ភ្នំពេញៈ ក្រោយពី​មាន​ករណី​ពុល​ស្រាស និង​ស្រាថ្នាំ ក្នុង​រយៈពេល​ ២ ​ខែ​ចុង​ក្រោយនេះ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ (​អ.ក.ប.ប) បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ និង​ស្រាវជ្រាវ ប្រមូល​យក​គំរូ​ស្រាស និង​ស្រាថ្នាំ​នៅ​ទូទាំង​ប្រទេស​មក​ធ្វើ​ពិសោធន៍ ដើម្បី​ទប់ស្កាត់​ការពុល​ស្រា​។

លោក ផាន អូន អគ្គនាយក នៃ អ.ក.ប.ប ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា យុទ្ធនាការ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នេះ​បាន​ធ្វើឡើង​ ក្រោយពី​មាន​ផ្ទុះ​ករណី​ឈឺ និង​ស្លាប់​មនុស្ស​ជាង​ ៣០ ​នាក់​ជា​បន្តបន្ទាប់ ដោយសារ​ការទទួល​ទាន​ស្រា​មាន​សារធាតុ​មេតាណុល កម្រិត​ខ្ពស់​ក្នុង​រយៈពេល​ ២ ​ខែ​មកនេះ​។

លោក​ថា​៖ «​ជាទូទៅ​ផលិតផល ស្រាស ដែល​បិត​ ឬ​ផលិត​តាម​លក្ខណៈ​បច្ចេកទេស ទោះ​តាមបែប​បុរាណ តាម​លក្ខណៈ​គ្រួសារ​ក៏ដោយ ក៏​មិន​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នកទទួលទាន​ដែរ​ ប្រសិនបើ​គ្មាន​ការលាយ​សារធាតុ Methanol នោះទេ​»​។

បើតាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា ដល់​ថ្ងៃទី​ ១៩ ខែមិថុនា ឆ្នាំ​ ២០២១ ​មាន​ពលរដ្ឋ​ចំនួន​ ៣៥ ​នាក់​បាន​ស្លាប់ និង​ជាង​ ១០០ ​នាក់​ទៀត​បាន​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​ពុល​ស្រាស និង​ស្រាថ្នាំ នៅក្នុង​ខេត្ត​ចំនួន​ ៤ រួមមាន ខេត្តកណ្ដាល កំពត ពោធិ៍សាត់ និង​ខេត្តព្រៃវែង​។

អ្នក​ផលិត និង​អ្នកលក់​ចែកចាយ​បន្ត​នូវ​ផលិតផល​ស្រាស និង​ស្រាថ្នាំ ដែលមាន​កម្រិត​សារធាតុ​មេតាណុល​ខ្ពស់​ពី​ ៦ ​ភាគរយ​ដល់​ ១៧ ​ភាគរយ​សរុប​ចំនួន​ ១៦ ​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​បានសម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទ «​ប្រព្រឹត្ត​អំពើ​មិន​សុចរិត​ទាក់ទង​នឹង​ទំនិញ សេវា​ ឬ​ការអះអាង​ដោយ​បំភាន់ មាន​ស្ថាន​ទម្ងន់ទោស​តាម​បញ្ញត្តិ​មាត្រា​ ៤៣ ​នៃ​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​» ដែល​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​រៀល​ដល់​ ១០ ​លាន​រៀល​។

បើតាម​លោក​ ផាន អូន ការចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ការយល់ដឹង​អំពី​គ្រោះថ្នាក់​នៃ​ការទទួលទាន​ស្រាស និង​ស្រាថ្នាំ ដែល​មាន​សារធាតុ​មេតាណុល​កម្រិត​ខ្ពស់​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ប្រមាណ​ ៣ ​សប្ដាហ៍​កន្លងមកនេះ ក្រុម​ការងារ​បាន​ពិនិត្យឃើញ​ថា ស្ទើរតែ​គ្រប់​ទីតាំង​ផលិត​ស្រាស និង​ស្រាថ្នាំ​ទាំងអស់ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ​ហើយ​ការផលិត​ក៏​មិនបាន​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស​ដែរ គឺធ្វើឡើង​តាមរបៀប​ចេះ​ចាំ​តគ្នា​ពី​ឪពុកម្ដាយ និង​ជីដូន​ជីតា​មក​ប៉ុណ្ណោះ​។

លើសពីនេះ នៅតាម​ទីតាំង​ផលិត និង​លក់ដូរ​ស្រាស និង​ស្រាថ្នាំ​មួយចំនួន​មិនមាន​ការសម្អាត​បរិស្ថាន អនាម័យ​នោះទេ​។ «​មកទល់​ពេល​នេះ ខាង​មន្ទីរពិសោធន៍ អ.ក.ប.ប ​ទទួល​បាន​គំរូ​សំណាក​ស្រាស និង​ស្រាថ្នាំ​សរុប​ចំនួន​ ៤៣ ​គំរូ ពី​ខេត្ត​ចំនួន​ ៦ រួមមាន​ខេត្តក្រចេះ ស្វាយរៀង កំពត ប៉ៃលិន សៀមរាប និង​បាត់ដំបង​»៕

វីដេអូ៖