមិថុនា ក្នុងពេល​ចុះ​ផ្តល់​បរិក្ខារ​ពេទ្យ​ទៅ​ដល់​ខេត្ត​ចុងក្រោយ​ចំនួន​ ៦ ក្នុងនោះ​មាន​ខេត្ត​ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រតនគិរី និង​មណ្ឌលគិរី​។

លោកស្រី​បាន​ថ្លែងថា​៖ «​ប្រហែល​ជា​ ១ ​សប្តាហ៍​ទៀត យើង​នឹង​មាន​ប្រជាពលរដ្ឋ​ចំនួន​ ៤ ​លាន​នាក់​ទទួលបាន​ការចាក់​វ៉ាក់សាំង​។ វ៉ាក់សាំង​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​ជីវិត​មនុស្ស​។ ចាក់​វ៉ាក់សាំង​នៅពេលនេះ ដើម្បី​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​ និង​អាច​កាត់បន្ថយ​បាន​នូវ​អត្រា​មរណភាព​ ដោយសារ​វីរុស​កូវីដ​ ១៩ ​បាន​»​។

ដំណើរការ​ចាក់​វ៉ាក់សាំង​បាន​លឿន​នេះ គឺជា​ការគិតគូរ​ដ៏ខ្ពង់ខ្ពស់​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នេះ ដើម្បី​រុញច្រាន​ក៏ដូចជា​គាំទ្រ​ទៅដល់​ដំណើរការ​នៃ​ការចាក់​វ៉ាក់សាំង​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា៖ «​ប្រសិនបើ​ការវាយលុក​របស់​វីរុស​កូវីដ​ ១៩ ​លឿន​ហើយ​យើង​ចាក់​វ៉ាក់សាំង​មិនបាន​លឿន នោះ​វា​មិន​ស៊ីគ្នា​ទេ ដូចនេះ​យើង​ត្រូវ​ធ្វើយ៉ាងណា​ដើម្បីឱ្យ​ការចាក់​វ៉ាក់សាំង​របស់​យើង​ឱ្យបាន​លឿន​ដែរ​»​។

ជាមួយ​គ្នា​នេះដែរ​លោកស្រី​ក៏​បានឱ្យ​អាជ្ញាធរ​មូលដ្ឋាន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​រួចរាល់​ជាស្រេច​ថ្វីដ្បិតតែ​វ៉ាក់សាំង​មិនទាន់​មកដល់ ប៉ុន្តែ​វា​នឹង​មកដល់​នៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ដូចនេះ​ការត្រៀម​លក្ខណៈ​ឱ្យ​រួចរាល់​ជាស្រេច ជាពិសេស​ការធ្វើ​សម្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​គឺ​ត្រូវតែ​ធ្វើឱ្យ​បាន​រួចរាល់ ឱ្យ​មាន​ភាពជាក់លាក់ ពិសេស​ចំនួន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​របស់ខ្លួន​ក៏ដូចជា​តាម​ស្រុក តាម​ទីប្រជុំជន ហើយ​និង​ចំនួន​កម្មករ កម្មការិនី​ឱ្យបាន​ច្បាស់លាស់​។

លោកស្រី​មានប្រសាសន៍​ថា៖ «​យើង​បាន​ចែក​ទម្រង់​ឯកសារ​ទៅដល់​បណ្តា​រាជធានី-ខេត្ត​ទាំងអស់​រួចហើយ​ជូនទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​កំណត់​ពី​ចំនួន​អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ដើម្បី​មាន​ជា​មូលដ្ឋាន​នៅក្នុង​ការផ្តល់​វ៉ាក់សាំង​ឱ្យចំ​គោលដៅ​»​។

ប្រសិន​បើ​វ៉ាក់សាំង​បាន​មក​ដល់​តាម​ផែនការ​ដែល​បាន​គ្រោងទុក «​យើង​រំពឹងថា ការចាក់​វ៉ាក់សាំង​របស់​យើង​នឹង​អាច​បញ្ចប់​បាន​នៅមុន​ដំណាច់ឆ្នាំ​ ២០២១ ​នេះ ដែល​វា​នឹង​អាច​លឿន​ជាង​អ្វីដែល​យើង​បានគិត​នៅក្នុង​ផែនការមេ ដែល​កាលនោះ​យើង​អាច​គិតថា វា​នឹង​អាច​ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២២»​។

មួយវិញទៀត លោកស្រី​បាន​លើកឡើង​ដែរ​ថាបើ​ទោះបី​ជា​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ផែនការ​នៅ​ទូទាំង​ខេត្ត​រាជធានី​អស់​ក៏ដោយ ក៏​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នេះ​នឹង​រក្សាទុក​នូវ​ទីតាំង​ណាមួយ​នៅ​គ្រប់​រាជធានី​ខេត្ត ដើម្បីឱ្យ​ពលរដ្ឋ​ណា​ដែល​មិនទាន់​បាន​ចាក់​អាចមក​ចាក់​បាន​។ «​យើង​ឈរ​នៅលើ​គោលនយោបាយ និង​ការគិតគូរ​របស់​សម្តេច​នាយករដ្ឋមន្ត្រី គឺ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​មិនបាន​ចាក់​វ៉ាក់សាំង​នោះទេ ហើយ​ការចាក់​នេះ យើង​ចាក់​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ជនបរទេស​ដែល​រស់នៅ​ដោយ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា​»​។

លោកស្រី​បាន​ធ្វើការ​ផ្តាំផ្ញើ​ក៏ដូចជា​អំពាវនាវ​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​មន្ទីរ​សុខាភិបាល​តាម​បណ្តា​ខេត្ត​ទាំងអស់ ត្រៀមលក្ខណៈ​រួចរាល់​ជាស្រេច ហើយ​ប្រកាន់​យក​នូវ​គោលជំហរ​ធ្វើយ៉ាងណា ឱ្យ​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន ប្រើប្រាស់​ឱ្យអស់​លទ្ធភាព​នូវ​ក្រុមគ្រូពេទ្យ​ដែល​ខ្លួន​មាន​នៅក្នុង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះហើយ​ ប្រសិន​បើ​ខ្វះខាត​នូវ​ក្រុមគ្រូពេទ្យ​តាម​ខេត្ត​នីមួយៗ​ត្រូវធ្វើ​សំណើ​មក គ.វ.ក.១៩ ដើម្បី​បញ្ជូន​ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​ ដើម្បី​រុញច្រាន​ការចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន​។

អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា ដោយបាន​បញ្ជាក់​ផងដែរ​ថា ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​នៅពេល​ដល់​វេន​អ្នក ដោយ​មិន​ត្រូវ​ខកខាន​ឱកាស​ដែល​ជួយ​ជីវិត​របស់​អ្នក​នោះទេ​។ អង្គការ​នេះ​បញ្ជាក់ថា៖ «​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ​ ១៩ ជា​មធ្យោបាយ​ដ៏មាន​អានុភាព​មួយ​ក្នុង​ការការពារ​មិនឱ្យ​ឈឺធ្ងន់ធ្ងរ កាត់បន្ថយ​ការសម្រាក​ពេទ្យ និង​ជួយសង្គ្រោះ​ជីវិត ប៉ុន្តែ​វ៉ាក់សាំង​តែ​ ១ ​មុខ មិនអាច​បញ្ចប់​ការរាតត្បាត​បានទេ ហើយ​យើង​ត្រូវតែ​បន្ត​អនុវត្ត​វិធាន​សុខភាព​សាធារណៈ​ និង​សង្គម​ដទៃទៀត​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ២២ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៣,៥ ​លាន​នាក់​ហើយ​ ឬ​ស្មើនឹង ៣៥,១៨% ​នៃ​ចំនួន​ធៀប​នឹង​ប្រជាពលរដ្ឋ​ ១០ ​លាន​នាក់​៕